ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​រៀបចំ​ជួសជុល​ផ្លូវជាតិ ដែល​ទទួល​រង​ការ​ខូចខាត

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​ផ្លូវ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​រង្វង់​មូលសញ្ញា​ត្បូង​ទទឹម

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​ផ្លូវ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​រង្វង់​មូលសញ្ញា​ត្បូង​ទទឹម ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​ទទួល​រង​ការ​ខូចខាត​ជា​ញឹកញាប់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ចាត់​ឱ្យ​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រៀបចំ​ឈូស​ឆាយ​ជួល​ជុល​សារ​ជា​ថ្មី​ឡើង​វិញ ដោយ​ចាក់​បេតុង​អា​មេ ជំនួស​ឱ្យ​ការ​ក្រាល​កៅស៊ូ ។

ប្រភព​ព័ត៌មាន​ពី​លោក អ៊ា​ត សា​រ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បានឱ្យ​ដឹង​ថា ផ្លូវជាតិ​១​កន្លែង ស្ថិត​នៅ​ក្បែរ​រង្វង់​មូលសញ្ញា​ត្បូង​ទទឹម ជា​ផ្លូវ​ចុះ​ចំណោត ដែល​ទទួល​រង​ការ​ខូចខាត​ជា​ញឹកញាប់ បើ​ទោះបីជា​ខាង​អាជ្ញាធរ ខំប្រឹង​ធ្វើការ​ជួសជុល​រឿយ​ៗ យ៉ាងណា​ក៏​មិន​អាច​ទប់​ជាប់​បាន ព្រោះ​ពេល​រថយន្ត​ធំ​ៗ ដឹក​ទំនិញ​មក​ដល់​ចំណុច​ខាងលើ​នេះ ជា​កន្លែង​រង្វង់​ហើយ​ចោត លុះ​ពេល​ក្តៅ​ខ្លាំង ស្រប​ពេល​ដែល​រថយន្ត​ដឹក​ធ្ងន់ ក៏​បណ្តាល​ឱ្យ​ផ្លូវ​ក្រាល​កៅស៊ូ ញែក​បែក​ចេញពី​គ្នា ទទួល​រង​ការ​ខូចខាត​តែ​ម្តង ។ តែ​រហូត​មក​ដល់​ពេល​ចុង​ក្រោយ​នេះ មាន​តែ​ខាង​មន្ទីរ​រៀបចំ​ចាក់​បេតុង​ជំនួស​ក្រាល​កៅស៊ូ​វិញ ទើប​អាច​ធានា​គុណភាព​មិន​ឱ្យ​ឆាប់​ខូច​តទៅ​ទៀត ។

លោក​បន្ត​ទៀត​ថា ការ​ជួសជុល​ឡើង​វិញ ត្រង់​កន្លែង​ខូច​នេះ មាន​ប្រវែង​១៤៦៩​ម៉ែត្រការ៉េ ហើយ​បើ​ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ ក៏​ខាង​មន្ទីរ​នៅ​តែ​ចាត់​កម្លាំង​បន្ត​ធ្វើការ​ជួសជុល​ឱ្យ​រួចរាល់​ឆាប់រហ័ស ដើម្បី​បង្ក​លក្ខណ​:​ងាយស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ទៅ​មក​ងាយស្រួល​ផង​ដែរ ។ លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧​នេះ បើ​ទោះបីជា​ផ្លូវ​ខូច​នៅ​ក្នុង​ក្រុង ឬ​ផ្លូវជាតិ​តាម​តំបន់​មួយ​ចំនួន​ទៀត​ក្រៅ​ក្រុង ក៏​ខាង​មន្ទីរ​នៅ​បន្ត​ជួសជុល​ដដែល ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​២០១៨​ខាង​មុខ ផ្លូវ​ក្នុង​ក្រុង ត្រូវ​ខាង​ក្រុមការងារ​ខេត្ត​ជា​អ្នក​រៀបចំ​ជួសជុល​ជំនួស​វិញ ឬ​ឯខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន នឹង​សាងសង់​ផ្លូវ​ថ្មី​ៗ​បន្ថែម​ទៀត ។

ចំណែក​ផ្លូវ​ខូចខាត ក្លាយជា​ជង្ហុក​តូច​ធំ នៅ​តាម​ភូមិ​នីមួយ​ៗ ក្នុង​ក្រុងប៉ៃលិន ខាង​ក្រុមការងារ​នៃ​មន្ទីរ​កំពុង​តែ​ដើរ​មើល ដើម្បី​ធ្វើការ​ជួសជុល ការពារ​កុំឱ្យ​បន្ត​ខូចខាត​កាន់តែ​ធំ នាំ​ឱ្យ​មានការ​លំបាក​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ ៕