ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទួល​អំពិល រង​ការ​ខូចខាត

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ស្ថានភាព​ទឹកទន្លេ​ឡើង​ខ្ពស់ គួប​ផ្សំ​នឹង​ទឹក​រលក បក់​បោក​ផ្ទប់​ផង​នោះ

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ស្ថានភាព​ទឹកទន្លេ​ឡើង​ខ្ពស់ គួប​ផ្សំ​នឹង​ទឹក​រលក បក់​បោក​ផ្ទប់​ផង​នោះ បណ្តាល​ឲ្យ​ផ្លូវ​ដែល​ទើប​កសាង​ថ្មី​ប្រវែង​២៧០០​ម៉ែត្រ  ទៅ​កាន់​វត្ត​ទួល​អំពិល​បាន​រង​ការ​ខូច​ខាង​អស់​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​មានការ​ការពារ ទប់ស្កាត់ និង​ជួសជុល​បន្ទាន់​។ ជាមួយ​គ្នា​នេះ លោកស្រី​ចៅសង្កាត់​កំពង់ឆ្នាំង បាន​អំពាវនាវ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ សុំ​ជំនួយ​បន្ទាន់ ជា​ថវិកា​ក្តី​ជា​បង្គោល​ក្តី ដើម្បី​ទៅ​ជួយ​ទប់ស្កាត់​មិន​ឲ្យ​បាក់​ផ្លូវ​នេះ​បន្ត​ទៀត​។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោកស្រី​បាន​យក​លូ ចំនួន​៣​កង់​ទៅ​ដាក់​រាំង ហាម​មិន​ឃាត់​រថយន្ត​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​ចាប់ពី​ពេល​នេះ​ត ទៅ​ផង​ដែរ​។

ចៅសង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង លោកស្រី កែវ សុ​ផាត មាន​ប្រសាសន៍​ថា ដោយសារ​តែ​ទឹក​រលក គួប​ផ្សំ​នឹង​ផ្លូវ​ទើប​កសាង​ផង ធ្វើ​ឲ្យ​ផ្លូវ​ទៅ​កាន់​ទីទួល​អំពិល ដែល​ជា​រមណីយដ្ឋាន​ទើប​កើត​ថ្មី បាន​រង​ការ​ខូចខាត​អស់​ជាង​៥០០​ម៉ែត្រ ក្នុង​ប្រវែង​ផ្លូវ​សរុប​២៧០០​ម៉ែត្រ ដោយ​ក្នុង​នោះ​កន្លែង​ខ្លះ​បាក់​អស់ ដល់​ជាង​១​ម៉ែត្រ ដែល​អាច​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​ជាយថាហេតុ ទើប​គាត់​សម្រេច​បិទផ្លូវ​នោះ​ជា​បណ្តោះអាសន្ន ហាម​រថយន្ត​បើកបរ​លើ​ផ្លូវ​នេះ​បន្ត​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ យក​បង្គោល និង​ខ្សែ​ទៅ​ចង ហើយ​យក​កំប្លោក​ដាក់​ចូល​អែប​ច្រាំង​ផ្លូវ​ឃាំង​បាំង​រលក ការពារ​មិន​ឲ្យ​បាក់​ផ្លូវ​បន្ត​ទៀត​។ លោកស្រី​បន្ត​ថា ក្នុង​នាម​លោកស្រី​ជា​អាជ្ញាធរ​មូលដ្ឋាន ចាំបាច់​ត្រូវ​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ដ៏​មាន​តម្លៃ​នេះ ព្រោះថា ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​២៧០០​ម៉ែត្រ​នេះ​ជា​អំណោយ​របស់ ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន និង​លោក​ជំទាវ ដែល​ចំណាយ​ថវិការ​អស់​ជាង​១០​ម៉ឺន​ដុល្លា​។ 

លោកស្រី​ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន ជិត​ឆ្ងាយ​ទាំងអស់ សូម​ជួយ​ឧ​ប​ត្ថ​ម​ជា​ថវិកា​ក្តី ជា​បង្គោល​ក្តី ដើម្បី​ទប់ស្កាត់ និង​ការពារ​ផ្លូវ​នេះ​មិន​ឲ្យ​បន្ត​បាក់​ទៅ​ទៀត​បាន​។ សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​បាន​ផ្លូវ​មួយ​ខ្សែ​នេះ នៅ​តំបន់​ទួល​អំពិល​បាន​ក្លាយជា​តំបន់​ទេសចរណ៍ យ៉ាង​ទាក់ទាញ​របស់​ប្រជាពលរដ្ឋ បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ ព្រមទាំង​បាន​កើត​មាន​ហាង​លក់ដូរ​គ្រឿងក្លែម​ទៀត​ផង ពិសេស​ខ្យង​អាំង និង​ឆា​ក្តៅ ដែល​ជាទី​គាប់ចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍​៕