ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិយោបល់​មួយ​ចំនួនជុំវិញ​ជម្លោះ​រវាង​អ្នកសិល្បៈ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ជម្លោះ​ក្នុង​ចង្កោម​អ្នកសិល្បៈ​បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់ ដោយ​

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ជម្លោះ​ក្នុង​ចង្កោម​អ្នកសិល្បៈ​បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់ ដោយ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជា​វេទិកា​វាយប្រហារ​គ្នា​ជា​សាធារណៈ ។

ជម្លោះ​ទាំងនោះ​ត្រូវ​គេ​មើលឃើញ​ថា ធ្វើ​ឲ្យ​សង្គម​សិល្បៈ​មាន​ភាព​ស្រអាប់​ពណ៌ ក្នុង​ពេល​ដែល​អ្នកសិល្បៈ​ខ្មែរ​ទាំងនោះ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមគួរ បូក​រួម​ជាមួយ​ពាក្យ​អសុរោះ​ហែកកេរ្តិ៍​គ្នា​ជា​សាធារណៈ​ដោយ​មិន​មានការ​លាក់លៀម ។

ចំណុច​មួយ​នេះ​ត្រូវ​ភាគី​ពាក់ព័ន្ធ និង​មហាជន​មួយ​ចំនួន​ស្តីបន្ទោស និង​ណែនាំ​ឱ្យ​គ្រប់​ភាគី​ជម្លោះ​គួរតែ​មានការ​អត់ធ្មត់​ឱ្យ​បាន​ច្រើន និង​ត្រូវ​រក​វិធី​ដោះស្រាយ​តាម​សន្តិវិធី​ក្នុង​នាមខ្លួន​ជា​បុគ្គល​សាធារណៈ ។

អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច កាលពី​ពេល ថ្មី​កន្លង​មក​លើក​ឡើង​ថា ជម្លោះ​រវាង​អ្នកសិល្បៈ​ដែល​បាន​កើត​មាន​កន្លង​មកនេះ​គឺ​បង្ហាញ​ពី​ភាព​បែកបាក់​មួយ​ដែល​ធ្វើ​ឱ្យ​មហាជន​មើល​មក​ក្នុង​ផ្លូវ​អវិជ្ជមាន ។ អ្នកសិល្បៈ​មួយ​ចំនួន​យក​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​វេទិកាសាធារណៈ​ក្នុង​ការ​ឈ្លោះ​គ្នា ឬ​ការ​ប្តឹងផ្តល់​គ្នា​នោះ គឺជា​ការ​បង្ហាញ​ពី​ការ​បែកបាក់​និង​អាប់អួ ខណៈ​ពេល​ដែល​កន្លង​មក​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ខិតខំ​ធ្វើ ល្អ​ៗ និង​ជួយ​ដល់​សង្គម​ជាតិ ។

បើ​តាម​លោក​សុះ ម៉ាច តាម​រយៈ​អំពើ​ទាំង​អស់នោះ អ្នកសិល្បៈ​ចាស់ ថ្មី​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ភាព​អស់​ជំ​ងឿ  ក្នុង​ពេល​ដែល​អ្នកសិល្បៈ​អស់ទាំង​នោះ​ធ្វើ​ឱ្យ​មានឈ្មោះ​អាក្រក់​ដល់​ពួក​គាត់​ដែល​មិន​ពាក់ព័ន្ធ ។

លោក​សុះ ម៉ាច អះអាង​ថា «​យើង​មិន​ចង់​ឃើញ​អ្នក​ទាំង​សិល្បៈ​បង្កជម្លោះ​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា និង​ជាមួយ​មហាជន​ណាមួយ​ដោយ​ប្រើ​ពាក្យពេចន៍​អសុរោះ​នោះ​ឡើយ ព្រោះ​វា​​បាន​ធ្វើ​ឱ្យ​បាត់​បង់​នូវ​តម្លៃ​សិល្បៈ​ទាំងមូល ។

ខ្ញុំ​សូម​ស្នើ​ឱ្យ​អ្នកសិល្បៈ​ទាំងអស់ កុំ​យក​បញ្ហា​ជម្លោះ​ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​វេទិកាសាធារណៈ បើ​មានរឿង​អ្វី​គួរ​រក​វិធី​ដោះស្រាយ​តាម​សន្តិវិធី ព្រោះ​យើង​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ចង្កោម​តែ​មួយ​» ។

ជា​ផលិតករ​ជើង​ចាស់​លោក​មុត ថា​រី និយាយ​ថា សង្គ្រាម​ពាក្យ​សំដី​របស់​លោក​អ្នកសិល្បៈ​កន្លង​មក​អាច​ថា​ជា​ការ​យល់​ច្រឡំ​ដោយ​ស្តាប់​គ្នា​មិន​បាន ហើយ​លោត​តាម​ចង្វាក់​ញាក់​នៃ​ការ​comment ​តាម​ហ្វេ​ស​ប៊ុ​ក ។

លោក​មុត ថា​រី និយាយ​ថា «​ខ្ញុំ​មិនសូវ​បានដឹង​ពី​ជម្រៅ​នៃ​ជម្លោះ​នោះ​ទេ តែ​ខ្ញុំ​គ្រាន់តែ​សុំ​អំពាវនាវ​ថា បើ​យើង​មាន​សាមគ្គីភាព យើង​អាច​សម្រេច​ការងារ​គ្រប់យ៉ាង​បាន ។ សូម​ទុក​រឿង​ផ្ទាល់ខ្លួន​មួយ​ឡែក ឈប់​ហែកហួរ​គ្នា​ទៅ​មិន​ចំណេញ​ទេ ។ ប្រសិនបើ​ភាគី​ទាំង​អស់នោះ​នៅ​តែ​បន្ត​ការ​ហែកហួរ​គ្នា​ទៀត​នោះ វា​អាច​នឹង​ជះ​ឥទ្ធិពល​មួយ​យ៉ាង​អាក្រក់ ដែល​មហាជន​នឹង​យល់​ថា សង្គម​សិល្បៈ​គឺ​ប្រកបដោយ​ភាព​ច្រណែនឈ្នានីស​គ្នា​ជា​មិន​ខាន​ឡើយ​» ។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា លើក​ឡើង​ថា ជម្លោះ​អ្នកសិល្បៈ និង​អ្នកសិល្បៈ​នោះ​គឺ​មិន​អាច​ប៉ះពាល់​ដល់​សិល្បៈ​ទាំងមូល​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​អ្នកសិល្បៈ​ខ្លួនឯង​ផ្ទាល់ ។ នៅ​ពេល​ដែល​ពួក​គាត់​យក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​វេទិកា​វាយបក​តបត​គ្នា​នោះ គឺ​ច្បាស់​ណាស់ ពួក​គាត់​ទាំងនោះ​បាន​យក​រឿងអាស្រូវ​ទៅ​លាតត្រដាង​ប្រាប់​មហាជន​ទូទៅ​ដោយ​ស្វ័យប្រវត្តិ នោះ​គឺជា​កត្តា​មួយ​មិនល្អ​ឡើយ ។

បើ​តាម​លោក​ថៃ នរៈ​សត្យា ថា​«​ហ្វេ​ស​ប៊ុ​ក គឺ​ល្អ​ហើយ​បើ​យើង​ចេះ​ប្រើ​វា តែ​វា​មិនល្អ​ទេ​បើ​យើង​មិន​ចេះ​ប្រើ​វា វា​អាច​ធ្វើ​ឱ្យ​គេ​បែកបាក់ អាម៉ាស់មុខ តែ​អាច​លើកមុខ​មាត់​យើង ហើយ​វា​ក៏​អាច​ទម្លាក់​យើង​បាន​ដូច​គ្នា ។

ខ្ញុំ​សូម​ឱ្យ​អ្នកសិល្បៈ​ទាំងអស់​កុំ​យល់​ថា ហ្វេ​ស​ប៊ុ​ក​គឺជា​ហ្វេ​ស​ប៊ុ​ក ត្រូវ​គិត​ថា​ហ្វេ​ស​ប៊ុ​ក​មាន​តួនាទី​ជា​អ្នក​សារព័ត៌មាន ផ្សេង​ៗ ដូច្នេះ​អ្វី​ដែល​យើង​បាន​ផ្សាយ​ទៅ​នោះ​មិនមែន​ឃើញ​តែ​បុគ្គល​តែ​ម្នាក់​នោះ​ឡើយ គឺ​វារ​ត់ទៅ​លើ​លំហ​អាកាស​ដែល​មនុស្ស​ទូ​ទាំង​ពិភពលោក​ទទួល​បាន​ទាំងអស់ អ៊ីចឹង​សូម​ប្រុង​ប្រយ័ត្ន ។

បើ​ទោះបីជា​បុ​គ្គម្នាក់​ហ្នឹង​យើង​ថា​គាត់​អាក្រក់​ណាស់ ប៉ុន្តែ​មហាជន​រាប់រយ​នាក់​ក៏​មិន​យល់​ស្រប​ស្អប់​ទៅ​តាម​យើង​ដែរ ហើយ​បើ​បុគ្គល​ហ្នឹង​យើង​ថា​ល្អ ក៏​មនុស្ស​រាប់រយ​នាក់​ទៀត​ក៏​មិន​យល់​ថា​ល្អ​តាម​យើង​មួយ​រយ​ភាគរយ​ដែរ ។

ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នកសិល្បៈ​ទាំងអស់​ឱ្យ​យល់​បញ្ហា​នេះ​ស៊ីជម្រៅ កុំ​យក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​វេទិកា​ហែកហួរ​គ្នា វាយប្រហារ​គ្នា​ដោយ​រឿងអាស្រូវ ព្រោះ​នោះ​មិនមែន​ជា​វិធី​ដោះស្រាយ​ដោយ​ល្អ​នោះ​ឡើយ​» ។

ជា​អ្នក​តាមដាន​សិល្បៈ​ម្នាក់​លោក​កែវ សំបូរ ផ្តល់​យោបល់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​ឃើញ​បញ្ហា​ជម្លោះ​អ្នកសិល្បៈ​កើត​មាន​ជា​បន្តបន្ទាប់ តែ​លោក​មិន​អះអាង​ថា អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​នោះ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​លោក​ជា​មហាជន​មួយ​រូប លោក​យល់​ថា អ្នកសិល្បៈ​មិន​គួរ​បង្កជម្លោះ​ជាមួយ​គ្នា ដោយ​បើកចំហ​ជា​សាធារណៈ​ឡើយ ព្រោះ​ជា​បុគ្គល​សាធារណៈ​ដែល​មហាជន​ចាប់អារម្មណ៍ ។ អ្នកសិល្បៈ​គួរតែ​ដើរតួ​នាទី​ជា​អ្នក​ផ្តល់​ការ​អប់រំ ការ​កម្សាន្ត ផ្សេង​ៗ និង​អាច​ជា​អ្នក​ជួយ​ដល់​សង្គម​ដើម្បី​បំផុស​មហាជន​ឱ្យ​យក​ធ្វើ​គំរូ ជា​ជាង​បង្ក និង​ធ្វើ​សកម្មភាព​មិនល្អ ផ្សេង​ៗ​នាំ​ឱ្យ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​សង្គម​សិល្បៈ​និង​សង្គម​ជាតិ​ទាំងមូល ។

ការ​ប្រើប្រាស់​ពាក្យ​អសុរោះ បើជា​អ្នកសិល្បៈ​ដែល​មានការ​គាំទ្រ​ខ្លាំង​នោះ  គឺ​មិន​ត្រូវ​ប្រើ​ជា​សាធារណៈ​ឡើយ ព្រោះ​ជា​ជន​គំរូ​ដល់​មហាជន​រាប់​ម៉ឺន​នាក់ ។

ក្នុង​នាម​លោក​ជា​អ្នកគាំទ្រ​សិល្បៈ​ខ្មែរ​មួយ​រូប លោក​កែវ សំបូរ សំណូមពរ​ដល់​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ចូល​ចិត្ត​បង្កជម្លោះ​នោះ​ឱ្យ​បញ្ឈប់ ឬ​ក៏​អាច​ប្រើប្រាស់​វិធី​ណាមួយ​ក្នុង​ការ​សម្របសម្រួល​គ្នា​ពេល​កើត​មាន​ជម្លោះ​ចៀសវាង​យក​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​វេទិកា​ឆ្លើយឆ្លង​គ្នា ។

ជា​ការ​កត់សម្គាល់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​អ្នកសិល្បៈ​មួយ​ចំនួន​ប្រើប្រាស់​វេទិកា​ហ្វេ​ស​ប៊ុ​ក​បង្កើត​ជា​ពាក្យ​ឌឺដង ផ្លែផ្កា​សំដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នោះ​គេ​សង្កេត​ឃើញ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​ហេង ឡុ​ង ជា​គូស្នេហ៍​កើត​មាន​ជម្លោះ​រហូត​ឈាន​ទៅ​ដល់​ការ​ប្តឹងផ្តល់​គ្នា​ជាមួយ​លោក​សុវណ្ណ មក​រា ។ អ្នក​ទាំង​ពីរ​បាន​យក​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។

ដោយឡែក​តារាចម្រៀង​វ័យក្មេង​លោក​ជី ដេ​វី​ដ បាន​កើតទុក្ខ​មិន​សុខចិត្ត​ជាមួយនឹង​ការ​និយាយ​អាក្រក់​ពី​ខ្លួន​ដោយ​អ្នកសិល្បៈ​ម្នាក់  ហើយ​ទាស់ទែង​គ្នា​ផង​ដែរ ។ តារាចម្រៀង​រូប​នេះ​បាន​បង្ហោះ​បទ​រ៉េ​ប​ឌឺដង ឆ្លើយ​តប​ទៅ​កាន់​ក្រុម​តារាចម្រៀង​Original​ក្មេង​ខ្មែរ ខ្មែរ​មួយ​ជីវិត និង​ឌី​ជេ​អាចារ្យ​ធំ ហើយ​ពួក​គេ​ទាំងនោះ​បន្ត​ឆ្លើយឆ្លង​គ្នា​បន្តបន្ទាប់ ៕