ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៩​ខែ រាជធានី​ភ្នំពេញ មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​៧១៥​លើក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៧​នេះ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម លើ​ការ​អនុវត្ត​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព គឺ​បទល្មើស​ព្រហ្មទណ្ឌ លួច​ឆក់​ប្លន់

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៧​នេះ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម លើ​ការ​អនុវត្ត​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព គឺ​បទល្មើស​ព្រហ្មទណ្ឌ លួច​ឆក់​ប្លន់ បាន​កើត​មាន​ចំនួន​៧១៥​លើក ក្នុង​នោះ​បង្ក្រាប​បាន​៦៦៤​ករណី ឃាត់ខ្លួន​ជនល្មើស​បាន​៩៤០​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍ ស្តី​ពី​សមិទ្ធិ​ផល​សម្រេច​បាន និង​បញ្ហា​ប្រឈម រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៧ និង​របាយការណ៍​ស្តី​ពី​ស្ថានភាព​ហិរញ្ញវត្ថុ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​លើកយក​មក​ផ្សព្វផ្សាយ នៅ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​ខណ្ឌចំការមន នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី លោក សួន រិ​ន​ឌី តំណាង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក អៀង អូន​នី តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​របាយការណ៍​នោះ ក៏​បាន​បញ្ជាក់​ថា ចំពោះ​ការងារ​បង្ក្រាប​គ្រឿងញៀន បាន​១៥៩០​ករណី ឃាត់ខ្លួន​បាន​៣៥០១​នាក់ ស្រី​៣៩៦​នាក់ ។ ការងារ​បង្ក្រាប​អំពើ​អនាចារ ការ​ជួញដូរ​ស្ត្រី និង​កុមារ ដោយ​ក្នុង​នោះ បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​បាន​៣៦​ករណី ឃាត់ខ្លួន​៤៩​នាក់ ស្រី​២៣​នាក់ ។ បង្ក្រាប​ក្មេង​ទំនើង​បង្ក​ឲ្យ​បាត់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​បាន​៣៦១​ករណី ឃាត់ខ្លួន​បាន​៥៩០​នាក់ ។ បង្ក្រាប​ល្បែងស៊ីសង ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ក្នុង​នោះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​១៤៦​ករណី ឃាត់ខ្លួន​៥០៨​នាក់ សហការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​៨​ករណី បាន​ត្រួតពិនិត្យ​យានយន្ត​ល្មើសច្បាប់​គ្រប់​ប្រភេទ ចំនួន​៣៣,៨១០​គ្រឿង បាន​ត្រួតពិនិត្យ​ជាតិ​អាកុល​លើ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ចំនួន​២៦,៤៧៧​គ្រឿង ។

នៅ​ក្នុង​របាយការណ៍​នោះ​ដែរ ក៏​បាន​លើក​ឡើង​ដែរ​ថា ទន្ទឹម​នឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​នេះ ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​គ្នា​ដោះស្រាយ​ឲ្យ​បាន​ល្អ​នា​ពេល​ខាង​មុខ​ដូច​ជា បញ្ហា​គ្រឿងញៀន បញ្ហា​ចោរលួច ចោរឆក់ ចោរប្លន់ បញ្ហា​ល្បែងស៊ីសង នៅ​តែ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ ។ បញ្ហា​គ្រោះថ្នាក់​ចរាចរ​មក​ពី​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​គ្មាន​ពាក់មួក​សុវត្ថិភាព នាំ​ឲ្យ​មានការ​បាត់បង់​ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ នៅ​មាន​កម្រិត​នៅឡើយ ។ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ស្ពាន​អាកាស មណ្ឌល​សុខភាព​សាធារណៈ ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅ​តែ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​បន្ត​ធ្វើ ព្រមទាំង​សេវា​ប្រមូល​សំរាម កំពុង​ត្រូវ​បាន​ពង្រឹង​ក្នុង​ការ​អនុវត្ត​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​បញ្ហា​ប្រឈម​ទាំងនេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​បងប្អូន​ប្រជាពលរដ្ឋ​សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន ឲ្យ​បាន​ច្រើន​ជាង​នេះ ។

នៅ​ក្នុង​វេទិកា​ររ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​ខណ្ឌចំការមន​នេះ​ដែរ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខណ្ឌចំការមន ជា​ច្រើន​នាក់ បាន​លើក​ឡើង​ពី​កង្វល់ និង​សំណូមពរ​ជូន​ដល់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ មាន​ដូច​ជា ផ្លូវ លូ ខ្សែភ្លើង​ធ្លាក់​តាម​ដងផ្លូវ នៅ​ពីមុខ​ផ្ទះ និង​ដើមឈើ​ងាប់ សូម​ឲ្យ​ខាង​ជំនាញ​ជួយ​កាប់​ចេញ ខ្លាច​រលំ​សង្កត់​លើ​មនុស្ស ឬ​របស់ទ្រព្យ​របស់​ពួក​គាត់​ជាយថាហេតុ ។

ឆ្លើយ​តប​ទៅ​នឹង​កង្វល់ និង​សំណូមពរ​នេះ លោក អៀង អូន​នី បាន​អរគុណ​ដែល​បងប្អូន​ប្រពល​រដ្ឋ​ទាំងអស់ បាន​ចូលរួម​ពិគ្រោះ​យោបល់​គ្នា​យ៉ាង​ផុសផុល ក្នុង​វេទិកា​នេះ​ដែរ បាន​ធ្វើ​ឲ្យ​យើង​រក​ឃើញ​នូវ​បញ្ហា​ជា​អាទិភាព​សំខាន់​ៗ សម្រាប់​ឲ្យ​រដ្ឋបាល​រាជធានី យក​ទៅ​ពិចារណា​ធ្វើការ​កែទម្រង់​ក្នុង​ការ​អនុវត្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​លើកកម្ពស់​គុណភាព និង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​មូលដ្ឋាន សង្កាត់ ខណ្ឌ របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ។ ការ​ផ្តល់​មតិ សំណើរ និង​សំណូមពរ របស់​អស់លោក លោកស្រី នៅ​ថ្ងៃនេះ គឺ​បាន​នាំ​មក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​ធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ឆ្លុះ​បញ្ចាំង​បាន​នូវ​ចំណុច​ខ្វះខាត ចំណុច​អសកម្ម ដែល​រដ្ឋបាល​រាជធានី​អនុវត្ត​កន្លង​មក និង​អាច​ឲ្យ​គណៈ​អភិបាល យក​ទៅ​ពិចារណា និង​ធ្វើការ​កែ​លម្អ​ឡើង​វិញ​ឲ្យ​បាន​សម​ស្រប​តាម​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ៕