ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កែសម្រួល និង​តែងតាំង​បន្ថែម​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ភូមិ សង្កាត់ ដើម្បី​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តសៀមរាប មាន​ធ្វើ​ពិធី​ប្រកាស និង​ប្រគល់​សេចក្តីសម្រេច ស្តី​ពី​ការ​កែសម្រួល និង​

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តសៀមរាប មាន​ធ្វើ​ពិធី​ប្រកាស និង​ប្រគល់​សេចក្តីសម្រេច ស្តី​ពី​ការ​កែសម្រួល និង​តែងតាំង​បន្ថែម​សមាជិក​ក្រុមការងារ​ចុះ​ជួយ​តាម​បណ្តា​ភូមិ សង្កាត់ ក្នុង​ក្រុង​សៀមរាប ឆ្ពោះទៅ​កាន់ការ​ងារ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ក្រោម​អធិបតីភាព​របស់ លោក ឃឹម ប៊ុ​ន​សុង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ នៃ​គណបក្ស​ប្រជាជន ខេត្តសៀមរាប ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ប្រធាន អនុប្រធាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់​កណ្ដាល​ថ្នាក់​ខេត្ត ក្រុង ភូមិ សង្កាត់ ផង​ដែរ ។

ក្នុង​កិច្ច​ស្វាគមន៍​នោះ​ដែរ លោក ទេព ប៊ុ​ន​ឆាយ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន ក្រុង​សៀមរាប បាន​ធ្វើ​សេចក្តីរាយការណ៍ អំពី​ស្ថានភាព​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការងារ​កសាង និង​គ្រប់គ្រង ព្រមទាំង​ការ​ធ្វើ​បច្ចុប្បន្នភាព ក្នុង​ការ​ជំរឿន​សមាជិក​ក្រុម​បក្ស និង​ការ​អាន​ប្រកាស​កែសម្រួល បំពេញបន្ថែម​សមាសភាព​ក្រុមការងារ ដើម្បី​ដឹកនាំ​ចុះ​ជួយ​មូលដ្ឋាន​ភូមិ សង្កាត់ ក្នុង​ក្រុង​សៀមរាប​ផង​ដែរ ។

មាន​ប្រសាសន៍​នោះ​ដែរ លោក ឃឹម ប៊ុ​ន​សុង បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន ជា​គណបក្ស​ធំ មាន​ធនធានមនុស្ស មាន​ធនធាន​ហិរញ្ញវត្ថុ មានបទពិសោធន៍ ក្នុង​ការ​ដឹកនាំ​ប្រទេស​គ្រប់​ដំណាក់កាល ដូចនេះ​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​សម្រេច​ទិស​ដៅ​ជម្រុញ​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​មានការ​រីក​ចម្រើន​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​ខាង​មុខ​នេះ យើង​នឹង​មានការ​បោះ​ឆ្នោត​អ​សកល​ពីរ​ទៀត គឺ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខេត្ត និង​ការ​បោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ព្រឹទ្ធសភា ។ លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​ពន្យល់​ដល់​សមាជិក​ក្រុមការងារ​បក្ស អំពី​គោលនយោបាយ​ដែល​គណបក្ស​ចូលរួម​បោះ​ឆ្នោត និង​ការ​ដាក់​ចេញ​នោះ វា​ជា​កិច្ចការ​ដែល​គណបក្ស​ប្រជាជន​យើង បាន​ធ្វើ នឹង​កំពុង​ធ្វើ នា​ពេល​បច្ចុប្បន្ន​នេះ ។ ម្យ៉ាងទៀត​ការ កែសម្រួល និង​បំពេញបន្ថែម​សមាជិក​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ភូមិ​នា​ពេល​នេះ គឺជា​ការ​ពង្រឹង និង​ជម្រុញ ព្រមទាំង​ក្តាប់​ឲ្យ​បានការ​ធ្វើ​បញ្ជី បច្ចុប្បន្នភាព​លើ​បញ្ជី​គ្រួសារ​បក្ស និង​ធ្វើការ​ជម្រុញ​ដល់​សមាជិក​បក្ស​ទាំងអស់ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឲ្យ​បាន​គ្រប់​ៗ​គ្នា​ផង​ដែរ ។

លោក​ក៏​បាន​គូសបញ្ជាក់​ថា ក្រុមការងារ​ទាំងអស់ ត្រូវ​បង្កើន​នូវ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​គ្រប់គ្រង​សមាជិក​របស់​ខ្លួន ព្រមទាំង​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​ប្រជាជន ដែល​ជា​កត្តា​ស្នូល​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ក្នុង​នោះ​ដែល​លោក​ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​ក្រុមការងារ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ក្តាប់​ឲ្យ​បាន​អំពី​សកម្មភាព និង​សតិអារម្មណ៍​របស់​ប្រជាជន និង​ក្រុម​ជន​អគតិ​មួយ​ចំនួន ដែល​តែង​បង្ក​នូវ​ភាព​អសន្តិសុខ​ក្នុង​សង្គម ។

លោក​ក៏​បាន​គូសបញ្ជាក់​ថា ដើម្បី​ប្រទេស​ជាតិ​យើង​ឆ្ពោះ​ឈាន​ទៅ​មុខ តម្រូវការ​ជា​មុន​នោះ គឺ​ការ​រក្សា​សន្តិភាព​ឲ្យ​ខាង​តែ​បាន ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ ក៏​យើង​មិន​ឲ្យ​បរទេស​មក​ប្រើប្រាស់​ជនជាតិ​ខ្មែរ ដើម្បី​សម្លាប់​ខ្មែរ​តទៅ​ទៀត​ឡើយ ហើយ​យើង​ក៏​មិន​ឲ្យ​ន​ណា​មក​បំផ្លាញ​សេចក្តីសុខ​របស់​ជាតិ និង​ប្រជាជន​យើង​ឡើយ ។

ក្នុង​នោះ​ដែរ លោក ឃឹម ប៊ុ​ន​សុង បាន​លើក​នូវ​វិធានការ និង​អនុសាសន៍​សំខាន់​ៗ​របស់ គណបក្ស​ប្រជាជន ដែល​ជា​គោល​មាគ៌ា ក្នុង​ការ​ឆ្ពោះទៅ​ភាព​ជោគជ័យ​ពេល​ខាង​មុខ ព្រមទាំង​បាន​ផ្ដាំផ្ញើ និង​ណែនាំ​ក្រុមការងារ​ទាំងអស់ ត្រូវ​បន្ត​នូវ​ប្រពៃណី វប្បធម៌​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ប្រជា​ប្រី​យ៍​ភាព​ជា​យូរលុង​មក​ហើយ​នោះ គឺ​ឲ្យ​ស្ថិត​នៅ​ជាប់​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ព្រមទាំង​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សមាជិក​ខ្លួន ដែល​ជួប​នូវ​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ ហើយ​កត្តា​សំខាន់​នោះ គឺ​ជម្រុញ​ដល់​យុវជន​នៅ​តាម​មូលដ្ឋាន ឲ្យ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ប្រចាំឆ្នាំ​២០១៧ នៅ​តាម​សាលាឃុំ សង្កាត់ ព្រមទាំង​ត្រូវ​រួម​គ្នា​ដោះស្រាយ​រាល់​កង្វល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម និង​ជីវភាព​រស់នៅ ផ្តល់​សេវា​តម្រូវការ និង​សេវា​បម្រើ​ដោយ​សមធម៌ និង​រួម​ដឹកនាំ​ការពារ​សមិទ្ធផល​ដែល​កើត​មាននៅ​មូលដ្ឋាន​ឲ្យ​បាន​គង់វង្ស​ទៀត​ផង ៕