ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាយាម​តម្រង់​ទិស​ដៅ​របស់​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

កង្វះខាត​ការ​តាមដាន និង​ត្រួតពិនិត្យ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​បាន​ធ្វើ​ឲ្យ

ទីក្រុង​ញូ​វ​យ៉​ក ៖ កង្វះខាត​ការ​តាមដាន និង​ត្រួតពិនិត្យ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​បាន​ធ្វើ​ឲ្យ Facebook មាន​ថាមពល​យ៉ាង​ខ្លាំងក្លា​លើ​អ្នក​ប្រើប្រាស់​ប្រមាណ​២​ប៊ី​លាន​នាក់​។ Facebook ក៏​បាន​បង្ក​ផល​ប៉ះពាល់​ដោយ​អ​ចេតនា​មួយ​ចំនួន​ផង​ដែរ ។

ក្រុម​ទទួល​ស៊ើបអង្កេត​បញ្ហា​ប្រទេស​រុ​ស្ស៊ី ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ បាន​អញ្ជើញ Facebook, Google និង Twitter មក​សាកសួរ ។ Facebook បាន​យល់​ស្រប​ឲ្យ​អ្នកស៊ើប​អង្កេត​ផ្សាយពាណិជ្ជកម្ម​ផ្នែក​នយោបាយ ដែល​ទិញ​ដោយ​ក្រុម​មនុស្ស​មានការ​គាំទ្រ​ពី​រុ​ស្ស៊ី និង​ប្រកាស​គោលនយោបាយ​ថ្មី​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​បែប​នេះ ។

Facebook បាន​ទទួលស្គាល់​ពី​តួនាទី​របស់​ខ្លួន ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មើលឃើញ​ព័ត៌មាន​ក្លែងក្លាយ​ក្នុងអំឡុងពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ និង​ប្រកាស​ពី​វិធានការ​ដោះ​ស្រាយ​​ផង​ដែរ ។ ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg បាន​និយាយ​សូមទោស​ប្រមាណ​១០​ខែ​មក​ហើយ បន្ទាប់​ពី​ទទួលស្គាល់​បញ្ហា​នេះ ។

ពេល​មាន​បញ្ហា​កើត​មាន​ឡើង Facebook តែងតែ​អះអាង​ថា គោលការណ៍​របស់​ខ្លួន​មិន​បង្ក​ឲ្យ​មានការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ឡើយ ។ ពួក​គេ​លំបាក​ចាប់​អ្នក​គ្រប់​គ្នា ដែល​ព្យាយាម​ប្រើ Facebook មិន​ត្រឹមត្រូវ ។ ពេល​ដែល​ត្រូវ​បាន​ប្តឹង ពួក​គេ​តែង​ទទួលស្គាល់​កំហុស​មួយ​ចំនួន រួច​ផ្តល់​វិធានការ​ដោះស្រាយ​បន្តិចបន្តួច ។

មក​ដល់​ពេល​នេះ Facebook មើលឃើញ​ការ​លូតលាស់​នៃ​ចំនួន​អ្នក​ប្រើប្រាស់ ប្រាក់​ចំណូល និង​តម្លៃ​ភាគហ៊ុន​កើនឡើង​មិន​ឈប់​។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​បង្កើត​ចំណុច​ពិសេស​ថ្មី​ៗ​ដល់​អ្នក​ប្រើប្រាស់ បើ​ទោះជា​ពួក​គេ​ប្រើប្រាស់​ព័ត៌មាន​លម្អិត​របស់​អ្នក​ប្រើប្រាស់​ដើម្បី​ផ្សាយពាណិជ្ជកម្ម និង​ពិសោធន៍​លើ​អាកប្បកិរិយា​របស់​អ្នក​ប្រើប្រាស់​ជាដើម ។

Facebook ពឹងផ្អែក​លើ​ចំនួន​អ្នក​ប្រើប្រាស់​ថ្មី​ៗ និង​ទាញ​ថវិកា​ពី​ការ​ផ្សាយពាណិជ្ជកម្ម​។ ប្រព័ន្ធ​បង្កើត​គណនី​ថ្មី និង​ទិញ​ការ​ផ្សាយពាណិជ្ជកម្ម​មាន​ភាព​ស្វ័យប្រវត្តិ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ដំណើរការ​មាន​ប្រសិទ្ធភាព និង​រក​ប្រាក់​ចំណេញ​បាន​ច្រើន ។

ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ Facebook បាន​ទាក់ទាញ​ការ​លក់​ប្រមាណ​១៧​ប៊ី​លាន​ដុល្លារ និង​រាយការណ៍​ពី​ប្រាក់​ចំណេញ​ស្មើ​ជិត​៧​បី​លាន​ដុល្លារ ។

លោក David Gerzof Richard សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​ក្នុង​មហាវិទ្យាល័យ Emerson College គិត​ថា Facebook គួរតែ​មើលទៅ​លើ​ការ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវជា​បញ្ហា​បច្ចេកទេស​មួយ។

បច្ចុប្បន្ន Facebook ផ្តល់​រង្វាន់​ដល់​អ្នករក​ឃើញ​ចន្លោះ​ខ្វះខាត ឬ​បញ្ហា​ផ្សេង​ៗ​លើ Facebook ។ ពួក​គេ​ក៏​គួរ​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​តាមដាន​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ក្នុង​ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជ​កម្ម​ផង​ដែរ ៕  ​      ដោយ ៖ ណៃ ដា​លី​ន