ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​នៅ Las Vegas អាច​ប៉ះពាល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឬទេ ?

6 ឆ្នាំ មុន

Las Vegas ៖ បន្ទាប់​ពី​មានការ​វាយប្រហារ​ប្រដាប់​អាវុធ​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​នា​ពេល​ថ្មី​ៗ​នេះ​មក មាន​សំណួរ​មួយ​សួរ​ថា

Las Vegas ៖ បន្ទាប់​ពី​មានការ​វាយប្រហារ​ប្រដាប់​អាវុធ​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​នា​ពេល​ថ្មី​ៗ​នេះ​មក មាន​សំណួរ​មួយ​សួរ​ថា តើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​បន្ត​មក​កម្សាន្ត​នៅ Las Vegas ឬទេ ?

មាន​មនុស្ស​ជាង​២៥​ម៉ឺន​នាក់​ដែល​ធ្វើការ​ក្នុង​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន បារ និង​កាស៊ីណូ​ក្នុង​ទីក្រុង​នេះ ហើយ​ការងារ​របស់​ពួក​គេ​ពឹងផ្អែក​លើ​ភ្ញៀវ​ទេសចរ​ចំនួន​៤៣​លាន​នាក់​ក្នុង​១​ឆ្នាំ ដែល​មាន​១​ភាគ​៥ មក​ពី​បរទេស ។

លោក Olivier Jager នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ForwardKeys និយាយ​ថា ៖« រយៈពេល​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅ Las Vegas នឹង​ពឹងផ្អែក​លើ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន និង​សមត្ថភាព​សមត្ថកិច្ច​បង្ហាញ​ថា មាន​សន្តិសុខ​ល្អ​ជាង​មុន » ។

អ្នកជំនាញ​ផ្នែក​ធ្វើ​ដំណើរ​និយាយ​ថា ពលរដ្ឋ​អា​មេ​រិ​ក​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់ Las Vegas ព្រោះ​ជន​ដៃដល់​នោះ​ធ្វើការ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ និង​គ្មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវជន​ឡើយ​។ ប៉ុន្តែ​នៅ​មាន​ក្តី​បារម្ភ​ទាក់ទិន​នឹង​ការ​ឆ្លើយ​តប​របស់​អ្នកដំណើរ​អន្តរជាតិ ។

លោកស្រី Diane Bean ភ្នាក់ងារ​ម្នាក់​ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ម្ចាស់​ក្រុមហ៊ុន Off On Vacation បាន​និយាយ​ថា ៖« ខ្ញុំ​គិត​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​បញ្ឈប់​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​កាន់តែ​ច្រើន ដោយសារ​ខ្លាច​ការ​វាយប្រហារ​បែប​នេះ​នៅ​សហរដ្ឋអាមេរិក » ។

យោង​តាម​ការ​សិក្សា​របស់ Pew Center នា​ពេល​ថ្មី​ៗ​នេះ​ឲ្យ​ដឹង​ថា ចំនួន​ពលរដ្ឋ​មាន​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក គឺ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ។ ពលរដ្ឋ​៤​នាក់​ក្នុង​ចំណោម​១០​នាក់​និយាយ​ថា ពួក​គេ​មាន​កាំភ្លើង ឬ​រស់នៅ​ក្នុងផ្ទះ​ដែល​មាន​កាំភ្លើង ។ អត្រា​ការ​បាញ់ប្រហារ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក ក៏​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ដទៃ​ផង​ដែរ ។

យ៉ាងណា​ក្តី លោក Patrick Surry ប្រធាន​អ្នក​វិទ្យាសាស្ត្រ​ទិន្នន័យ​ក្នុង​ក្រុមហ៊ុន Hopper និយាយ​ថា តម្រូវការ​ដំណើរការ​កម្សាន្ត​មក​កាន់ Las Vegas នឹង​កើនឡើង​វិញ បើ​ទោះជា​ចំនួន​អ្នក​បញ្ឈប់​ដំណើរ​កម្សាន្ត​កើនឡើង​ក្នុង​ស​ប្តា​ហ៍​នេះ​ក្តី ។ លោក​ថា ៖« មនុស្ស​មានការ​ចង​ចាំ​រយៈពេល​ខ្លី ហើយ​វា​ប្រហែលជា​មិន​ប៉ះពាល់​អ្នកដំណើរ​សម្រាប់​រយៈពេល​វែង​ឡើយ » ៕