ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបបង់ថ្លៃឱ្យសាលាអន្តរជាតិ(Stamford) ​គេ​បិទ​ទ្វារ​អត់ប្រាប់មួយ​ម៉ាត់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាណាព្យាបាល​សិស្ស​តូច​ៗ​ប្រមាណ​ជា​៥០​នាក់

រាជធានី​ភ្នំពេញ ៖ អាណាព្យាបាល​សិស្ស​តូច​ៗ​ប្រមាណ​ជា​៥០​នាក់ បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ ទាមទារ​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ លើ​ករណី​សាលា​អន្តរជាតិ Stamford ដែល​បាន​បិទទ្វារ​ដោយ​មិនដឹង​មូលហេតុ ក្រោយ​ពួក​គាត់​បាន​បង់ប្រាក់​ថ្លៃ​ការ​សិក្សារ​របស់​កូន​ៗ ចន្លោះ​ពី​៥០០​ដុល្លារ ដល់​២០០០​ដុល្លារ ។ មុន​ពេល​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ក្រុម​អាណាព្យាបាល​បាន​ប្រមូល​ម្តុំ​គ្នា​នៅ​មុខ​ទីតាំង​សាលា​តែ​ម្តង ស្ថិត​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អាណាព្យាបាល​សិស្ស​ខាងលើ​ឱ្យ​ដឹង​ថា កូន​ពួក​គាត់​ម្នាក់​ៗ សុទ្ធសឹងតែ​រៀន​នៅ​សាលា​នេះ ចាប់ពី​៤ ទៅ​៥​ឆ្នាំ​កន្លង​មក​ហើយ ពុំដែល​មាន​បាតុភាព​អ្វី​ឡើយ ។ ពួក​គាត់​លើក​ឡើង​ថា ចំពោះ​ស្តង់ដា​នៃ​ការ​បង្រៀន គឺ​មានគុណ​ភាពល្អ ទាំង​ការ​អប់រំ និង​ចំណេះដឹង​ដល់​កុមារ​តូច​ៗ ពិសេស​កូន​ៗ​របស់​ពួក​គាត់​ផ្ទាល់ ដែល​មាន​អាយុ​ចាប់ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ ។ កាលពី​វេលា​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៧ ម្សិលមិញ ក្រុ​ម​អាណាព្យាបាល​ក្មេង​ៗ បាន​មក​ទទួល​កូន​ចាក​ចេញពី​សាលា​ត្រឡប់​ទៅ​ផ្ទះ​ធម្មតា ពុំ​មាន​រឿង​អ្វី​ឡើយ ហើយ​សាលា​ក៏​ពុំ​បាន​ផ្តល់​ព័ត៌មាន​អ្វី​ឡើយ ។ លុះ​វេលា​ព្រឹក​ឡើង នៅ​ពេល​ដែល​ពួក​គាត់​ជូន​កូន​មក​សិក្សា ស្រាប់តែ​សាលា​ត្រូវ​បាន​បិទទ្វារ​ដោយ​មិនដឹង​មូលហេតុ ពិសេស​នោះ សាខា​ធំ​ៗ​ចំនួន​២​ផ្សេង​ទៀត​របស់​សាលា​នេះ ដែល​មាន​ទីតាំង​ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឬ​ស្សី​កែវ ក៏​ត្រូវ​បាន​បិទទ្វារ​ទន្ទឹម​គ្នា​ផង​ដែរ ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​បង្ក​ការ​ឆោ​រ​ឡោរ​នៅ​មុខ​សាលា រហូត​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​សាកសួរ​នាំ​ទើប​ដឹង​ថា ម្ចាស់​សាលា​បាន​បិទទ្វារ​រត់​បាត់​ទៅ​ហើយ ។​ប្រភព​ក្រៅផ្លូវការ​ណ៍​អោយ​ដឹង​ថា ការ​បិទ​គឺ​ដោយសារ​ម្ចាស់​សាលា​ដែល​ជា​ជនជាតិ​ហ្វី​លី​ពិន ជំពាក់​បំណុល​គេ​ច្រើន ។

ក្រុម​អាណាព្យាបាល​សិស្ស​ដដែល​បាន​នាំ​គ្នា​បន្ត​ថា សាលា​អន្តរជាតិ​នេះ​មួយ ជា​សាលា​ដែល​មានឈ្មោះ​ល្បី និង​ធ្លាប់​ឈាន​ទៅ​ដល់​ការ​ប្រកួតប្រជែង​សមត្ថភាព​លើ​ឆាក​អន្តរជាតិ លើ​ជំនាញ​ផ្សេង​ៗ​របស់​កុមារ​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ដូច​ជា​សិង្ហ​បុរី ជាដើម ។ ពួក​គាត់​បន្ថែម​ថា ក្នុង​រៀង​រាល់​កន្លះ​ឆ្នាំ ឬ​១​ឆ្នាំ​ម្តង ពួក​គាត់​ត្រូវ​ចំណាយ​ថ្លៃ​ការ​សិក្សារ​របស់​កូន​ៗ​ចាប់ពី៥០០​ដុល្លារ ដល់​២០០០​ដុល្លារ ទៅ​តាម​កម្រិត​របស់​កុមារ ពី​ថ្នាក់​តូច​ដល់​ថ្នាក់​ធំ បូក​រួម​ទាំង​ការ​សិក្សា​ទាំង​អក្សរ​ខ្មែរ និង​អង់គ្លេស​ផង​ដែរ ។

យ៉ាងណាមិញ ក្រុម​អាណាព្យាបាល​នៅ​តែ​មិន​យល់​ពី​មូ​ហេតុ​អ្វី​ដែល​នាំ​ឱ្យ​ម្ចាស់​សាលា​បិទទ្វារ​បែប​នេះ ទាំង​សាលា​ជា​សាលា​ដែល​ល្អ​សម្រាប់​ក្មេង​ៗ​សិក្សា​រៀនសូត្រ ហើយ​ក៏​ជា​សាលា ដែល​ពុំ​ធ្លាប់​មាន​បាតុភាព​អាក្រក់​អ្វី​ផង​ដែរ​នោះ ។