ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ទិញ​ប៉ះ​លំនៅ​ឋាន​មិន​ផ្តល់​សំណាង

6 ឆ្នាំ មុន

ម្ចាស់ផ្ទះ​ភាគច្រើន​មិនសូវ​យល់​ច្បាស់​ពី​ឥទ្ធិពល​នៃ​ហុងស៊ុយ​លំនៅ​ឋាន​ទៅ​លើ​ពួក​គេ ឬ

ម្ចាស់ផ្ទះ​ភាគច្រើន​មិនសូវ​យល់​ច្បាស់​ពី​ឥទ្ធិពល​នៃ​ហុងស៊ុយ​លំនៅ​ឋាន​ទៅ​លើ​ពួក​គេ ឬ​ក្រុម​គ្រួសារ​ឡើយ ហើយ​តែងតែ​ផ្លាស់​ប្ដូរ​នៅ​ពេល​ចាប់ផ្ដើម​មាន​ធូរធារ ដោយ​ទៅ​ទិញ​លំនៅ​ឋាន​ថ្មី​ធំ​ជាង​មុន និង​គួរ​ឲ្យ​រស់ ប៉ុន្តែ​លំនៅ​ឋាន​ថ្មី​នោះ បើ​មិន​ពិនិត្យ​មើល​ហុងស៊ុយ​ឲ្យ​ល្អ​ទេ វា​អាច​ក្លាយជា​ការ​ប្តូរ​ចេញពី​លំនៅ​ឋាន​ដែល​នាំ​សំណាង បែរ​ទៅ​រស់នៅ​លំនៅ​ឋាន​ដែល​មិន​ផ្តល់​សំណាង​ទៅ​វិញ តួយ៉ាង​ដូច​ជា ប្រកប​ជំនួញ​មិន​បាន ឬ​ក៏​មាន​សុខភាព​មិនល្អ​ជាដើម ។ ដូច្នេះ ការ​ទិញ​ផ្ទះ ឬ​ផ្លាស់​ប្តូរ​កន្លែង​រស់នៅ ត្រូវ​តែ​សិក្សា​ពី​លក្ខណៈ​ផ្ទះ​ដែល​យើង​ត្រូវការ​នោះ​ជា​ចាំបាច់ ហើយ​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន ៖

១-​ផ្ទះ​មាន​ច្រកចូល​តូច​ចង្អៀត ៖
ផ្ទះ​ដែល​មាន​ច្រកចូល​តូច​ចង្អៀត ឬ​យក​ថ្ម​មក​តុបតែង រហូត​ដល់​ធ្វើ​ឲ្យ​បរិវេណ​ចង្អៀត ហើយ​ផ្ទះ​ខ្លះ​ទៀត​យក​ថ្ម​មក​ដាក់​ពាំង​នៅ​ខាង​មុខទ្វារ វា​នឹង​ធ្វើ​ឲ្យ​កម្លាំង​ថាមពល​រសាត់​ចេញ មិន​ងាយស្រួល ហើយ​អ្នក​រស់នៅ​ក្នុងផ្ទះ​នេះ នឹង​រកស៊ី​មិន​កាក់កប ឬ​គ្មាន​មាសប្រាក់​រក្សា​ទុក ។

២-​ផ្ទះ​មាន​ទ្វារ និង​បង្អួច​ច្រើន​ខ្លាំង​ពេក ៖
ផ្ទះ​លក្ខណៈ​នេះ នឹង​បិទ​កម្លាំង​ថាមពល​មិន​ឲ្យ​នៅ​ក្នុងផ្ទះ ទោះបីជា​អ្នក​ស្វែងរក​ប្រាក់​បាន​ច្រើន​ប៉ុនណា​ក្តី ប៉ុន្តែ​ក៏​មានការ​ចំណាយ​ច្រើន​ដូច​គ្នា​ដែរ ។ ដូច្នេះ គួរតែ​បិទ​បង្អួច​ផ្ទះ​ខ្លះ​ដែល​មិន​ចាំបាច់ ឬ​ដាក់​វាំងនន ដើម្បី​ជួយ​ឲ្យ​ផ្ទះ​នោះ​អាច​សន្សំ​ថាមពល​បាន​ច្រើន ។

៣-​ផ្ទះ​នៅ​ជាប់​គម្រោង​បាក់បែក ឬ​មាន​ស្មៅ​ដុះ​ពេញ គ្មាន​មនុស្ស​នៅ ៖
ផ្ទះ​ដែល​ស្ថិត​នៅ​ក្នុង​បរិស្ថាន​បែប​នេះ បើ​កាន់តែ​រស់នៅ គឺ​កាន់តែ​ក្រីក្រ ព្រោះ​កម្លាំង​ថាមពល​មិនល្អ ។ ប្រសិនបើ​ថាមពល​អាក្រក់​ចូល​មក​ក្នុងផ្ទះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ឈឺ​ថ្កាត់ និង​មមើមមាយ​បាន ។

៤-​ផ្ទះ​នៅ​ក្រោម​ស្ពាន ៖
យើង​មិន​គួរ​ទិញ​ផ្ទះ​មាន​លក្ខណៈ​បែប​នេះ​ទេ ព្រោះ​កម្លាំង​ថាមពល​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាម​ស្ពាន ប៉ុន្តែ​បើ​អ្នក​រស់នៅ​ទីតាំង​នេះ​យូរ​មក​ហើយ ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​ផ្នែក​ខាងក្នុង​ផ្ទះ​ងងឹត និង​ស្ងប់ស្ងាត់​ឡើយ គឺ​ត្រូវ​បើកភ្លើង ឬ​ធ្វើ​ឲ្យ​ផ្ទះ​នេះ​មាន​ពន្លឺ ព្រោះ​បើ​វា​កាន់តែ​ងងឹត កាន់តែ​ធ្វើ​ឲ្យ​អ្នក​រស់នៅ​តោកយ៉ាក​ឡើង ៕