ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​គូ​ដណ្តឹង ឱ​ក សុគន្ធ​កញ្ញា និង​សុគន្ធ នី​សា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​២​ដួង​ក្នុង​ផលិតកម្ម​ហង្ស​មាស គឺ​ឱ​ក សុគន្ធ​កញ្ញា និង​សុគន្ធ និសា លេចលឺ​ដំណឹង​ថា

រាជធានី​ភ្នំពេញ ៖ តារា​២​ដួង​ក្នុង​ផលិតកម្ម​ហង្ស​មាស គឺ​ឱ​ក សុគន្ធ​កញ្ញា និង​សុគន្ធ និសា លេចលឺ​ដំណឹង​ភ្ជាប់ពាក្យ​យ៉ាង​ស្ងៀមស្ងាត់ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​។

ដំណឹង​ពី​ការ​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​លំដាប់​ជួរ​មុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស​មានការ​ទម្លាយ​ឱ្យ​ដឹង​ពី​អ្នកសិល្បៈ​ដូច​គ្នា តែ​មិន​ទាន់​មានការ​ចេញ​មុខ​បញ្ជាក់​ចំពោះ​រឿង​នេះ​ពី​សាមីខ្លួន​ទេ ។

ផ្ទុយ​ពី​ការ​សង្ស័យ​កន្លង​មក​ថា​ តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា បង្កើត​ចំណង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​តារាចម្រៀង​រួម​ក្រុម​លោក​ឆ​ន សុវណ្ណ​រាជ គឺ​វា​ជា​ការ​សង្ស័យ​ខុសស្រឡះ ។

មាន​ប្រភព​លើក​ឡើង​ថា ​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា មិន​បាន​សាង​ស្នេហា​ជាមួយនឹង​លោក​ឆ​ន សុវណ្ណ​រាជ ដូច​ទៅ​នឹង​អ្វី​ដែល​មហាជន​សង្ស័យ​ទេ តែ​ផ្ទុយ​ទៅ​វិញ​តារាចម្រៀង​រូប​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​ប្អូនប្រុស​ថៅកែ​ហង្ស​មាសទៅ​វិញ ។

ប្រភព​ស្និទ្ធ​នឹង​ឱ​ក សុគន្ធ​កញ្ញា បញ្ជាក់​ថា ប្អូនប្រុស​ថៅកែ​ហង្ស​មាស​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ​ខិតខំ​ផ្ចុងផ្តើម និង​យកចិត្តទុកដាក់​ខ្លាំង​លើ​តារាចម្រៀង​រូប​នេះ ។ អ្នក​នាង​ទាំង​ពីរ​បាន​ឈ្វេងយល់​ចិត្ត​គ្នា និង​ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​ឡើង ។ ប្អូន​ថៅកែ​ហង្ស​មាស​ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ឱ​ក សុគន្ធ​កញ្ញា ។

អ្នក​ទាំង​ពីរ​បាន​សម្រេច​ភ្ជាប់ពាក្យ​រួច​ហើយ ប៉ុន្តែ​គ្រាន់តែ​មិន​ទាន់​បើកចំហ​ជា​សាធារណៈ ក្នុង​ពេល​ដែល​ឱ​ក សុគន្ធ​កញ្ញា កំពុង​តែ​ថត​ភាពយន្ត​ថ្មី​ឱ្យ​ហង្ស​មាស ។

ចំណែក​តារាចម្រៀង​ស្រគត់ស្រគុំ​កញ្ញា សុគន្ធ​នី​សា ដែល​កំពុង​តែ​ឡើង​កូដ​ជា​ថ្មី​ក្រោយ​វិល​ចូល​ក្នុង​ផលិតកម្ម​ហង្ស​មាស​វិញ​នោះ​លេចឮ​ដំណឹង​ពី​ការ​ភ្ជាប់ពាក្យ​រួច​ហើយ​ជាមួយ​អាណិកជន​ខ្មែរ​ដែល​ជា​អ្នកជំនួញ​នៅ​ក្រៅប្រទេស ។​អ្នក​ទាំង​ពីរ​គ្រោង​នឹង​ចូល​រោងការ​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ។

ចំណង​ស្នេហ៍​រវាង​សុគន្ធ នី​សា និង​បុរស​អាណិកជន​កើត​មាន​ឡើង​អស់​រយៈពេល​ជាង​៦​ឆ្នាំ​មក​ហើយ ពោល​តាំងពី​តារាចម្រៀង​រូប​នេះ​ចេញ​ទៅ​សម្តែង​នៅ​ទឹកដី​អា​មេ​រិ​ក ។ រឿង​នេះ​គឺ​មាន​តែ​អ្នក​ស្និទ្ធស្នាល​ជាមួយ​សុគន្ធ នី​សា​ប៉ុណ្ណោះ​ដែល​បានដឹង ។

ដំណឹង​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ទាំង​ពីរ​នាក់ គឺ​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា និង​កញ្ញា​សុគន្ធ នី​សា តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​ប្រភព​ក្រៅផ្លូវការ​ប៉ុណ្ណោះ ហើយ​សាមីខ្លួន​ទាំង​ពីរ​នាក់​មិន​ទាន់​ឃើញ​បដិសេធ ឬ​ទទួលស្គាល់​ទេ ។

មហាជន ពិសេស​អ្នកគាំទ្រ​សម្តែង​ការ​អបអរសាទរ​ចំពោះ​ព័ត៌មាន​នោះ បើសិនជា​ការណ៍​ពិត ដោយសារ​តារាចម្រៀង​ទាំង​ពីរ​មាន​វ័យ​កាន់តែ​ច្រើន​សម​ល្មម​នឹង​កសាង​ជីវិត​គូស្រករ​ហើយ ៕