ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស ជីវ៉ា និង​គង់ ហូ​វ ដល់​ថ្ងៃ​ប៉ះ​ថៃ​យក​៣​ពិន្ទុ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៧ តុលា ស្អែក​នេះ ប្រដាល់​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៧ តុលា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​ដល់កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​វ័យក្មេង ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ជើង​ចាស់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​ដឹង​ថា​អ្នក​ណា​នឹង​យក​បាន​៣​ពិន្ទុ​នៅឡើយ​ទេ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​តទៅ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​មក​ទស្សនា​ដល់​ស្ទី​ឌី​យោ​ដោយសារ​តែ​មុន​ការ​ប្រដាល់​គឺជា​វេទិកា​តន្ត្រី​បន្ត​ផ្ទាល់​ផង ។ កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង ទេស ជីវ៉ា និង​កីឡាករ​ល្បីឈ្មោះ​គង់ ហូ​វ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​នោះ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ ទេស ជីវ៉ា គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​ៗ​ក្ដី ។

គេ​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ឈ្មោះ Chhart Chhay​ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​ដណ្ដើម​ពិន្ទុ​នៅ​ថ្ងៃ​សៅរ៍​ស្អែក ។ លោក​ថា ជំនួប​រវាង​ពួក​គេ​ជា​រឿង​សំខាន់ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​ពិន្ទុ​ហើយ គឺ​ត្រូវ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ទៅ​ទៀត ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ។

លោក​ថា​ជំនួប​របស់​ពួក​គេ​ត្រូវ​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ដើមខែ​តែ​ម្ដង​។ លោក​ថា កីឡាករ ទេស ជីវ៉ា អាច​ចាត់ទុកជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ  ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​ទេស ជីវ៉ា ជាមួយ​កីឡាករ​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​គឺ​មាន​សមត្ថភាព​ទើប​លោក​យល់​ថា​គេ​អាច​រកបាន​៣​ពិន្ទុ​ពី​ការ​ប្រកួត បើ​ទោះជា​មុន​នេះ​បន្តិច​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ មិនសូវ​ល្អ​ខ្លះ នៅ​លើ​សង្វៀន​អន្តរជាតិ​ក្ដី ។

លោក​និយាយ​ថា ទេស ជីវ៉ា នៅ​តែ​ត្រូវ​បាន​ចាត់ទុកជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក ។ កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ​ទេស ជីវ៉ា លោក​ថា​ធ្លាប់​ប្រកួត​៦៥​លើក ឈ្នះ​៥៣​លើក  ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៤៥​លើក ឈ្នះ​៣២​លើក  ចាញ់​១០​លើក និង​ស្មើ​៣​លើក ។

សម្រាប់​កីឡាករ គង់ ហូ​វ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ថៃ​ឈ្មោះ Phuon Savath នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ពិន្ទុ​នេះ​ដែរ ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ  ក្នុង​ពេល​ដែល គង់ ហូ​វ គឺជា​កីឡាករ​មិនធ​ម្មតា ដោយ​លោក​បាន​ចាត់​ទុក​ថា​គឺជា​ជើង​ខ្លាំង និង​ធនធាន​កីឡាករ​វ័យក្មេង​ដ៏​កម្រ​នោះ​ផង ។ ជាក់ស្ដែង​គេ​ឈ្នះ​ជា​ប្រចាំ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក ទើប​មានមុខ​បាន​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គឺជា​ជើង​ចាស់ និង​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨២​លើក ឈ្នះ​៧៥​លើក ចាញ់​៧​លើក និង​មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៥១​លើក ឈ្នះ​៤២​លើក ចាញ់​តែ​៩​លើក និង​មិន​ដែល​ស្មើ​ដូច​គ្នា ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ខណៈ​ដែល​នៅ​ប៉ុស្តិ៍​លេខ​៥ ក៏​មានការ​ប្រកួត​ជម្រុះ​៣២​នាក់​យក​១៦​នាក់​ស​ប្ដា​ហ៍​ទី​៥​នៅ​សង្វៀន​ព្រែក​កំ​ពិស ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​ដែរ ៕