ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​អាច​បង្កើត​ទ្វារ​បញ្ជា​ដោយ​ស្មា​ត​ហ្វូ​ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិតជា​អស្ចារ្យ​ណាស់ ដែល​កូន​ខ្មែរ​បច្ចុប្បន្ន​មាន​សមត្ថភាព​បង្កើត និង​ច្នៃប្រឌិត​សម្ភារ​ដោយ​ប្រើ​

រាជធានី​ភ្នំពេញ ៖ ពិតជា​អស្ចារ្យ​ណាស់ ដែល​កូន​ខ្មែរ​បច្ចុប្បន្ន​មាន​សមត្ថភាព​បង្កើត និង​ច្នៃប្រឌិត​សម្ភារ​ដោយ​ប្រើ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក​ដោយ​ខ្លួនឯង មិន​ចាញ់​បណ្ដា​ប្រទេស​ជិតខាង​នោះ​ទេ ។ ជាក់ស្ដែង យុវជន​មួយ​រូប​បាន​បង្កើត​ទ្វារ​ដែក​បញ្ជា​បិទ​បើក​ដោយ​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ជោគជ័យ ។

លោក សឿ​ម សុភា ដែល​មាន​ស្នាដៃ​បង្កើត​ទ្វារ​ប្រើ​ដោយ​បច្ចេកវិទ្យា​នេះ​បាន​រៀបរាប់​ថា លោក​ជា​គ្រូបង្រៀន​នៅ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ស្ថិត​នៅ​ខេត្ត​កែប ។ នៅ​ពេលទំនេរ លោក​តែងតែ​គិត​ថា តើ​ត្រូវ​បង្កើត​អ្វី​ដែល​ថ្មី ប្លែក ហើយ​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ព្រោះ​លោក​យល់​ថា ជា​ធម្មតា អ្នក​ប្រើប្រាស់​តែងតែ​ចង់បាន​អ្វី​ដែល​ងាយស្រួល និង​ឆាប់រហ័ស ។ ដូច្នេះ​ហើយ​អ្នក​ផលិត ក៏​ត្រូវ​រក​អ្វី​ដែល​ថ្មី​ៗ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​គាត់​ដែរ ទើប​លោក​បង្កើត​ទ្វាររបង​ដោយ​បញ្ជា​តាម​ស្មា​ត​ហ្វូ​ន​នេះ​ឡើង ។

លោក​បាន​បន្ដ​ថា ៖«  ការងារ​មួយ​នេះ គឺ​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ច្រើន និង​អត់ធ្មត់ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ពិសេស ត្រូវ​មាន​ថវិកា​គ្រប់គ្រាន់ ព្រោះ​សម្ភារ និង​ឧបករណ៍​ទាំងនោះ គឺ​ទាមទារ​ឲ្យ​យើង​ត្រូវការ​ប្រើ​របស់​ល្អ និង​មានគុណ​ភាព​ខ្ពស់ » ។

លោក​បញ្ជាក់​ថា ៖« Project មួយ​នេះ ខ្ញុំ​បង្កើត​ឡើង​ដើរ​ដោយ​ប្រព័ន្ធ Mai Crow Controller ភ្ជាប់​ជាមួយ​ប្លូ​ធូ (Bluetooth) បញ្ជា​តាម​ស្មា​ត​ហ្វូ​ន​សម្រាប់​បញ្ជា​ទ្វាររបង​ផ្ទះ ក្រុមហ៊ុន ឬ​រោងចក្រ ដែល​យើង​គ្រាន់តែ​បំពាក់​វា​ទៅ​លើ​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ​ជា​ការ​ស្រេច »​។

លោក សឿ​ម សុភា បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ពិត​ទៅ នៅ​សាលា​ជំនាញ​បច្ចេកទេស​នេះ មាន​អ្នក​ផ្សេង​ច្រើន​ណាស់​ដែល​មានគំនិត​បង្កើត​សម្ភារ និង​ឧបករណ៍​ប្រើប្រាស់​បាន​ល្អ​ៗ ដូច​ជា​បង្កើត​ជណ្ដើរយោង​នៅ​តាម​អគារ​ជាដើម ។

នៅ​ក្នុង​ការ​សិក្សា លោក​តែងតែ​ជំរុញ​ឲ្យ​សិស្ស​ជំនាញ​អគ្គិសនី ឬ​អេ​ឡិច​ត្រូ​និក ត្រូវ​មានគំនិត​ច្នៃប្រឌិត​ឲ្យ​បាន​ច្រើន ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អ្វីមួយ​ដោយ​ប្រើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង Smart phone ។

លោក​ថា ៖« កន្លង​មក ខ្ញុំ​បាន​បង្រៀន​កូនសិស្ស​ជា​ច្រើន ក្នុង​ការ​ច្នៃប្រឌិត​នូវ​អ្វី​ដែល​ថ្មី​ៗ និង​កំពុង​ពេញ​និយម​នៅ​លើ​ទីផ្សារ ហើយ​ជំរុញ​សិស្ស​ឲ្យ​ចេះ​ចាប់​យក​ជំនាញ​បច្ចេកទេស​មួយ​នេះ​ដើម្បី​ងាយស្រួល​រក​ការងារ ព្រោះ​ប្រទេស​ជាតិ​កំពុង​ខ្វះ​អ្នកជំនាញ » ។

ចំណែក​អតីត​សិស្សសាលា​ដុន​បូ​ស្កូ មួយ​រូប​បាន​ឲ្យ​ដឹង​ដែរ​ថា សាលា​មួយ​នេះ​មាន​បង្រៀន​មុខ​ជំនាញ​បច្ចេកទេស​ជា​ច្រើន ពិសេស គឺ​ការ​ច្នៃប្រឌិត​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​តម្រូវការ​តាម​ទីផ្សារ ។

លោក វូ​ច ឈាវ អតីត​សិស្ស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នកបច្ចេកទេស​ត្រូវ​មាន​ឧត្តមគតិ​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត​ច្រើន និង​តស៊ូ ដរាបណា​មិន​ទាន់​បាន​ជោគជ័យ តួយ៉ាង លោក​បាន​រៀន​ចេះ​ចប់ និង​បង្កើត​ដោយ​ជោគជ័យ​នូវ​ជណ្ដើរយោង​សម្រាប់​ដំឡើង​នៅ​តាម​អគារ ខុន​ដូ ឬ​ផ្សារ​ទំនើប​ជាដើម ។

លោក​បន្ត​ថា ៖« ពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​ចូល​ឆ្នាំ​ទី​២ គឺ​ខ្ញុំ​ចាប់ផ្ដើម​បង្កើត​វា​តែ​ម្ដង តែ​ទម្រាំ​បាន​ជោគជ័យ គឺ​បរាជ័យ​មិនដឹង​ប៉ុន្មាន​ដង​ទេ តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើ​វា​ទាល់តែ​បាន​សម្រេច​នូវ​គោលបំណង​របស់ខ្ញុំ » ។ លោក​ថា ៖« អ្វី​ដែល​យើង​ធ្វើ​បាន​ដោយ​ខ្លួនឯង គឺជា​ភាព​អស្ចារ្យ​សម្រាប់​យើង » ។

លោក​បន្ដ​ថា ៖« ដំបូង​ឡើយ ខ្ញុំ​គ្មាន​គំនិត បង្កើត​វា​ទេ ដោយសារ​តែ​រៀន​នៅ​សាលា​នេះ​យូរ​ទៅ ក៏​ចាប់អារម្មណ៍​ភ្លាម ព្រោះ​លោកគ្រូ​ក្នុង​ផ្នែក​នេះ​មានការ​ច្នៃ​ធ្វើ​របស់របរ​ជា​ច្រើន របស់​ខ្លះ​សឹងតែ​ថា កូន​ខ្មែរ​យើង​ធ្វើ​មិន​បាន​ផង ដូច​ជា ទ្វាររបង​ដែល​បញ្ជា​ដោយ​ស្មា​ត​ហ្វូ​ន​អីចឹង »​។

ជាមួយ​គ្នា​នេះ លោក វូ​ច ឈាវ បាន​អំពាវនាវ​ដល់​យុវជន​ខ្មែរ​ឲ្យ​ចាប់អារម្មណ៍​នឹង​ជំនាញ​បច្ចេកទេស បើ​បច្ចេកទេស​ល្អ សង្គម​ជាតិ​នឹង​រីក​ចម្រើន និង​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល គួរតែ​យកចិត្តទុកដាក់ ចាប់អារម្មណ៍​នឹង​ជំនាញ​មួយ​នេះ​ផង ព្រោះ​វា​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​យើង​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ៕