ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​មិន​បាន​សម្រេច រត់​ទៅ​ពួន​ក្នុង​បន្ទប់ទឹក​ពហុ​កីឡាដ្ឋាន

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ចោរលួច​ម៉ូតូ​មិន​បាន​សម្រេច​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​អ្នក​ភូមិ​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​

ខេត្តពោធិ៍សាត់ ៖ ចោរលួច​ម៉ូតូ​មិន​បាន​សម្រេច​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​អ្នក​ភូមិ​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ទាំង​កណ្ដាល​ថ្ងៃ​រហូត​ចាប់ខ្លួន​បាន ខណៈ​ដែល​ចូល​ទៅ​សម្ងំ​ក្នុង​បង្គន់​អនាម័យ​របស់​ពហុ​កីឡាដ្ឋាន​ខេត្ត​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​ផ្សារ​ចាស់​ទល់មុខ​សាលា​បឋម​សិក្សា​ពោធិ៍សាត់ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ ម៉ូតូ​ដែល​ចោរ​បម្រុង​លួច​នោះ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1A.8896 ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ សា សុខ​ខេ​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​នោះ​គាត់​ជិះ​ម៉ូតូ​ត្រលប់​មកពីផ្សារ​។

ពេល​មក​ដល់​ផ្ទះ​បាន​ចាក់​សោក​ម៉ូតូ ហើយ​ដាក់​នៅ​ខាង​មុខ​ផ្ទះ​ដូច​សព្វដង​រួច​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​។ ទើបតែ​ដើរ​ចូល​បាន​បី​បួន​ជំ​ហ៊ាន​ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀកពាក់​ខោអាវ​កីឡា​ដៃខ្លី​ពណ៌​ខៀវ និង​ពាក់​ម៉ាស់​ទៀត បាន​មក​អូស​ម៉ូតូ​របស់​គាត់​បម្រុង​លួច ប៉ុន្តែ​ដោយសារ​ជាប់​សោក​អូស​ចេញ​មិន​រួច​បុរស​នោះ​ក៏​ទុក​ចោល​ហើយ​រត់​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ពោធិ៍សាត់​ដើម្បី​គេចខ្លួន​។ ភ្លាម​ៗ​នោះ​គាត់​បាន​ស្រែក​ចោរ​ៗ….​ឮ​ដូច្នេះ​អ្នក​ជិតខាង​បួន​ប្រាំ​នាក់​បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​រហូត​រត់​ឆ្លង​ចូល​ទៅ​ក្នុង​បរិវេណ​ពហុ​កីឡាដ្ឋាន​ខេត្ត​ដែល​នៅ​ជាប់​របង​សាលា​បឋម​សិក្សា​នោះ​។ ពេល​ចូល​ទៅ​ដើរ​រក​ក្នុង​ពហុ​កីឡាដ្ឋាន​ខេត្ត​មិនឃើញ​សោះ ប៉ុន្តែ​មាន​បង្គន់​អនាម័យ​មួយ​ជាប់​គន្លឹះ​ខាងក្នុង​យូរ​មិនឃើញ​មនុស្ស​ចេញ​មក​សោះ​។

ដោយ​មានការ​សង្ស័យ​ក៏​ទូរស័ព្ទ​ប្រាប់​ទៅ​លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ និង​កម្លាំង​ប្រជា​ការពារ​ឲ្យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​។ ពេល​សមត្ថកិច្ច​មក​ដល់​បាន​ស្រែក​ឲ្យ​អ្នក​នៅ​ខាងក្នុង​នោះ​បើកទ្វារ​ជា​បន្ទាន់ ទើប​ជន​នោះ​ព្រម​បើក​។ ពេល​បើក​មក​ឃើញ​បុរស​នោះ​អង្គុយ​ឈ្ងោក​មុខ​ស្លៀក​តែ​ខោ​លី​អូ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ខោអាវ​កីឡា​ពណ៌​ខៀវ និង​ម៉ាស់​ពណ៌​ខ្មៅ​ដែល​គេ​ពាក់​ធ្វើ​សកម្មភាព​បម្រុង​លួច​ម៉ូតូ​ទម្លាក់​ទៅ​បង្គន់​អនាម័យ​ជាប់​គ្នា​នោះ​ក៏​ចាប់​វ៉ៃ​ខ្នោះ​តែ​ម្ដង​។

លោក​អនុសេនីយ៍ឯក ប៉ិច ស៊ី​ផា​ន់ នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ យឹ​ម អ៊ា​ក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ស្រុក​ក្រគរ ជា​មុខសញ្ញា​ចាស់​ទើបតែ​ចេញពី​ពន្ធនាគារ​។​លោក​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប្រហែល​មួយ​ខែ​នេះ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​មាន​ករណី​ចោរលួច​ម៉ូតូ​ប៉ុន្មាន​ករណី​មក​ហើយ​រក​មិនឃើញ​សោះ​។ លោក​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​។ ជនសង្ស័យ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​សួរនាំ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ផ្សេង​ទៀត និង​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​៕