ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​បរទេស​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើកចំហ​ដល់​ការ​វិនិយោគ​លើ​វិស័យ​នានា​ក្នុង​រយៈពេល

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើកចំហ​ដល់​ការ​វិនិយោគ​លើ​វិស័យ​នានា​ក្នុង​រយៈពេល​ប្រមាណ​១​ទសវត្សរ៍​នេះ ការ​នាំ​ចូល Franchise (​សិទ្ធិ​អាជីវកម្ម​) មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​ភេសជ្ជៈ និង​អាហារ​។ ការ​នាំ​ចូល Franchise យីហោ​ល្បី​ៗ​មកនេះ តើ​វា​បាន​ផ្ដល់​ប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា ?

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​មួយ​បាន​នាំ​ចូល Franchise ភោជនីយដ្ឋាន និង​ភេសជ្ជៈ បានឱ្យ​ដឹង​ថា ប្រទេស​ណា ក៏​ដូច​ប្រទេស​ណា​ដែរ បើសិនជា​សេដ្ឋកិច្ច​មាន​អំណោយផល​ល្អ គេ​តែងតែ​ឃើញ​អាជីវកម្ម Franchise ចាប់ផ្ដើម​ចូល​ធ្វើ​អាជីវកម្ម ។ សម្រាប់​ប្រទេស​កម្ពុជា ក៏​មិន​ខុស​គ្នា​ដែរ ដោយ​សារ​តែ​ជីវភាព និង​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ​ជាង​មុន អាជីវកម្ម​នេះ ក៏​បាន​ចូល​មក​ជា​បន្តបន្ទាប់ ទាំង Franchise ម្ហូបអាហារ ភេសជ្ជៈ និង​អាជីវកម្ម​ផ្សេង​ៗ​ទៀត ។ លោក​ថា ៖« ថ្វី​ដ្បិតតែ​កន្លង​មក មាន​អាជីវកម្ម Franchise មួយ​ចំនួន​បាន​មក​ដល់​កម្ពុជា ហើយ​ត្រឡប់​ទៅ​វិញ ដោយសារ​តែ Franchise នោះ មិន​ត្រូវ​ទៅ​តាម​តម្រូវការ​របស់​ប្រជា​ពល​កម្ពុជា​យើង ។ ក្នុង​នោះ​ក៏​ឃើញ​មាន Franchise ជា​ច្រើន​ហើយ​ដែរ ដែល​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ ព្រោះ​គេ​បាន​សិក្សា​ច្បាស់​ពី​តម្រូវការ និង​បរិបទ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោក​បន្ត​ថា ការ​ចូល​មក​ដល់​នៃ Franchise បរទេស​មក​កាន់​កម្ពុជា វា​មិន​អត់​ប្រយោជន៍​ទេ គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើនដល់​កម្ពុជា និង​ប្រជាពលរដ្ឋ ។ ឧទាហរណ៍ ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា រហូត​មក​ដល់​ពេល​នេះ បាន​នាំ​ចូល Franchise បរទេស​មក​កម្ពុជា ចំនួន​៧​ម៉ាក​យីហោ​ហើយ ក្នុង​នោះ​មាន​សាខា​សរុប​ទាំងអស់​ជាង​៦០​កន្លែង និង​ផ្តល់​ការងារ​ទាំង​ផ្ទាល់ និង​ប្រយោល ។ លោក​ថា ៖« ក្រុមហ៊ុន​បាន​ផ្តល់​ការងារ​ផ្ទាល់​ដល់​បុគ្គលិក​ជនជាតិ​ខ្មែរ​រាប់​ពាន់​នាក់ និង​ទទួល​បាន​ប្រាក់បៀវត្សរ៍​សមរម្យ ។ ក្រៅពី​នោះ ក្រុមហ៊ុន​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ប្រមាណ​៥០% ដែល​ផលិត​ក្នុងស្រុក​ដើម្បី​ផ្គត់ផ្គង់​ភោជនីយដ្ឋាន » ។

លោក ហេង សេង​លី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ផាក​កាហ្វេ ក៏​បានឱ្យ​ដឹង​ដែរ​ថា ការ​ចូល​មក​ដល់​នៃ​ម៉ាក​យីហោ​ពី​បរទេស ឬ​ហៅ​ថា Franchise នេះ វា​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ចាយ ហើយ​ចេះ​រក​លុយ ។ លោក​ថា ៖«​កាលពី​មិន​ទាន់​មាន Franchise មក​ដល់​កម្ពុជា យើង​មិនសូវ​មានការ​វិនិយោគ ឬ​ជួប​ជជែក​គ្នា​នៅ​ហាង​ស្តង់ដា​ប៉ុន្មាន​ទេ តែ​នៅ​ពេល​មាន​ហាង​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដា ស្អាត និង​មាន​កន្លែង​សម្រាប់​ជជែក​គ្នា​ស្រួល ពួក​គាត់​បាន​យក​ទីតាំង​នោះ​សម្រាប់​ជា​កន្លែង​ការងារ​ផង និង​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ផង » ។

លោក​បន្ត​ថា ការ​នាំ​ចូល Franchise បរទេស​មក​កាន់​កម្ពុជា​មិន​អត់​ប្រយោជន៍​ទេ បើ​ទោះជា​វា​ប្រកួតប្រជែង​ជាមួយ​ម៉ាក​យីហោ​ក្នុងស្រុក​បន្តិច​ក្តី ។ តួយ៉ាង ក្នុង​បរិបទ​ប្រទេស​កម្ពុជា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​បន្តិច យុវវ័យ​ខ្មែរ​ភាគតិច​ណាស់​ដែល​ចេះ​ញ៉ាំ​កាហ្វេ តែ​ក្រោយ​ពេល Franchise បរទេស​ចូល​មក ឃើញ​ថា យុវវ័យ​សម័យនេះ​មួយ​ភាគ​ធំ​ចេះ​ញ៉ាំ​កាហ្វេ ហើយ​ពួក​គាត់​ញ៉ាំ​កាហ្វេ​ដោយ​មិន​រើស​ពេលវេលា​ដូច​ចាស់​ៗ​បុរាណ​នោះ​ទេ ដែល​ភាគច្រើន​ចូល​ចិត្ត​ទទួលទាន​ពេល​ព្រឹក ។

លោក​បន្ថែម​ថា ការ​ធ្វើ​អាជីវកម្ម​នាំ Franchise ពី​បរទេស​មក​ក្តី ឬ​ធ្វើ​អាជីវកម្ម​ដោយ​បង្កើត​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​ក្តី បើសិនជា​ម្ចាស់​អាជីវកម្ម​នោះ​គ្មាន​វិធី​ទាក់ទាញ​អតិថិជន ឬ​គ្មាន​អ្វី​ផ្ដល់​ជូន​អតិថិជន​ទេ វា​នឹង​ពិបាក​ជោគជ័យ​ណាស់ ។ ជាក់ស្ដែង អាជីវកម្ម​ដូច​គ្នា តែ​មួយ​ធំ មួយ​តូច ពេល​ខ្លះ​អាជីវកម្ម​តូច​ក៏​អាច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​អាជីវកម្ម​ធំ និង​ទទួល​បាន​ជោគជ័យ​ជាង​អាជីវកម្ម​ធំ​ៗ​ផង​ដែរ ៕