ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​បណ្ដាល​ឲ្យ​លិច​ផ្លូវ​បេតុង​ឃ្យូ​អឹ​ម​អាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ពោធិ៍ ហៅ​ផ្លូវ​ឃ្យូ​អឹ​ម​អាយ​(QMI) ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ពោធិ៍ ហៅ​ផ្លូវ​ឃ្យូ​អឹ​ម​អាយ​(QMI) ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ទឹក​លិច​ចម្ងាយ​ប្រហែល​ជិត​៣០០​ម៉ែត្រ និង​មាន​ជម្រៅ​ត្រឹម​ភ្លៅ និង​បាន​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង ព្រោះតែ​លូ​តូច​មិន​អាច​ឲ្យ​ទឹក​ហូរ​លឿន​បាន​ឡើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​រយៈពេល​ប្រហែល​ជិត​១​ម៉ោង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៧​។ ចំណែកឯ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ក៏​ត្រូវ​បាន​ទឹក​លិច​ចម្ងាយ​២០០​ម៉ែត្រ និង​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​រយៈពេល​ជិត​២​ម៉ោង​ផង​ដែរ ប៉ុន្តែ​ក្រោយ​ពី​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​សម្រួល​ទើប​លែង​មានការ​កកស្ទះ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ជា​ប្រពៃណី​ហើយ​ដែល​ផ្លូវ​បេតុង​ឃ្យូ​អឹ​ម​អាយ​ត្រូវ​ទឹក​លិច​បែប​នេះ ព្រោះ​ឲ្យ​តែ​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គឺ​តែងតែ​លិច​បែប​នេះ ហើយ​ក្រោយ​ពេល​រាំងភ្លៀង​ជា​ច្រើន​ម៉ោង​ទើប​ស្រក​ទៅ​វិញ ព្រោះ​ប្រពន្ធ​លូ​មាន​មិន​គ្រប់គ្រាន់ ហើយ​លូ​តូច​ៗ​ថែម​ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ផ្លូវ​មួយ​នេះ​បាន​រង​ការ​លិចលង់​ជា​រៀង​រាល់​ឆ្នាំ រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​មិន​ដែល​ថា​នៅ​ក្នុង​ឆ្នាំ​ណាមួយ​អត់​លិច​នោះ​ទេ ហើយ​កាលពីមុន​ពេល​ដែល​លោក សុទ្ធ សាធ ធ្វើ​ជា​ចៅសង្កាត់ គាត់​ខិតខំ​ស្ដារ​ប្រព័ន្ធ​លូ និង​ជួយ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សប្បុរសជន​ជួយ​ដាក់​លូ​ខ្លាំង​ណាស់ តែ​នៅ​តែ​លិច​រហូត​មក ឥឡូវ​លោក​សុទ្ធ សាធ បាន​លាចាក​លោក​ហើយ ចូល​ដល់​លោក​វ៉ា សា​វឿ​ន ដែល​ចៅសង្កាត់​ជាប់​ឆ្នោត​ថ្មី នៅ​មិន​ទាន់​មាន​ចំណាត់ការ​លើ​ការ​លិច​ទឹក​នេះ​នៅឡើយ​ទេ​។ ពួក​គាត់​សំណូមពរ​សុំ​ឲ្យ​លោក​ចៅសង្កាត់​ថ្មី​ជួយ​ពិនិត្យ មើល​លើ​បញ្ហា​នេះ​ផង តើ​គួរ​ដោះស្រាយ​បែប​ណា​ដើម្បី​កុំ​ឲ្យ​លិច​តទៅ​ទៀត ឬ​លិច​ដែរ​ប៉ុន្តែ​ធ្វើ​យ៉ាងណា​ឲ្យ​ឆាប់​ស្រក​ទៅ​វិញ​ក្នុង​រយៈពេល​ខ្លី​។

ទាក់ទិន​ទៅ​នឹង​ការ​ធ្លាក់​ភ្លៀង​នេះ​ដែរ បាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​រង្វង់​មូល​ថ្នល់បំបែក ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ដដែល​នោះ​រង​ការ​លិចលង់​ដែរ​ដែល​មាន​ប្រវែង​ប្រហែល​ជិត​២០០​ម៉ែត្រ ដែល​ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​រយៈពេល​ប្រហែល​ជិត​២​ម៉ោង​ផង​ដែរ ព្រោះតែ​នៅ​ពេល​ទឹក​លិច​ផ្លូវ​មួយ​ចំហៀង យានយន្ត​គ្រប់​ប្រភេទ​ទាំង​ខាង​ចូល និង​ខាង​ចេញពី​ភ្នំពេញ​សុទ្ធតែ​បាន​បើក​វាង​ទឹក​ឡើង​លើ​ទ្រូងផ្លូវ មិន​ព្រម​បើក​កាត់ទឹក​នោះ​ទេ​។ បន្ទាប់​ពី​មានការ​កកស្ទះ​បែប​នេះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​រួម​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ទើប​លែង​មានការ​កកស្ទះ​ហើយ​ការ​ធ្វើ​ដំណើរ​មាន​ភាព​រលូន​ទៅ​វិញ​ជា​ធម្មតា​៕