របរជួសជុលនាឡិកានៅតែរកចំណូលប្រចាំថ្ងៃបានយ៉ាងស្រួល
រាជធានីភ្នំពេញ ៖ ខណៈដែលមុខរបរមួយចំនួនកំពុងប្រកួតប្រជែងលើទីផ្សារនោះ បច្ចុប្បន្ន
រាជធានីភ្នំពេញ ៖ ខណៈដែលមុខរបរមួយចំនួនកំពុងប្រកួតប្រជែងលើទីផ្សារនោះ បច្ចុប្បន្ន
រាជធានីភ្នំពេញ ៖ ខណៈដែលមុខរបរមួយចំនួនកំពុងប្រកួតប្រជែងលើទីផ្សារនោះ បច្ចុប្បន្ន របរជួសជុលនាឡិកាដៃ ហាក់នៅតែរីករាយនឹងរកប្រាក់ចំណូលប្រចាំថ្ងៃបានយ៉ាងស្រួល បើទោះបីជាបច្ចេកវិទ្យាមួយចំនួនអាចមើលម៉ោងជំនួសនាឡិកាក៏ដោយ ។ ជាក់ស្តែងជាងជុសជុលនាឡិកានៅជិតផ្សារដើមគ បានអះអាងថា គិតជាមធ្យម លោកអាចរកចំណូលបានមិនក្រោម២០ទៅ៣០ដុល្លារទេ ដែលអាចផ្គត់ផ្គង់ការចំណាយប្រចាំគ្រួសារ ហូបចុក ផ្តល់ឱ្យកូនរៀន និងបង់ថ្លៃសាលាឱ្យកូនបានយ៉ាងគ្រប់គ្រាន់ ។
លោក អឹុង ទី ដែលប្រកបរបរនេះជាង២០ឆ្នាំមកហើយនោះអះអាងថា របរជុសជុលនាឡិកានេះ គឺរកលុយបានស្រួលណាស់។ លោកថា ៖« ក្នុង១ថ្ងៃជាមធ្យម ខ្ញុំរកបានមិនក្រោម៣០ដុល្លារទេ ខុសពីរបរតូចៗមួយចំនួន ទម្រាំរកចំណូលបាន៤ឬ៥ម៉ឺនរៀលក្នុង១ថ្ងៃ ត្រូវការទាំងពេលវេលា និងកម្លាំងពលកម្ម » ។
លោកបន្ដថា ជំនាញជុសជុលនាឡិកានេះ លោកបានរៀនពីគ្រូនៅម្តុំផ្សារអូរឫស្សីក្នុងអំឡុងឆ្នាំ១៩៨០ ហើយសព្វថ្ងៃនេះ ជាងនាឡិកាមិនសូវមានច្រើនទេ ព្រោះវាជាមុខរបរត្រូវធ្វើនៅកណ្តាលវាល ត្រូវថ្ងៃ ត្រូវភ្លៀង ហើយភ្នែកមើលច្បាស់ល្អ ខុសពីមុខរបរ ឬជំនាញផ្សេងៗ ប៉ុន្ដែមុខរបរនេះអាចរកចំណូលបានស្រួលណាស់ ពិសេសនៅពេលមានថ្ងៃបុណ្យទានម្តងៗក្រៅពីការជុសជុល ដាក់ថ្ម ប្ដូរខ្សែហើយ គឺមានអ្នកដំណើរមួយចំនួនបានទិញនាឡិកាជូនបងប្អូនទៀតផង ។
លោកបន្ដទៀតថា មុខរបរនេះមិនសូវនឿយហត់ទេ ។ លើសពីនេះ ខណៈប្រជាពលរដ្ឋមិនចាប់អារម្មណ៍រៀនមុខជំនាញនេះ វានៅតែផ្តល់ឱកាសល្អក្នុងការទទួលបានអតិថិជន ក៏ដូចជាប្រាក់ចំណូលសម្រាប់អ្នកដែលកំពុងជុសជុលនាឡិកានាពេលបច្ចុប្បន្ន ។
ចំណែកលោក គីម ធឿន ដែលមានបទពិសោធន៍ជាង២០ឆ្នាំដែរនោះឱ្យដឹងថា ក្នុង១ថ្ងៃ លោកអាចរកចំណូលបាន២០ទៅ៣០ដុល្លារ ឬលើសពីនេះទៅតាមពេលវេលា ហើយមុខរបរនេះនៅតែដំណើរការល្អ និងរកចំណូលបានស្រួល បើធៀបនឹងមុខរបរតូចតាចនៅតាមចិញ្ចើមផ្លូវ ឬអ្នករត់រ៉ឺម៉កកង់៣សព្វថ្ងៃ ដែលប្រឈមនឹងការកកស្ទះផង និងគ្រោះថ្នាក់ផង ។
លោកបញ្ជាក់ថា ៖« ចំពោះប្រាក់ចំណូលដែលរកបាននេះ ក្រៅពីការចំណាយប្រចាំថ្ងៃហើយ គឺខ្ញុំអាចសន្សំទុកមួយផ្នែកដើម្បីរៀបចំផែនការសម្រាប់អនាគត ជាពិសេស កូនៗរបស់ខ្ញុំ » ។
បុរសដែលយកនាឡិកាមកជួសជុលបានឲ្យដឹងថា នាឡិកាដៃរបស់លោកមិនថ្លៃទេ តែបើមិនពាក់ វាហាក់ដូចជាស្រាលដៃ ហើយអារម្មណ៍ចេះតែគិតថា ដូចជាខ្វះអ្វីម្យ៉ាង ។
លោក អ៊ុយ សំអាត បន្ដថា ៖« សព្វថ្ងៃថ្វីដ្បិតតែសម្ភារមួយចំនួន យើងអាចមើលម៉ោងជំនួសនាឡិកាបាន ប៉ុន្ដែសម្រាប់អ្នកដែលធ្លាប់ពាក់វាហើយ គឺពិបាកនឹងអត់វាណាស់ ។ ម្យ៉ាងទៀត ការពាក់នាឡិកាសំខាន់ណាស់សម្រាប់មើលពេលវេលា ពិសេសអ្នកធ្វើការ ឬធុរជននានា ព្រោះពួកគេមមាញឹក និងមានការណាត់ជួបច្រើន ។ ដូច្នេះហើយ ទើបទីផ្សារនាឡិកានៅតែដំណើរការល្អ ដែលនាំឲ្យមុខរបរជួសជុលរកលុយបានងាយ » ៕
ចែករំលែកព័តមាននេះ