ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជើង​ខ្លាំង​កម្ពុជា2​រូប​ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចំនួន​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចំនួន​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ My TV​ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​Ganzberg Uber Fighters នៅ​ថ្ងៃ​សុក្រ ទី​១៣ តុលា ស្អែក​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជាទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬយ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ​។

អឹុ​ង បូ​រ៉ា មក​ពី​ក្លិប​កុលបុត្រ​កូន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វី​ហ្គោ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ អឹុ​ង បូ​រ៉ា អ្នក​ណា​ក៏​ល្បី​ថា​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ ។ កីឡាករ​កម្ពុជា​រូបនេះ​ធ្លាប់​ប្រកួត​៩៧​ដង ឈ្នះ​៨០​ដង ចាញ់​១៤​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៩​ដង ក្នុង​ពេល​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ប្រកួត​ជាមួយ​ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៥៧​ដង ឈ្នះ​៤៥​ដង ចាញ់​១២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង ។ តាម​រយៈ​ប្រវត្តិ​ប្រកួត​ខាងលើ គេ​មាន​ជំនឿ​ចិត្ត​លើ​អឹុ​ង បូ​រ៉ា ច្រើន​ជាង ព្រោះ​កីឡាករ​រូប​នេះ​មិន​ត្រឹមតែ​ចាស់វស្សា​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មានចិត្ត​សឿង ចលនា​វាយ​ចេញ​ក៏​រហ័សរហួន​ថែម​ទៀត ។ ចាំ​មើល​អឹុ​ង បូ​រ៉ា អាច​យកឈ្នះ​កីឡាករ​ថៃ​បាន​ដោយ​របៀប​ណា?

ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វ៉ាំ​ង​ហ៊ី​ន ឡេ​ក ឡូ​ក​ធុង​វ៉ាំ​ង ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ រវាង​ពុទ្ធ ឆាយ​រិ​ទ្ធី និង​កីឡាករ​ថៃ​ជា​គូប្រកួត​មាន​ប្រវត្តិ​ប្រហាក់ប្រហែលគ្នា ។ ពុទ្ធ ឆាយ​រិ​ទ្ធី ធ្លាប់​ប្រកួត​បាន​៨២​ដង ឈ្នះ​៥៨​ដង ចាញ់​២១​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៧​ដង។ ចំណែក​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦៥​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ គូ​នេះ​ប្រហែលជា​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​បន្តិច​ហើយ ព្រោះ​កន្លង​មក​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ ទោះជា​យ៉ាងណា ពុទ្ធ ឆាយ​រិ​ទ្ធី គឺជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ ។ ដូច្នេះ​មានតែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះអ្នក​ណា​ខ្លាំង​ឬ​ខ្សោយ​គង់តែ​ដឹង​ទេ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ​បាន លី​ម មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​ក្លិប​ពន្លឺ​ណេ​អុង ៕