ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថ​ពេល​បើកបរ និង​ចៀសវាង​មាន​ជម្លោះ​នៅ​តាម​ផ្លូវ

6 ឆ្នាំ មុន

យើង​ដឹង​ហើយ​ថា សភាព​ចរាចរណ៍​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង គឺ​មានការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ទាំង​អាកាសធាតុ​ក្តៅ ខណៈ

យើង​ដឹង​ហើយ​ថា សភាព​ចរាចរណ៍​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង គឺ​មានការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ទាំង​អាកាសធាតុ​ក្តៅ ខណៈ​អ្នកបើកបរ​គ្រប់​គ្នា​ប្រញាប់ និង​ចង់ទៅ​ដល់​គោលដៅ​ឲ្យ​ទាន់​ពេលវេលា ។ មាន​កត្តា​ជា​ច្រើន​ដែល​បង្ខំ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ចាប់ផ្តើម​មាន​អាការ «​គ្មាន​អ្នក​ណា​ចុះចាញ់​អ្នក​ណា​» គឺ​ប្រជែង​ទៅ​មុខ​រៀងខ្លួន រហូត​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់ ។
នៅ​ពេល​មាន​គ្រោះថ្នាក់ គឺ​តែង​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​កើតការ​វាយតប់ ហើយ​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត គឺ​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ ឬ​ស្លាប់​បាត់បង់​ជីវិត​ក៏​មាន។ រឿង​ទាស់ទែង​របស់​គូ​ជម្លោះ​ខ្លះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ ដោយ​មានការ​ថត​ជា​វី​ដេ​អូ​ឃ្លី​ប​ក្នុង​បណ្តាញ​សង្គម​ផង​ដែរ ។

យើង​គួរ​ចៀសវាង​មាន​ជម្លោះ​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​រថយន្ត និង​ផ្លូវ យ៉ាង​មាន​ក្តី​សុខ​គ្រប់​អ្នកបើកបរ​ទាំងអស់ ។ ខាងក្រោម​នេះ​ជា​ឥរិយាបថ​ត្រូវ​ប្រកាន់ខ្ជាប់ ខណៈ​ពេល​កំពុង​បើកបរ ៖

១-​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍ និង​បើកបរ​យ៉ាង​មាន​ទឹកចិត្ត ៖
អាច​ថា​មើលទៅ​ស្រួល​និយាយ តែ​ពិបាក​អនុវត្ត ប៉ុន្តែ​យើង​អាច​ចាប់ផ្តើម​ពី​ខ្លួន​យើង​ទៅ​មុន​បាន ។ គោលការណ៍​ងាយស្រួល គឺ​គិតដល់​រថយន្ត និង​សុវត្ថិភាព​របស់​ខ្លួន​យើង​ជា​អាទិភាព ដូច​ជា មិន​បើកបរ​ហួស​ល្បឿន​កំណត់​, មុន​នឹង​ជាន់​ហ្វ្រាំង ត្រូវ​មើល​រថយន្ត​នៅ​ខាង​មុខក្រោយ ហើយ​ជាន់​ហ្វ្រាំង​នៅ​ពេល​សម​ស្រប ។

ការ​បន្ថែម​ល្បឿន គួរ​រក្សា​គម្លាត​ចម្ងាយ​រវាង​រថយន្ត​ដែល​បើកបរ​ខាងក្រោយ​, បើកផ្លូវ​ដល់​រថយន្ត​ដទៃ​ខ្លះ​, ស្គាល់​ពី​ការ​ជៀស​គ្នា​, មិន​បើកបរ​ស្ទាត់​ផ្លូវ​រថយន្ត​ផ្សេង​, មិន​បៀត​បៀន​អ្នក​ដទៃ​, រថយន្ត​ដទៃ​នឹង​មិន​មក​បៀតបៀន​យើង និង​ប្រើ​ស៊ី​ផ្លេ​នៅ​ពេល​ចាំបាច់​ប៉ុណ្ណោះ ។

២-​ចាត់ការ​អារម្មណ៍​ក្រេវក្រោធ ៖
ពិត​ណាស់​ថា ទោះបីជា​យើង​គោរព​តាម​ច្បាប់​ចរាចរណ៍​ក្តី ប៉ុន្តែ​មិន​មាន​ន័យ​ថា អ្នក​ដទៃ​នឹង​ធ្វើ​ដូច​យើង​គ្រប់​គ្នា​នោះ​ទេ ហេតុនេះ​ហើយ បើ​យើង​ត្រូវ​បៀតបៀន​ពី​បុគ្គល​ដែល​ធ្វើ​ខុសច្បាប់ វា​មិន​ប្លែក​ទេ​ដែល​ខឹងសម្បា ប៉ុន្តែ​យើង​ក៏​ចាំបាច់​ត្រូវ​ចាត់ការ​អារម្មណ៍​ខឹង​នេះ ដើម្បី​មិន​ឲ្យ​ផ្ទុះ​រឿងរ៉ាវ​ឈាន​ទៅ​ដល់​ការ​ខាតបង់ ។

បើ​កើតហេតុ​ការណ៍​បែប​នេះ ត្រូវ​ចាប់ផ្តើម​បន្ថយ​កំហឹង​ខ្លួនឯង​ជា​មុន ដោយ​អាច​ដំឡើង​ម៉ាស៊ីនត្រជាក់​ឲ្យ​ត្រជាក់​ជាង​មុន និង​បើក​ចម្រៀង​ស្តាប់​តិច​ៗ ដើម្បី​ផ្តោត​ការ​ចាប់​អារម្មណ៍​របស់​យើង​ឲ្យ​នៅ​ក្នុង​រថយន្ត ។ កុំ​ចាប់អារម្មណ៍​នឹង​គូ​ជម្លោះ ដើម្បី​ទប់​ការ​ផ្ទុះ​កំហឹង រហូត​ធ្វើ​ឲ្យ​យើង​ទៅ​ធ្វើបាប​គូ​ជម្លោះ ។

បន្ទាប់​មក ព្យាយាម​ផ្តោត​ទៅ​លើ​ខ្លួនឯង កុំ​គិត​ថា អ្នក​ណា​បង្ក​មុន ឬ​មិន​ព្រម​ចុះចាញ់​គ្នា ហើយ​រថយន្ត​ថ្លៃ រថយន្ត​ធំ ក៏​មិនមែន​ជា​ប្រធានបទ​ដែរ ប៉ុន្តែ​ចូរ​ផ្តោត​លើ​ចំណុច​គោលដៅ​ដែល​យើង​ចង់ទៅ មិន​គួរ​ខាត​ពេលវេលា​ជាមួយ​ការ​ឈ្លោះ​ទាស់ទែង​គ្នា ដែល​ធ្វើ​ឲ្យ​ខាតបង់​ច្រើន​ជាង​ពេលវេលា ។ បើ​ស្គាល់​ពី​វិធី​ចាត់ការ​អារម្មណ៍​ខឹង នៅ​ពេល​អារម្មណ៍​នោះ​ត្រូវ​ជំរុញ​ពី​អំពើ​អ្នក​ដទៃ ការ​រសាប់រសល់​របស់​យើង​នឹង​ថយ​ចុះ​បាន​លឿន​ផង​ដែរ ។

៣-​មិន​ផឹក​គ្រឿង​ស្រវឹង​ខ្លាំង​ពេក ៖
មុន​នឹង​បើកបរ​យ៉ាង​មាន​សុវត្ថិភាព រឿង​សំខាន់​ដែល​ត្រូវ​មាន គឺ​សតិ ។ ដូច្នេះ គួរតែ​លះបង់​ការ​បើកបរ​ខណៈ​ពេល​ស្រវឹង​ខ្លាំង ព្រោះ​ក្នុង​សភាព​នេះ អ្នក​នឹង​មិន​អាច​បង្ខំ​ខ្លួនឯង​បាន​ទេ គឺ​គ្រឿង​ស្រវឹង​ជាតិ​អាល់កុល​វា​បញ្ចេញ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ប្រសាទ​, កាត់​បន្ថយ​អាការ​ឆ្លើយ​តប​រហ័ស និង​ការ​បញ្ជា​របស់​ខួរក្បាល ហើយ​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រេច​ចិត្តបាន​រហ័ស​ក្នុង​ស្ថានការណ៍​អាសន្ន ។

ហេតុនេះ បើ​ចាំបាច់​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ពិតមែន អ្នក​អាច​ប្រើ​សេវាកម្ម​រថយន្ត​តាក់ស៊ី ឬ​ឲ្យ​ក្រុម​គ្រួសារ​មក​ទទួល​ល្អ​ជាង ដើម្បី​សុវត្ថិភាព​ដល់​ខ្លួន​អ្នក ក៏​ដូច​ជា​អ្នកបើកបរ​តាម​ផ្លូវ​ដទៃ​ទៀត ។

គោលការណ៍​ទាំង​៣​ចំណុច​នេះ គឺ​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​ទៅ​មុន ។ អ្នក​អាច​យក​ទៅ​អនុវត្ត​តាម​ផង​ដែរ ដើម្បី​ឲ្យ​ការ​បើកបរ​របស់​អ្នកមាន​ភាព​ទទួលខុសត្រូវ មាន​សុវត្ថិភាព​គ្រប់ពេលវេលា និង​ទុកចិត្ត​អ្នកបើកបរ​ដូច​គ្នា ៕