ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឡើងថ្លៃ​ប្រាក់​បាត​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​

6 ឆ្នាំ មុន

លោក Charoen Laothamatas ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​ថៃ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា

ទីក្រុង​បាងកក ៖ លោក Charoen Laothamatas ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​ថៃ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា កំណើន​យ៉ាង​ខ្លាំង​នៃ​រូបិយប័ណ្ណ​ថៃ បាន​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​នាំ​ចេញ​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ដូច​ជា កៅស៊ូ ដំឡូង​មី និង​ស្ករ ។ ផលិតផល​ទាំងនេះ​មាន​បរិមាណ​ក្នុងស្រុក​៩០% ដូច្នេះ បើ​ប្រាក់​បាត​កើនឡើង នឹង​ធ្វើ​ឱ្យ​ផលិតផល​ខាងលើ​មាន​តម្លៃ​ថ្លៃ​ជាង​គូប្រជែង ។

លោក​ថ្លែង​ថា ៖« ប្រាក់​ថៃ​បាន​កើនឡើង​៨,៥%​ធៀប​នឹង​ប្រាក់​ដុល្លារ ខណៈ​ប្រាក់​ដុ​ង​វៀតណាម​កើនឡើង​២%​ធៀប​នឹង​ប្រាក់​ដុល្លារ​។ វា​នាំ​ឱ្យ​ក្រុមហ៊ុននាំចេញ​អង្ករ​ថៃ​បាត់បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន​ទៅ​ឲ្យ​វៀតណាម » ។

ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​មាន​ចំនួន​សរុប​៩៨៥.៨៧៩​តោន​កាលពី​ខែ​មុន ស្មើ​ប្រមាណ​៤៥៣​លាន​ដុល្លារ ធ្លាក់​ចុះ​០,១% និង​២%​រៀង​គ្នា បើ​ធៀប​នឹង​តួលេខ​កាលពី​ខែកក្កដា ។

ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​អង្ក​រស និង​អង្ករ ក្រអូប Hom Mali ថៃ ក្នុង​ខែសីហា បាន​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះ​សរុប បើ​ធៀប​នឹង​ការ​នាំ​ចេញ​អង្ករ​កាលពី​ខែ​មុន ។ ការ​នាំ​ចេញ​អង្ករ Hom Mali បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​៣៩% ស្មើនឹង​១៦៦.២១៥​តោន ស្រប​ពេល​តម្រូវការ​មាន​កំណត់ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​នាំ​ចេញ​ធ្លាក់​ចុះ​ផង​ដែរ ។ រីឯ​ការ​នាំ​ចេញ​អង្ករ​សបាន​ធ្លាក់​ចុះ​៤% ស្មើនឹង​៣៩៤.៥៤២​តោន​ក្នុង​ខែសីហា ។

ទោះជា​យ៉ាងណា ការ​នាំ​ចេញ​អង្ករ parboiled បាន​កើនឡើង​៤៩% ស្មើនឹង​៣៩៥.១៦០​តោន គឺ​ដោយសារ​តែ​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ជួបនឹង​គ្រោះ​ទឹកជំនន់ ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​ស្រូវ​ក្នុង​ប្រទេស​នេះ​។ នេះ​បើ​តាម​លោក Charoen ។

លោក Charoen ក៏​បាន​សម្តែង​ការ​បារម្ភ​ផង​ដែរ​អំពី​គុណភាព​អង្ករ Hom Mali ព្រោះថា វៀតណាម​ទទួល​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​ពូជស្រូវ​ថ្មី​ៗ​ដូច​ជា ពូជស្រូវ​ក្រអូប ។ លោក​ថា ៖« យើង​គ្មាន​ពូជស្រូវ​ថ្មី​ទេ ប៉ុន្តែ​វៀតណាម​បាន​បង្កើត​ពូជស្រូវ​ថ្មី ដែល​អាច​ដាក់​លក់​លើ​ទីផ្សារ​សកល​។ វា​ជា​ក្តី​បារម្ភ​សម្រាប់​ក្រុមហ៊ុននាំចេញ​អង្ករ​ថៃ » ។

ទាក់ទិន​នឹង​ប្រាក់​បាត​កើនឡើង លោក Charoen និយាយ​ថា ក្រុមហ៊ុននាំចេញ​អង្ករ​ថៃ​ជា​ច្រើន​គ្មាន​លទ្ធភាព​ទប់ទល់​នឹង​ការ​ប្រែប្រួល​រូបិយប័ណ្ណ​ទេ ខណៈ​ធនាគារ​យក​សេវា​ខ្ពស់ ។

កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយ​វត្ថុ (MPC) កាលពី​ថ្ងៃ​ពុធ បាន​រក្សា​អត្រា​គោលនយោបាយ​របស់​ខ្លួន​ឱ្យ​នៅ​ដដែល​ត្រឹម​១,៥% ទោះបីជា​ក្រសួង​ហិរញ្ញវត្ថុ​អំពាវនាវ​ឱ្យ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដើម្បី​បញ្ចុះតម្លៃ​ប្រាក់​បាត​ក្តី ។

លោក Charoen បន្ថែម​ថា ៖« យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ នៅ​ពេល​ដែល MPC មិន​ចាត់វិធានការ​ណាមួយ ។ យើង​គ្រាន់តែ​ព្យាយាម​ប្រាប់​អាជ្ញាធរ​ថា យើង​មាន​បញ្ហា » ៕