ចំណុច​សំខាន់​នៃ​ហ្វ្រាំងរថយន្ដ និង​គ្រោះថ្នាក់


រាជធានី​ភ្នំពេញ ៖ ហ្វ្រាំងរថយន្ត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​បញ្ជា​ឱ្យ​រថយន្ត​ឈប់ ជា​ពិសេស នៅ​ពេល​មាន​ហេតុការណ៍​ចៃដន្យ​ប្រថុចញ៉ុច​ណាមួយ​កើតឡើង​នៅ​នឹង​មុខ ។  ការ​ត្រួតពិនិត្យ​ហ្វ្រាំង​ជា​ប្រចាំ គឺជា​កត្តាចាំបាច់​បំផុត​របស់​អ្នកបើកបរ ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​ហ្វ្រាំងរថយន្ត ឬ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​ការ​ជួសជុល​ជាដើម ។

លោក អិន សា​រុំ ជាង​ជំនាញ​ប្រចាំ​ក្រុមហ៊ុន Jaguar Land Rover បានឱ្យ​ដឹង​ថា អ្នកបើកបរ​ទាំងអស់​គួរតែ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ហ្វ្រាំង​ជា​ប្រចាំ ជា​ពិសេស នៅ​រដូវ​ភ្លៀង​ដូច​សព្វ​ថ្ងៃនេះ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​ហ្វ្រាំង​ងាយ​សឹក​រេចរឹល​ខ្លាំង ដែល​អាច​បង្ក​ឱ្យ Disk របស់​កង់​រថយន្ត​ស្លោក ឬ​ខូច ។ មួយវិញទៀត ថ្គាម​ហ្វ្រាំងរថយន្ត ក៏​ជា​ចំណុច​សំខាន់​ដែល​អ្នកបើកបរ​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ព្រោះថា វា​អាច​បង្ក​ឱ្យ​ស្បែក​ហ្វ្រាំង​ឆាប់​សឹក និង​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​ពេល​ថ្គាម​ហ្វ្រាំង​មិន​ដំណើរការ​ត្រឹម​ត្រូវ ។

លោក​ក៏​បាន​បង្ហាញ​ពី​កត្តា​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​បណ្ដាល​មក​ពី​ហ្វ្រាំងរថយន្ត​ផង​ដែរ​ដូច ជា​៖ ១-​វា​បណ្ដាល​ឱ្យ​បែក​កង់​នៅ​ពេល​កំពុង​បើកបរ ព្រោះ​ពេល​រថយន្ត​អស់​ស្បែក​ហ្វ្រាំង វា​ធ្វើ​ឱ្យ​ថ្គាម​ហ្វ្រាំង​កកិត​នឹង Disk រថយន្ត ហើយ​បង្ក​ឱ្យ​មានកំ​ដៅ​នៅ​ក្នុង​កង់​រថយន្ត ។ ២-​វា​បណ្ដាល​ឱ្យ​រថយន្ត​ក្រឡាប់ នៅ​ពេល​ថ្គាម​ហ្វ្រាំង​របស់​កង់​ផ្នែក​ណាមួយ​កៀប​ជាប់​នឹង Disk កង់​រថយន្ត ។ ចំពោះ​រថយន្ត​ដែល​ប្រើ​ហ្វ្រាំង​ដៃ​វិញ វា​បណ្ដាល​ឱ្យ​កង់​រថយន្ត​កៀប​ឬ​គាំង នៅ​ពេល​ហ្វ្រាំង​ដៃ​បែក ឬ​គាំង​ស្បែក​របស់​វា ។

ចំណែក​លោក អៀង សុធា គ្រូបង្រៀន​ផ្នែក​ជួសជុល​រថយន្ត​នៃ​សាលា​ដុន​បូ​ស្កូ ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​បាន​យូរ អ្នកបើកបរ​ត្រូវ​យល់​ដឹង​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ពេល​បើកបរ​លឿន​ហើយ​ត្រូវការ​ឈប់​បន្ទាន់ គឺ​មិន​ត្រូវ​ជាន់​ហ្វ្រាំង​ជាប់​ម្ដងនោះ​ទេ ត្រូវ​ជាន់​ដក​ៗ​ដើម្បី​បន្ថយល្បឿន​ម្ដង​បន្តិច​ៗ ធ្វើ​ដូចនេះ​អាច​ថែរក្សា​ស្បែក​ហ្វ្រាំង​មិនឆាប់​សឹក ។

លោក​បន្ត​ថា អ្នកបើកបរ​អាច​ដឹង​ថា រថយន្ត​នោះ​មាន​បញ្ហា​ប្រព័ន្ធ ដោយសារ​វា​ចេញ​សញ្ញា Break នៅ​លើ​តា​ប្លូ ហើយ​សញ្ញា​នេះ​បង្ហាញ​ចំពោះ​រថយន្ត​ណា​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំងធម្មតា ប៉ុន្តែ​ចំពោះ​រថយន្ត​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង ABS វា​នឹង​ចេញ​សញ្ញា ABS នៅ​លើ​តា​ប្លូ​ដូច​គ្នា ។ នៅ​ពេល​ចេញ​សញ្ញា​នេះ​ហើយ អ្នកបើកបរ​គួរតែ​យក​រថយន្ត​ទៅ​ពិនិត្យ​នៅ​យានដ្ឋាន​ដោយ​កុំ​ប្រថុយ​បើក​ទាំង​មាន​សញ្ញា​ទាំងនេះ ឬ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​មុន ។

លោក ភិន ដេ​ត ម្ចាស់​យានដ្ឋាន​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ​រាជធានី​ភ្នំពេញ ក៏​បានឱ្យ​ដឹង​ដែរ​ថា ពេល​រថយន្ត​បើកបរ​កាត់ទឹក អ្នកបើកបរ​ទាំងអស់​ក៏​គួរ​យល់​ដឹង​ពី​ចំណុច​ការពារ​មួយ​ផង​ដែរ ។ លោក​ថា ៖« ពេល​រថយន្ត​បើក​កាត់ទឹក​ហើយ​ឡើងគោក​វិញ អ្នកបើកបរ​ត្រូវ​តែ​ជាន់​ហ្វ្រាំង ឬ​ធ្វើតេស្ត​ហ្វ្រាំង​ឲ្យ​បាន​ល្អ​សិន​ដើម្បី​ធានា​ថា ហ្វ្រាំងរថយន្ត​ពេល​ត្រូវ​ទឹក​ហើយ​អាច​ប្រើ​បាន​ដែរ​ឬ​អត់ ចៀសវាង​ឡើងគោក​ភ្លាម បន្ថែម​ល្បឿន​ភ្លាម គឺ​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ » ។

លោក​បញ្ជាក់​ថា ៖« ពេល​ខ្លះ ពេល​រថយន្ត​បើក​កាត់ទឹក ធ្វើ​ឲ្យ​ហ្វ្រាំង​វា​រអិល ហើយ​បើសិនជា​មិន​បាន​ធ្វើតេស្ត ឬ​ធ្វើ​ឱ្យ​វា​ស្ងួត មុន​បន្ថែម​ល្បឿន​ទេ​នោះ ពេល​មាន​ឧបសគ្គ​នៅ​ខាង​មុខ ហើយ​ត្រូវ​ជាន់​ហ្វ្រាំង អាច​មិន​ស៊ី ។ ដូចនេះ វា​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​អ្នកបើកបរ និង​អ្នក​ដទៃ​ទៀត​នៅ​លើ​ដងផ្លូវ​បាន » ៕

រថយន្ត

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ