ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ… ម្នាក់ៗមានអារម្មណ៍បែបណាទៅ ពេល​ទៅដល់​តំបន់​ស្ពាន​ជ្រោយ​ចង្វារ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញបាន​ថ្លែង​ថា

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញបាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​១ ​តុលា ចរាចរណ៍​មានការ​កកស្ទះ​យ៉ាង​ខ្លាំង ​នៅ​តំបន់​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច បន្ទាប់​ពី​ការ​បិទស្ពាន​ជ្រោយចង្វា​ចាស់ (​ស្ពាន​ទី​១) ដើម្បី​ធ្វើការជួសជុល ។ មូលហេតុ​នៃ​ការ​កក​ស្ទះ​ខ្លាំង​នេះ គឺ​មក​ពី​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ដឹង​ឱ្យ​បាន​ទូលំទូលាយ​អំពី​ផ្លូវ​វាង តាម​រយៈ​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ ។

បន្ទាប់​ពី​មានការ​បិទ​ទាំងស្រុង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ស្ពាន​ជ្រោយចង្វា​ចាស់​) ដើម្បី​ធ្វើការ​ជួសជុល​នោះ គេ​សង្កេត​ឃើញ​ថា ការ​ធ្វើ​ចរាចរណ៍​នៅ​តំបន់​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ឬ​តំបន់​រង្វង់​មូល​កួច​កាណុង និង​តំបន់​ក្បែរ​ៗ​នោះ មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ទោះបី​មានការ​ខិតខំ​ជួយ​សម្រួល​ចរាចរណ៍ពី​សមត្ថកិច្ច​ក៏​ដោយ ។

ជាក់ស្តែង លើ​កំណាត់​ផ្លូវ​ចាប់ពី​វត្ត​ភ្នំ​ទៅ​ដល់​គល់​ស្ពាន​ជ្រោយចង្វា មានការ​កកស្ទះ​ចាប់តាំងពី​រង្វង់​មូល​វត្ត​ភ្នំ​រហូត​ដល់​គល់​ស្ពាន​តែ​ម្តង ។ ចំណែកឯ​ផ្លូវ​ទំនប់​ទួល​គោក​ឬ​ផ្លូវ​លេខ​៧០ ក៏​មានការ​កកស្ទះ​ចាប់ពី​អង់​តែ​ន​រង្វង់​មូល​ទួល​គោក រហូត​ដល់​គល់​ស្ពាន​ដែរ​។ ឯកំ​ណាត់​ផ្លូវជាតិ​លេខ​៥​ប៉ែក​ខាងជើង​វិញ មានការ​កកស្ទះ​ចាប់ពី​ឃ្លាំង​សាំង​សូ​គី​ម៉ិច​រហូត​ដល់​រង្វង់​មូល​កួច​កាណុង ឬ​ក្រោម​គល់​ស្ពាន​ជ្រោយចង្វា​តែ​ម្តង ។ ក្រៅពី​នេះ នៅ​មានការ​ស្ទះចរាចរណ៍​នៅ​តំបន់​ក្បែរ​ៗ​គល់​ស្ពាន ដូច​ជា តំបន់​ផ្លូវ​ក្នុង​ៗ​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តំបន់​បឹង​កក់ និង​តំបន់​ទួល​សង្កែ​ជាដើម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៧ ខែកញ្ញា បាន​ឲ្យ​ដឹង​ថា  ស្ពាន​មិត្តភាព​កម្ពុជា-​ជប៉ុន​(​ស្ពាន​ជ្រោយចង្វា​ចាស់​) នឹង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​ជួសជុល​ស្តារទ្បើ​ង​វិញ ដែល​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍​ទ្វេ​ទិស​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តែ​មួយ​ប៉ុណ្ណោះ ។ ការ​ធ្វើ​ចរាចរណ៍​អាច​នឹង​មានការ​កកស្ទះ​ខ្លាំង​នៅ​បរិ​វេណ​ជុំវិញ​ការដ្ឋាន​សាងសង់ ជា​ពិសេស​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​ទាំង​សងខាង គឺ​រង្វង់​មូល​កួច​កាណុង និង​រង្វង់​មូល​ព្រហ្ម​មុខ​បួន ។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ដើម្បី​ចៀសវាង​ការ​កកស្ទះចរាចរណ៍​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន(​ស្ពាន​ជ្រោយចង្វា​ទី​២) រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ស្នើ​ដល់​រថយន្ត​ធុន​ធំ​ចូល​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​៦ ត្រូវ​វាង​បត់​ចូល​តាម​ផ្លូវ​លី​យ៉ុ​ង​ផាត់ ។ ឯ​យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​ទិស​ដៅ​ចូល​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៦ មក​ដល់​ចំណុច​ថ្នល់កែង ត្រូវ​បត់​ស្តាំ​ធ្វើ​ចរាចរណ៍តាម​កំណាត់​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ស្ពាន​ព្រែក​ក្តាម និង​បន្តដំណើរ​ចូល​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៥​វិញ​។ ក្នុង​ករណី​មានការ​កកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​ការដ្ឋាន​ធ្ងន់ធ្ងរ អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​អនុវត្ត​តាម​ការ​បង្វែរ​ទិស​ចរាចរណ៍​របស់​សមត្ថកិច្ច​ជំនាញ ។

គួរ​រំឭក​ថា ការ​ជួសជុល​ទ្បើ​ង​វិញ​ស្ពាន​ជ្រោយចង្វា​ចាស់ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន ព្រោះ​ស្ពាន​នេះ​មានសភាព​ទ្រុឌទ្រោម​ខ្លាំង​ដោយ​មិន​អាច​ធានា​សុវត្ថិភាព​សម្រាប់​ការ​ដឹក​ជញ្ជូន​សាធារណៈ​ឆ្លងកាត់​បាន​ទៀត ។ គម្រោង​ជួសជុល​ទ្បើ​ង​វិញ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន​៣.៣៤៣​លាន​យ៉េន ឬ​ប្រហាក់ប្រហែល​នឹង​ជាង​៣៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​ជួសជុល​នេះ​មាន​រយៈពេល​២១​ខែ ដែល​ត្រូវ​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ​២០១៩​ខាង​មុខ​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃនោះ​ដែរ បន្ទាប់​ពី​កកស្ទះ​ចរាចរណ៍​នៅ​ចំណុច​គល់​ស្ពាន​ជ្រោយចង្វា អ្នកដំណើរ​មួយ​ចំនួន ក៏​បាន​បង្វែរ​ទិស​ទៅ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​វិញ តែ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ មិន​បង្ក​ឲ្យ​មានការ​កកស្ទះ​នោះ​ឡើយ ។ នៅ​ព្រឹក​នោះ​គេ​ឃើញ​បញ្ជរ​បង់ប្រាក់​របស់​ក្រុមហ៊ុន នៅ​តែ​ប្រមូលប្រាក់​ទាំង​រថយន្ត​ធំ​និង​តូច ដោយ​មិន​ឲ្យ​របូត​ឡើយ ។ គេ​នៅ​ចាំ​បាន​ថា លោក​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​អំពាវនាវ​សុំ​កុំឱ្យ​យក​ប្រាក់​ពី​រថយន្ត​តូច​ៗ​ផង​ដែរ ក្នុង​ការ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​នេះ នា​អំឡុង​ពេល​ជួសជុល​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ ។

តាម​មន្ត្រី​នគរបាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា ស្ថានភាព​ផ្លូវត្រង់​ចំណុច​គល់​ស្ពាន​ជ្រោយចង្វា ទាំង​សងខាង បាន​ស្ទះចរាចរណ៍​ពេញ​មួយ​ព្រឹក គឺ​តាំងពី​វេលា​ម៉ោង​៦​និង​បន្ត​រហូត​ម៉ោង​ប្រមាណ​១១​ព្រឹក រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់ ។ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​កំណើន​យានយន្ត ការ​បិទ​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ គឺ​ចរ​ចរណ៍​អាច​នៅ​តែ​បន្ត​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ។ ទោះបីជា​យ៉ាងណា  ការ​កកស្ទះ​អាច​ធ្វើ​ចរាចរណ៍​ទៅ​មុខ​បាន​តែ​យឺត​ៗ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ទៀត បើសិនជា​យានយន្ត​មួយ​ចំនួន​បាន​បង្វែរ​ទៅ​ធ្វើ​ដំណើរ​តាម​ស្ពាន​ព្រែក​ព្នៅ​វិញ​ចរាចរណ៍​នឹង​ប្រសើរ​ឡើង​វិញ​បណ្តើរ​ៗ ៕​