យឹម ឌៀប​ រួច​ផុត​ពី​ការដាក់​ពិន័យ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​


រាជធានី​ភ្នំពេញ ៖ កីឡាករ​ យឹម ឌៀប​ សិស្ស​គុន​ប្រចាំ​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បាន​រួច​ផុត​ពី​ការ​ដាក់​ពិន័យ​របស់​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បើ​ទោះ​ជា​គេ​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​លោក​ម៉ា សេរី​ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​ CTN ថា​ ប្រកួត​មិន​អស់​ពី​សមត្ថ​ភាព​ធ្វើ​ឱ្យ​ខូច​ដល់​កម្មវិធី​ប្រកួត​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១ មីនា​​យ៉ាងណា​ក្តី ។​

គេ​នៅ​ចាំ​បាន​ថា​ កាល​ណោះ​កីឡាករ​ យឹម ឌៀប​ ត្រូវ​ធ្វើការប្រកួត​ជម្រុះ​ចុង​ក្រោយ​នៅ​ក្នុង​ពូល​A ជាមួយ​កីឡាករ​ លួន សុខខេង​ សិស្ស​គុន​ប្រចាំ​ក្លិប​សិង្ហ​កីឡា​ ដើម្បី​ស្វែង​រក​កន្លែង​នៅ​វគ្គ​១/២​ ផ្តាច់​ព្រ័ត្រ​ពាន​​រង្វាន់​ K-cement​ ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ជាបន្ត​ទៀត ។​

ប៉ុន្តែ​ យឹម ឌៀប​ ត្រូវ​ លួន សុខខេង​ ទាត់​ឱ្យ​ខូច​ជើង​ប្រកួត​លែង​កើត​នៅ​ត្រឹម​ទឹក​ទី​៣​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ម៉ា សេរី​ និង​ទស្សនិក​ជន​ជាច្រើន​នាក់​មិន​សប្បាយ​ចិត្ត​ឡើយ​ ដោយ​គិត​ថា​ យឹម ឌៀប​ មាន​ចេតនា​លក់​ការប្រកួត​ ធ្វើ​ឱ្យ​ខូច​ដល់​កម្មវិធី​ប្រកួត​របស់​ស្ថានីយ​ទូរ​ទស្សន៍​ CTN ។​

កាល​ណោះ​លោក​ម៉ា សេរី​ បាន​ប្រកាស​ព្រមាន​ដល់​កីឡាករ​ យឹម ឌៀប​ ទុកជា​មុន​ថា​ លោក​នឹង​មិន​ផ្តល់​ប្រាក់​តម្លៃ​ខ្លួន​ឡើយ​ បើ​សិន​ជា​កីឡាករ​រូប​នេះ​ប្រកួត​មិន​បាន​ដល់​ទឹក​ទី​៤​ទេ​នោះ។ ប៉ុន្តែ​ទី​បំផុត​គេ​បាន​ឃើញ​ យឹម ឌៀប​ ត្រូវ​ លួន សុខខេង​ ទាត់​ឱ្យ​ខូច​ជើង​ប្រកួត​លែង​កើត​នៅ​ត្រឹម​ទឹក​ទី​៣ ​ប៉ុណ្ណោះ ។​ ដូច្នេះ​ យឹម ឌៀប​ ពិត​ជា​មិន​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ពី​ស្ថានីយ​ទូរ​ទស្សន៍​ CTN ឡើយ​ ជាមួយ​នឹង​ការ​មិនប្រកាស​លទ្ធ​ផល​ចាញ់​-ឈ្នះ​ជា​ផ្លូវ​ការ​ ។ ប៉ុន្តែ​ លួន សុខខេង​ ត្រូវ​គេ​ផ្តល់​សិទ្ធិ​ឱ្យ​ជាអ្នក​ឈ្នះ​ និង​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ដូច​ធម្មតា ។​

ក្រោយ​ពី​ការ​ប្រកួត​បញ្ចប់​ភ្លាម​ លោក​រាជ សុផែន​ ប្រធាន​គណៈ​កម្មការ​វិន័យ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​​ យឹម ឌៀប អាចប្រឈម​​នឹង​ការ​ដាក់​ពិន័យ​យ៉ាងតិច​ក៏​១​ខែ​កន្លះដែរ ។ តាម​ច្បាប់​របស់​សហព័ន្ធ​កីឡា​ប្រដាល់​ កីឡាករ​រូប​ណា​ក៏​ដោយ​ប្រសិន​ជា​គេ​រក​ឃើញ​ថា​ ប្រកួត​មិន​អស់​ពីសមត្ថ​ភាព​ធ្វើ​ឱ្យ​ខូច​ដល់​កម្មវិធី​ប្រកួត​នឹងត្រូវ​ទទួល​រងនូវ​ការ​ដាក់​ពិន័យ​ដោយ​ចៀស​មិន​ផុត​ឡើយ ។​ តាម​ច្បាប់​បើ​ខុស​លើក​ទី១​ទទួល​ពិន័យ​មួយ​ខែ​កន្លះ​ លើក​ទី​២​ បី​ខែ​ លើក​ទី​៣​ បួន​ខែ​កន្លះ​ និង​ចុង​ក្រោយ​ត្រូវ​ធ្វើ​ការ​បណ្តេញ​ចេញ​តែ​ម្តង ។​ ប៉ុន្តែ​ពេល​នេះ យឹម ឌៀប​ រួច​ផុត​ពី​ការ​​ដាក់​ពិន័យ​ដោយសារ​រូប​គេ​ពិត​ជា​មាន​សុខភាពមិន​ល្អ​មែន​ទើប​ប្រកួត​ចាញ់ លួន សុខខេង ។

លោក​រាជ​ សុផែន​ ថ្លែង​ថា​ នៅ​មុន​ពេល​ប្រកួត​ យឹម ឌៀប​ ពិត​ជា​មាន​សុខ​ភាព​មិន​ល្អ​មែន​ រី​ឯ​ការ​មក​ប្រកួត​នេះ​ គេ​គ្រាន់​តែ​មិន​ចង់​ឱ្យ​បាត់​មុខ​ប៉ុណ្ណោះ​ ។ ទោះ​បី​ជា​យ៉ាងណា​ អ្វី​ដែល​បាន​កើត​ឡើង​ វា​នឹង​ក្លាយ​ជា​រឿង​មិន​សប្បាយ​ចិត្ត​របស់​លោក​ម៉ា សេរី​ រួច​ទៅ​ហើយ​ ខណៈ​គេ​មិនដឹងថា​សហព័ន្ធ​នឹង​ដោះ​ស្រាយ​យ៉ាង​ណា​ជា​មួយ​លោក​ម៉ា សេរី​ ពីព្រោះអ្វី​ៗ​វា​ខុស​គ្នា​នឹង​ការ​គិត​របស់​លោក ៕​

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ