ជំនន់​ទឹកភ្លៀង​បង្ក​ឲ្យ​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ


ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពិសេស​គឺ​ក្នុង​យប់​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ បាន​បង្ក​ឲ្យ​លិចលង់​ដល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣៥០​គ្រួសារ ស្ថិត​ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បណ្ដាល​ឲ្យ​រង​នូវ​ការ​ខូចខាត ទាំង​ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លូវថ្នល់ សាលារៀន និង​អគារ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ការពារ​ព្រំដែន​មួយ​ចំនួន​ផង​ដែរ​។ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧​នេះ ដោយ​មាន​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ផែនការ​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​ស្តីទី និង​លោក​វរសេនីយ៍ឯក ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​កងកម្លាំង​នគរបាល​ខេត្ត កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥-៨៩១ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ចុះ​ជួយ​យក​សម្ភារ និង​ជម្លៀស​ប្រជាពលរដ្ឋ មក​រក​ទីទួល​មាន​សុវត្ថិភាព​។

នេះ​បើ​តាម​ការ​រៀបរាប់​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​ស្តីទី បាន​ឲ្យ​អ្នក​ព័​ត៌​យើង​បានដឹង​នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧​នេះ​។ ពេល​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ប្រជាពលរដ្ឋ​គាត់​និយាយ​អំពី​ស្ថានភាព​នៃ​ទឹកជំនន់​នេះ គឺ​មានការ​ឡើង​យ៉ាង​គំហុក បណ្តាល​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​គាត់​លិច​អស់​ខ្លះ សម្ភារ​ក្នុងផ្ទះ​ក៏​យក​មិន​បាន ដោយ​រសាត់​ទៅ​តាម​ទឹក​ហូរ មាន​តែ​អីវ៉ាន់​តិចតួច​ដែល​យក​បាន​។ ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ដល់​កងកម្លាំង​នគរបាល ពេល​ដែល​ប្រជាពលរដ្ឋ មានទុក្ខ​ធុរៈ តែងតែមាន​កងកម្លាំង​នគរបាល​ចុះ​មក​ជួយ​ទាន់​ពេល​។ ជាមួយ​គ្នា​នោះ​ដែរ​លោក ញឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបន្ទាយមានជ័យ ក៏​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​០១-០២ និង​ទី​០៣ ខែតុលា នេះ​គឺ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ធំ នៅ​ក្នុងស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដោយ​កត្តា​អាកាសធាតុ​មានការ​ប្រែប្រួល កំណើន​ទឹកនឹង​ឡើង​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ទី​៩ ឬ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​នេះ ហើយ​ស្រុក​ដែល​ត្រូវ​ប្រកា​សភាព​អាសន្ន​គឺ​មានស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​ស្តីទី បាន​បញ្ជាក់​ផង​ដែរ​ថា​៖ បើ​គិត​ជា​តួលេខ​ជាបឋម មាន​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​នេះ ប្រមាណ​ជា​២៥០​គ្រួសារ លើ​៤​ឃុំ ក្នុងស្រុក​ម៉ា​ឡៃ គឺ​ឃុំ​អូរ​សំព័រ ឃុំ​ទួល​ពង្រ ឃុំ​អូរ​ស្រឡៅ និង​ឃុំ​បឹង​បេង ក្នុង​នោះ​មាន​ក៏​មានការ​ខូចខាត​នូវ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លូវថ្នល់ សាលា និង​អគារ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន រួម​ទាំង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ផង​ដែរ​។ ទន្ទឹម​នឹង​កើត​មាននូវ​គ្រោះ​ទឹកជំនន់​គឺ​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ដល់​អាយុជីវិត​នោះ​ឡើយ គ្រាន់តែ​បាត់បង់​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ដែល​យក​មិន​ទាន់ ត្រូវ​បាន​រសាត់​ទៅ​តាម​ទឹក​ហូរ​អស់​។ នា​ពេល​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ​ក៏​បាន​ឧបត្ថម្ភ​ថវិកា របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ចំនួន​១០​ម៉ឺន​រៀល ជូន​ដល់​លោកយាយ​ដែល​មាន​អាយុ​៩៥​ឆ្នាំ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​រស់នៅ​ម្នាក់ឯង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ