ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បឹង​ស្នេហ៍​ តំបន់​ធម្មជាតិ​​សម្បូរ​ដោយ​សត្វ​ស្លាបរាប់​ពាន់​ក្បាល​

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ តំបន់​អភិរក្ស​បឹង​ស្នេហ៍ គឺជា​តំបន់​អភិរក្ស​ធម្មជាតិ​ទំហំ​ជាង​៧០​ហិ​កតា ស្ថិត​នៅ

ខេត្តព្រៃវែង ៖ តំបន់​អភិរក្ស​បឹង​ស្នេហ៍ គឺជា​តំបន់​អភិរក្ស​ធម្មជាតិ​ទំហំ​ជាង​៧០​ហិ​កតា ស្ថិត​នៅ​លើ​ទីទួល​ពាន់​កាឡី ក្នុងភូមិ​បឹង​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ តំបន់​អភិរក្ស​នោះ​ក្រៅពី​មាន​ផ្ទៃ​បឹង​ដ៏​ធំ ក៏​មាន​ទីទួល ព្រៃរបោះ និង​ព្រៃ​លិច​ទឹក ជា​ពិសេស​ពពួកសត្វ​ស្លាប​ច្រើន​ប្រភេទ​ចំនួន​រាប់​ពាន់​ក្បាល​រស់នៅ ។

តំបន់​អភិរក្ស​បឹង​ស្នេហ៍​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​វូ​មែន (women) ដោយ​អភិរក្ស​ទៅ​លើ​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​នេះ ជា​ពិសេស​ពពួក​សត្វ​ស្លាប​ដូច​ជា ននៀល​ខ្យង ទុង ក្រសារ កុក និង​សំបក​ត្រពាំង​ជាដើម ។ ថ្មី​ៗ​កន្លង​មក​ពពួកសត្វ​ស្លាប​ទាំងនោះ​រង​ការ​គំរាម​គំ​ហែង​ខ្លាំង ពី​អ្នកស្រុក​លប​លួច​ដាក់​អន្ទាក់ និង​លួច​បាញ់​នៅ​ពេល​យប់ ។

លោក​ប៉ាន់ យ​ន ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សត្វ​ស្លាប​ត្រូវ​គេ​លួច​ចាប់​ស្ទើរ​រៀង​រាល់​យប់ ដោយសារ​សហគមន៍​ពុំ​មាន​ឧបករណ៍ និង​បុគ្គលិក​គ្រប់គ្រាន់​សម្រាប់​ដើរ​ល្បាត ។ ចំនួន​សត្វ​ស្លាប​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល ់ហើយ​ពពួកសត្វ ននៀល​ខ្យង ទុង ក្រសារ បាន​បន្លាស់​ទី​ចេញពី​តំបន់​នោះ​ស្ទើរ​អស់ ព្រោះ​ឆ្នាំ​នេះ​ទឹកតូច​ដី​នៅ​ទំនេរ​ច្រើន ងាយស្រួល​ក្នុង​ការ​ចល័ត​ទីតាំង​រក​ចំណី​ទៅ​កន្លែង ផ្សេង​ៗ គួប​ផ្សំ​នឹង​មានការ​បរបាញ់​ពី​ជនខិលខូច​មួយ​ចំនួន ធ្វើ​ឱ្យ​វា​ភ័យ​ខ្លាច។

លោក​ប៉ាន់ យ​ន និយាយ​ថា «​បច្ចុប្បន្ន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍ មាន​បុគ្គលិក​ធ្វើការ​តែ​បី​នាក់​ប៉ុណ្ណោះ អ្នក​ផ្សេង​ឈប់​អស់ហើយ​ព្រោះ​ប្រាក់ខែ​តិច​ពេក ចំណែក​ឧបករណ៍​ខ្វះខាត​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង និង​ការ​ការពារ​មិនសូវ​មាន​ប្រសិទ្ធភាព ព្រោះ​ផ្ទៃដី​ធំ​ដល់​ទៅ​ជាង​៧០​ហិ​កតា ដូច្នេះ​ខ្ញុំ​សុំ​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ និង​មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់ សូម​ជួយ​ឧ​ប​ត្ថ​ម​ដល់​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​នេះ​ផង​» ។

លោក​ទឹម ទេព​វង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង ឲ្យ​កោះសន្តិភាព​ដឹង​ថា តំបន់​អភិរក្ស​បឹង​ស្នេហ៍​មាន​ជំនួយ​ពី​ក្រៅប្រទេស គឺ​អង្គការ​វូ​មែន ហើយ​មាន​សហគមន៍​អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​មូលដ្ឋាន​ជួយ​អភិរក្ស ។ ពី​មុន​មិនសូវ​មាន​សត្វ​ច្រើន​រស់នៅ​ទេ ទើបតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ សំបូរ​សត្វ​បក្សី​រស់នៅ និង​បង្កាត់​ពូជ​ព្រោះ​មានការ​អភិរក្ស។ ការ​អភិរក្ស​នៅ​ទីនោះ​ទាំង​ធនធានធម្មជាតិ និង​សត្វ​គ្រប់​ប្រភេទ ៕