ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​មិន​ស្ដាប់​គ្នា ត្រូវ​ទម្លាក់​ស្លាក​ចោល​បិទ​អាជីវកម្ម​រួច​ចុះ​ក្នុង​បញ្ជីខ្មៅ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ក្រុម​អ្នក​រកស៊ី​បើកហាង​ស៊ីផឹក និង​ហាង​ខារ៉ាអូខេ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ក្រុម​អ្នក​រកស៊ី​បើកហាង​ស៊ីផឹក និង​ហាង​ខារ៉ាអូខេ KTV ក្លឹ​ប​កម្សាន្ត​ជាដើម ដើម្បី​ចូលរួម​ប្រជុំ ទទួល​នូវ​គោលការណ៍​មួយ​ចំនួន​ដើម្បី​បញ្ចៀស​ឲ្យ​បាន រាល់​ភាព​អនាធិបតេយ្យ និង​ទំនាស់​ដែល​តែងតែ​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​ពេល​កន្លង​មក ជា​ពិសេស​ទំនាស់​វាយតប់​គ្នា ដែល​ផ្ដើម​ចេញពី​ការ​ដណ្ដើម​ម៉ូយ និង​ហាង​កោស​ជប់​ម៉ាស្សា​វិញ​បាន​បន្លំ​លួច​លុយ​ភ្ញៀវ​ជា​បន្តបន្ទាប់​ហាក់​គ្មាន​ការ​ខ្មាស​អៀន និង​ខ្លាច​ច្បាប់​សោះឡើយ​។ ដែល​កន្លង​មក​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​បិទ​ហាង ដែល​មាន​ទំនាស់​ជា​ច្រើន​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​មានការ​យោគយល់ ក្រោយ​ពី​ការ​ធ្វើ​កិច្ចសន្យា​រួច​បាន​អនុញ្ញាត​ឲ្យ​បើក​រកស៊ី​ឡើង​វិញ ដោយ​សង្ឃឹមថា​ពួក​គាត់​កែខ្លួន តែ​ផ្ទុយ​ទៅ​វិញ​មិន​ត្រឹមតែ​មិន​គោរព​កិច្ចសន្យា និង​ការ​ណែនាំ​ប៉ុណ្ណោះ​ទេ​រឹតតែ​ផ្គើន​ថែម​ទៀត​ផង​។ ក្រោយ​ពី​ការ​ប្រជុំ​ណែនាំ​នេះ​រួច​ប្រសិនបើ​ហាង​ណាមួយ​មិន​ព្រម គោរព​តាម​ការ​ណែនាំ បង្ករឿង​បន្ត​ទៀត​នោះ​នឹង​ត្រូវ​ទម្លាក់​ស្លាក​ចោល ព្រមទាំង​បិទ​រហូត​លែង​ឲ្យ​បើក​វិញ និង​ចុះចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខណ្ឌ​តែ​ម្ដង​។

ពិធី​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុង​សាល​ប្រជុំ​ធំ​របស់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ដែល​ជា​អភិបាលរង​ខណ្ឌ មន្ត្រីរាជការ​ការិយាល័យ ចំណុះ​ខណ្ឌ លោក​អធិការរង​នគរបាល​ខណ្ឌ លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ លោកនាយ​ប៉ុស្ដិ៍​នគរបាល​មួយ​ចំនួន និង​ម្ចាស់​ហាង​ចំនួន​ជាង​៦០​នាក់​ផង​ដែរ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​បើកហាង​ផឹកស៊ី និង​ខារ៉ាអូខេ KTV ព្រមទាំង​ក្លឹ​ប​កម្សាន្ត ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​ដើម្បី​ដុសក្អែល​ខាងលើ​នោះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣​របស់​ខណ្ឌ ក្នុង​នោះ​មាន​សង្កាត់​កា​កាប សង្កាត់​ចោម​ចៅ និង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដែល​នៅ​ក្នុង​ពេល​កន្លង​មក​ហាង​ដែល​បង្ករឿង​វាយតប់​គ្នា​ញឹកញាប់ បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ ព្រ​ទាំង​ធ្វើ​ឲ្យ​បាត់បង​សណ្ដាប់ធ្នាប់ បង្ក​ការ​ភ័យ​ខ្លាច និង​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ជា​បន្តបន្ទាប់​នោះ គឺ​ហាង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​តែ​ម្ដង ចំណែកឯ​ហាង​កោស​ជប់​ម៉ាស្សា​វិញ  គ្រប់កន្លែង​ដែល​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ឈឺក្បាល​មិន​តិច​ដែរ ព្រោ​តែ​បាន​បន្លំ​ដូរ និង​លួច​លុយ​ភ្ញៀវ​មិន​ស្វាង និង​គ្មាន​ការ​ខ្មាស​អៀន​បន្តិច​ណា​សោះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ដែល​មាន​ទំនាស់​វាយតប់​គ្នា​ដែល​បាន​កើតឡើង​នៅ​តាម​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ KTV​នោះ​ផ្ដើម​ចេញពី​ការ​ដណ្ដើម​ម៉ូយ​គ្នា មិនតែប៉ុណ្ណោះ​ម្ចាស់​ហាង​ទាំងនោះ​បាន​បណ្ដែតបណ្ដោយ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​រត់​ដេញចាប់​ម៉ូយ​តាម​ផ្លូវ​យ៉ាង​ប្រសេចប្រសាច ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​តាម​ផ្លូវ និង​រំខាន​អ្នក​ជិតខាង​។ ជាង​នេះ​ទៀត​ក៏​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ខាងលើ ធ្លាប់​បាន​ប្រមូល​ម្ចាស់​ហាង​ទាំងនោះ​ទៅ​ប្រជុំ​ណែនាំ​ជា​ច្រើន​លើក​រាប់​មិន​អស់​មក​ហើយ និង​បាន​ចុះ​បិទ​ចំពោះ​ហាង​ដែល​ល្មើស​ជា​បន្តបន្ទាប់​មក​ហើយ​ដែរ ប៉ុន្តែ​ដោយ​មានការ​យោគយល់ មនោសញ្ចេតនា​ជាមួយ​ពួក​គាត់​ទើប​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ ក្រោយ​ពេល​ធ្វើ​កិច្ចសន្យា​រួច​។ ប៉ុន្តែ​ពួក​គាត់​មិន​ដែល​ស្ដាប់ និង​អនុវត្ត​តាម​ឡើយ ទើប​ពេល​នេះ​ហៅ​ប្រជុំ​ជា​លើក​ចុង​ក្រោយ​បើ​នៅ​តែ​ល្មើស​ទៀត នឹង​ត្រូវ​ទម្លាក់​ស្លាក​ចោល​ហើយ​បិទ​ចោល​លែង​ឲ្យ​បើក​វិញ​រហូត ឲ្យ​ពួក​គាត់​ទៅ​រកស៊ី​នៅ​កន្លែង​ណា​ក៏​ទៅ​ចុះ ឲ្យ​តែ​ក្រៅពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ចុះ​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខណ្ឌ​តែ​ម្ដង​៕