ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​មកកកកុញ​ក្នុងវត្តពងពស់… ដោយសារភិក្ខុ​សង្ឃ១​អង្គ​

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នា​រសៀល​ថ្ងៃ​ទី​២ តុលា ប្រជា​ពុទ្ធបរិស័ទ​រាប់​សិប​នាក់​

ខេត្តព្រៃវែង ៖ នា​រសៀល​ថ្ងៃ​ទី​២ តុលា ប្រជា​ពុទ្ធបរិស័ទ​រាប់​សិប​នាក់​ បាន​នាំ​គ្នា​ទៅ​ពេញ​វត្ត​ពង​ពស់ ​ដែល​ស្ថិត​ក្នុង​ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ដើម្បី​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​មន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​ ក្នុង​រឿង​ដែល​ពួក​គាត់​បាន​ស្នើ​សុំ​និមន្ត​ភិក្ខុសង្ឃ​មួយ​អង្គ​នាម សួ​ស វេន ព្រះ​ជន្ម​៧១​ឆ្នាំ ឱ្យ​ចូល​គង់នៅ​ក្នុង​វត្ត​ពង​ពស់​វិញ ។

អ្នកស្រុក​ទាំងនោះ​បាន​ប្រាប់​កោះសន្តិភាព​ដឹង​ថា ព្រះ​តេជគុណ សួ​ស វេន ពី​មុន​ជា​ចៅអធិការ​វត្ត​ពង​ពស់​នេះ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១១​ដោយ​ព្រះ​តេជគុណ​មាន​អាពាធ​ខ្លាំង ក៏​សម្រេចចិត្ត​សឹក​ជា​គ្រហស្ថ ដើម្បី​ទៅ​ព្យាបាល​ជំងឺ លុះ​ក្រោយ​ពី​ព្យាបាល​ជា​សះស្បើយ​ហើយ ក៏​បាន​បួស​ជា​សង្ឃ​ឡើង​វិញ ហើយ​ពួក​គាត់​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ដែល​ស្រលាញ់​គាំទ្រ​លោក​ក៏​បាន​និមន្ត​ព្រះ​តេជគុណ​ឱ្យមក​គង់នៅ​វត្ត​ពង​ពស់​នេះ​វិញ ដោយ​បាន​សុំ​និង​ព្រមព្រៀង​ពី​ចៅអធិការ​វត្ត​ពង​ពស់​ថ្មី និង​ព្រះ​អនុគណ​ស្រុក​បាភ្នំ​ផង​ដែរ​។

ប៉ុន្តែ​ថ្ងៃ​ដែល​លោក​និមន្ត​មក​ដល់​វត្ត​វិញ ជា​ថ្ងៃ​ហែ​ទៀនវស្សា​ចូល​វត្ត​ផង គឺ​ថ្ងៃ​ទី​៧ សីហា ២០១៧ វេលា​ម៉ោង​៨​យប់​ស្រាប់តែ​មាន​កម្លាំង​ប៉ូលិស​៦​ទៅ​៧​នាក់​បាន​ទៅ​ចាប់​ព្រះ​តេជគុណ​ចេញពី​វត្ត​ទាំង​យប់ យក​ទៅ​ដាក់​នៅ​ក្នុង​វត្ត​ជ្រៃ​ឧត្តម ដែល​ជា​វត្ត​អនុគណ​ស្រុក លុះ​ព្រឹក​ឡើង​ក៏​ដេញ​លោក​ចេញ​លែងឱ្យ​គង់នៅ​ក្នុងស្រុក​បាភ្នំ​តទៅ​ទៀត ទើប​ធ្វើ​ឱ្យ​ពួក​គាត់​ជា​ពុទ្ធបរិស័ទ​ដែល​គាំទ្រ​លោក កើត​ទុក្ខ​មិន​សុខចិត្ត​ហើយ​ក៏​បាន​ធ្វើ​លិខិត​ផ្តិត​មេដៃ​ជាង​៣០០​នាក់ ស្នើ​សុំ​ទៅ​ក្រសួង​ឱ្យ​ជួយ​អន្តរាគមន៍​ឱ្យ​លោក​បាន​មក​គង់នៅ​ក្នុង​វត្ត​ពង​ពស់​វិញ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​ឃើញ​សំណើ​របស់​ពួក​គាត់​ហើយ លោក ហ៊ឹ​ម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​ចេញ​លិខិត​មួយ​លេខ​៦០៣/១៧​ក​ធ​ស ចុះ​ថ្ងៃ​ទី​២៥ សីហា ២០១៧ ដោយ​ជម្រាប​មក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តព្រៃវែង​ឱ្យ​ធ្វើការ​សម្របសម្រួល តាម​ការ​ស្នើ​សុំ​របស់​ពុទ្ធបរិស័ទ តែ​លិខិត​នេះ​មិន​ត្រូវ​បាន​មន្ត្រី​នៅ​ថ្នាក់​ក្រោម​អនុវត្ត​តាម​នោះ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​២ តុលា ២០១៧ ក៏​ឮដំណឹង​ថា​មាន​មន្ត្រី​ខាង​ក្រសួង​ចុះ​មក​ដោះស្រាយ ទើប​ពួក​គាត់​នាំ​គ្នា​មក​រង់ចាំ​មើល​ការ​ដោះស្រាយ​នៅ​ក្នុង​វត្ត​ពង​ពស់ តែ​ជា​លទ្ធផល​ពួក​គាត់​បាន​ត្រឹមតែ​ខកចិត្ត ព្រោះ​មិនឃើញ​ខាង​ក្រសួង​ណា​ម្នាក់​បាន​ចុះ​ទៅ​ដល់​វត្ត​ពង​ពស់​នោះ​ទេ ។

ចំពោះ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ព្រះ​តេជគុណ នុ​ត វណ្ណៈ ព្រះ​អនុគណ​ស្រុក​បាភ្នំ និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ជ្រៃ​ឧត្តម ហៅ​វត្ត​ខ្លា​លោត បាន​មាន​ថេរ​ដីកា​ថា នៅ​រសៀល​ថ្ងៃ​ទី​២​តុលា​នោះ គឺ​ពិតជា​មាន​មន្ត្រី​ខាង​ក្រសួង​ធម្មការ​និង​សាសនា​ចុះ​មក​មែន ប៉ុន្តែ​ក្រោយ​ពី​ស្តាប់ព័ត៌មាន​ទាក់ទង​នឹង​រឿងរ៉ាវ​ជុំវិញ​វត្ត​ពង​ពស់​ពី​ខាង​អាជ្ញាធរ មន្ត្រី​ធម្មការ​ស្រុក និង​ព្រះ​អនុគណ​ស្រុក​រួច​មក ឃើញ​ថា​មាន​ភាព​មិន​ច្បាស់លាស់​ច្រើន ទើប​ខាង​ក្រសួង​ចាត់​ឱ្យ​មន្ត្រី​ធម្មការ​ខេត្ត​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឡើង​វិញ និង​ធ្វើ​របាយការណ៍​ជូន​ទៅ​ក្រសួង​សា​ជា​ថ្មី ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា មាន​ប៉ូលិស​ទៅ​ចាប់​ព្រះ​តេជគុណ សួ​ស វេន យក​ចេញពី​វត្ត​ទាំង​យប់​នោះ ត្រូវ​បាន​លោក ឃិ​ន សា​រ៉ែ​ន នាយ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​រោង​ដំរី​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៧​សីហា​នោះ ពិតជា​មាន​កម្លាំង​ប៉ូលិស​ទៅ​កាន់​វត្ត​ពង​ពស់​មែន គឺ​រូប​លោក​ជា​អ្នកដឹកនាំ​ទៅ​ដោយ​ផ្ទាល់ ប៉ុន្តែ​មិនមែន​ទៅ​ចាប់​លោក​ទេ គឺ​ទៅ​និមន្ត​លោក​តាម​សម្រួល​ក្រោម​បទបញ្ជា​ពី​លោក​អភិបាលស្រុក​និង​លោក​អធិការ​ស្រុក​ផ្ទាល់ បញ្ជា​ឱ្យ​និមន្ត​លោក​ទៅ​គង់នៅ​វត្ត​ជ្រៃ​ឧត្តម ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​បញ្ហា​កើតឡើង ព្រោះ​នៅ​ក្នុង​បរិវេណ​វត្ត​ពេល​ដែល​លោកតា សួ​ស វេន និមន្ត​ចូល​ដល់​ភ្លាម​ទាំង​ព្រះសង្ឃ ទាំង​គណៈកម្មការ​អាចារ្យវត្ត និង​ពុទ្ធបរិស័ទ​បាន​ចែក​បក្ស​គ្នា​ជា​២​កាន់ជើង​ម្ខាង​ម្នាក់ ដូច្នេះ​បើ​ទុក​លោក​ឱ្យ​គង់នៅ​ក្នុង​វត្ត​ច្បាស់​ជា​មាន​អធិករណ៍​កើតឡើង​នៅ​ពេល​ណាមួយ​មិន​ខាន ទើប​ព្រះ​អនុគណ​ស្រុក​និង​លោក​អភិបាល​សម្រេច​ឱ្យ​និមន្ត​លោកតា សួ​ស វេន ចេញពី​វត្ត​តែ​ម្តង​ទៅ ។