ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាខណ្ឌ​​ដូនពេញ​​ឃាត់​អ្នក​​បន្ទោ​បង់​អនាធិបតេយ្យ​​​​១៤​នាក់​​​កុំ​ឱ្យធ្លាប់​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៣​ដល់​២៥ មេសា សាលា​ខណ្ឌ​ដូន​ពេញ​បាន​បើក​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​អ្នក​បន្ទោ​​បង់​អនា​ធិប​តេយ្យ​តាម​​រម​ណីយ​ដ្ឋាន​ សួន​ច្បារ និង​ផ្លូវ​សាធារណៈ​ចំនួន​១៤​នាក់​យក​មក​អប់រំ ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​ទម្លាប់​អាក្រក់​ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់ដល់​​បរិ​ស្ថាន​ និង​សណ្តាប់​ធ្នាប់​​សាធារណៈ

រាជ​ធានី​ភ្នំពេញ​ ៖ រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៣​ដល់​២៥ មេសា សាលា​ខណ្ឌ​ដូន​ពេញ​បាន​បើក​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​អ្នក​បន្ទោ​​បង់​អនា​ធិប​តេយ្យ​តាម​​រម​ណីយ​ដ្ឋាន​ សួន​ច្បារ និង​ផ្លូវ​សាធារណៈ​ចំនួន​១៤​នាក់​យក​មក​អប់រំ ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​ទម្លាប់​អាក្រក់​ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់ដល់​​បរិ​ស្ថាន​ និង​សណ្តាប់​ធ្នាប់​​សាធារណៈ។

លោក​សុខ សម្បត្តិ​ អភិ​បាល​ខណ្ឌ​ដូន​ពេញ​​​បាន​ឱ្យ​ដឹង​ថា យោង​តាម​បទ​បញ្ជា​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​ឱ្យ​សាលា​ខណ្ឌ​ត្រូវ​ចុះ​បង្ក្រាប​ និង​លុប​បំបាត់​ឱ្យ​បាន​ចំពោះ​អ្នក​បន្ទោ​បង់​អនា​ធិប​តេយ្យ​តាម​ផ្លូវ​សាធារណៈ​ តាម​រមណីយ​ដ្ឋាន​ និង​សួន​ច្បារ​ ដើម្បី​រួម​ចំណែក​ថែ​រក្សា​បរិ​ស្ថាន​ អនា​ម័យ​ ព្រោះ​ខណ្ឌ​ដូន​ពេញ​ជា​បេះ​ដូង​របស់​រាជ​ធានី​ ហើយ​សំបូរ​ទៅ​ដោយ​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​មក​ដើរកម្សាន្ត​​។ ទោះ​បី​ជា​សាលា​ខណ្ឌ​បាន​ព្យាយាម​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ​ដល់​ប្រជា​ពល​រដ្ឋ​កុំឱ្យ​ចោល​សំរាមតាម​​ទី​សាធារណៈ​ ជា​ពិសេស​ការ​បន្ទោបង់​តាម​ផ្លូវ​សាធារណៈ​ រមណីយ​ដ្ឋាន​ សួន​ច្បារ​ ប៉ុន្តែ​តាម​ការ​សង្កេត​ឃើញ​ថា មាន​ប្រជា​ពលរ​ដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ទោបង់​ដដែល ​ទើប​សាលា​ខណ្ឌ​ដាក់​កម្លាំង​ល្បាត​ពិនិត្យ​តាម​ផ្លូវ​សាធារណៈ​ជា​ប្រចាំ​។

លោក​ហែម ឫទ្ធី​ នាយក​រង​រដ្ឋ​បាលសា​លា​​ខណ្ឌ​ដូន​ពេញ​បាន​និយាយ​ថា ក្នុង​រយៈ​ពេល​៣​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​២៣ មេសា មក ​កម្លាំង​ផ្នែក​សណ្តាប់​ធ្នាប់​ខណ្ឌ​បានឃាត់​ខ្លួន​អ្នក​បន្ទោ​បង់​អនា​ធិបតេយ្យ​នៅ​ចំណុច​ជាប់​របង​ខាង​កើត​រតនា​គារ​ជាតិ​លើ​កំណាត់​ផ្លូវ​លេខ​១៩​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​បាន​ចំនួន​១៤​នាក់​ បញ្ជូន​ទៅ​សាលា​ខណ្ឌ​ដើម្បី​សាក​សួរ​។ ក្រោយ​ពី​ធ្វើ​កំណត់​ហេតុ​សាក​សួរ​រួច​ យោង​តាម​ការ​ចង្អុល​បង្ហាញ​របស់​លោក​អភិ​បាល​ខណ្ឌ​ដូន​ពេញ ​បាន​ឱ្យ​ធ្វើ​ការ​អប់រំ និង​កិច្ច​សន្យា​បញ្ឈប់​ការ​បន្ទោ​បង់​តាម​ទី​សាធា​រណៈ​ ព្រម​ទាំង​ថត​រូប​ទុក​ជា​ឯក​សារ​ទៀត​ផង។

លោក​អភិ​បាល​ខណ្ឌ​ដូន​ពេញ​បាន​បញ្ជាក់​ថា ខណ្ឌ​ដូន​ពេញ​នឹង​បន្ត​អនុវត្ត​លុប​បំបាត់​ការ​បន្ទោបង់​អនា​ធិប​តេយ្យ​ និង​ចោល​សំរាម​តាម​ផ្លូវ​សាធារណៈ​ឱ្យដូច​ភ្លៀង​រលឹម និង​ឈាន​ដល់​ការ​លុប​បំបាត់​ទាំង​ស្រុង​ដើម្បី​រួម​ចំណែក​​ថែ​រក្សា​បរិស្ថាន​ និង​អនា​ម័យ​ឱ្យ​ល្អ​ប្រសើរ ៕