ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួចបាន​៤​នាក់ រី​ឯ​រាប់សិបនាក់​ទៀតរត់ប្រសាច​​​បែក​​ដី…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​បានឱ្យ​​ដឹង​ថា ល្បែង​អាប៉ោង​ចំនួន​២​កន្លែង​នៅ​ក្នុងស្រុក​ចំនួន​២

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​បានឱ្យ​​ដឹង​ថា ល្បែង​អាប៉ោង​ចំនួន​២​កន្លែង​នៅ​ក្នុងស្រុក​ចំនួន​​២ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ព្រម​​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​កញ្ញា​ ដោយ​ឃាត់ខ្លួន​អ្នកលេង​និង​ម្ចាស់ផ្ទះ​បាន​៤​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង ខណ​:​អ្នក​លេង​​​រាប់​សិប​នាក់បាន​​រត់​ប្រសាច​ ។

សេចក្ដីរាយការណ៍​​បន្ត​ថា គោលដៅ​ទី​១ គឺ​ធ្វើ​ឡើង​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បាន​ចុះ​បង្ក្រាប​ល្បែង​​អាប៉ោង​នៅ​ចំណុច​ចំការ​ស្វាយ ក្នុងភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ដកហូត​វត្ថុ​តាង​កំរាល​ចាក់​អាប៉ោង​​​១ផ្ទាំង​,​ គ្រាប់​អាប៉ោង​ចំនួន​5​គ្រាប់ ឃាត់ខ្លួន​អ្នកលេង​ និង​ម្ចាស់ផ្ទះ​បាន​ចំនួន៤នាក់ ។

ដោយឡែក គោលដៅ​ទី​២ ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ស្រុក​មោង​ប្ញស្សី ​​បាន​ចុះ​បង្ក្រាប​វង់ល្បែង​អាប៉ោង នៅ​ចំណុច​​ភូមិ​គារ​១ ឃុំ​គារ ស្រុក​មោងប្ញស្សី​​ ។ ជាមួយ​គ្នា​នេះ ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​​5​គ្រឿង, កម្រាល​សំរាប់​ចាក់​​2, ផ្ទិ​ល​គ្របចាន​អាប៉ោង​​2 ប៉ុន្តែ​អ្នកលេង ​និង​ម្ចាស់​ទីតាំង​បាន​រត់​រួចខ្លួន​ទាំងអស់​។ សមត្ថកិច្ច​មិន​បាន​កសាង​សំ​ណុ​រឿង​ បញ្ជូន​ក្រុម​អ្នកលេង​ទាំងនោះ​​ទៅ​កាន់​តុលា​​ការ​ទេ ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តែ​ប៉ុណ្ណោះ ​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​តែ​បើក​លេង​ស្ទើរ​គ្រប់​បណ្ដា​ស្រុក​នានា ដោយ​ទីតាំង​ខ្លះ​ជ្រក​ក្រោម​ក្លៀក​សមត្ថកិច្ច​តែ​ម្ដង​ ។ ជា​ពិសេស ​ល្បែងស៊ីសង​ដែល​កំពុង​រីក​ដូច​ផ្សិត​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ កម្លាំង​​​ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អ៊ីនធើរ​ណេត​ចំនួន​៣​កន្លែង នៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខណ​:​ទីតាំង​ល្បែង​ហ្គេ​ម​នេះ​ រាប់​សិប​កន្លែង​ទៀត​​នៅ​តែ​បើកទ្វា​រ​ដំណើ​ការ​យ៉ាង​រលូន​ជ្រក​ក្រោម​ក្លៀក​សមត្ថកិច្ច ​។

គ្រប់​ទីតាំង​ល្បែង​ហ្គេ​ម ទីតាំង​លក់​កន្ទុយលេខ​ (​ឆ្នោត​) និង​បន​ល្បែង​ផ្សេង​ៗ​ទៀត សុទ្ធតែ​មាន​ប៉ូលិស ប៉េ​អិ​ម និង​យោធា ចាំ​​កាង​នៅ​ពីក្រោយ​ខ្នង​។ ជាក់ស្ដែង​ ការ​បង្ក្រាប​ល្បែង​ហ្គេ​ម​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​មន្ត្រី​ប៉េ​អឹម​ម្នាក់​​តាម​រារាំង​កម្លាំង​ស្នងការ​ខេត្ត​ មិនឱ្យ​​រឹប​អូស​សម្ភារ​​​របស់​ខ្លួន​​ចេញពីផ្ទះ​ឡើយ តែ​មិន​អាច​រារាំង​បាន​ដោយសារ​មាន​បញ្ជា​ដាច់ខាត​ពី​ស្នងការ​ខេត្ត​ ។ មិនតែប៉ុណ្ណោះ​ មាន​ម្ចាស់​ទីតាំង​ខ្លះ ​បាន​ព្យាយាម​រក​លេខ​ទូរស័ព្ទ​លោក​អធិការ​ក្រុង ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៀត​ផង តែ​មិន​បាន​សម្រេច​ ។

មកទល់​​ពេល​នេះ ​ទីតាំង​ល្បែង​ហ្គេ​ម​រាប់​សិប​កន្លែង​ដែល​ម​ជ្ឈ​ដ្ឋា​ន​នានា​សន្និដ្ឋាន​ថា កំពុង​ជ្រក​ក្រោម​ក្លៀក​មន្ត្រី​ខិលខូច​មួយ​ចំនួន​កំពុង​បើក​ដំណើ​ការ​យ៉ាង​រលូន ដោយ​មិន​ខ្វល់​អំពី​ការ​រំលោភ​បំពាន​ច្បាប់​ឡើយ បើ​ទោះជា​មានការ​បង្ក្រាប​ខ្លះ​ៗ​ក្ដី ​។ ទំនង​ម្ចាស់​បទ​ល្មើស​ទាំងនេះ​យល់​​ថា ការ​បង្ក្រាប​នេះ​គ្រាន់តែ​ជា​ធ្វើ​គម្រប់​កិច្ច ឬ​ធ្វើ​ឡើង​​ ដើម្បី​ផ្គាប់ចិត្ត​អ្នក​រិះគន់​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​​ទើប​ទី​តាំង​ល្បែង​ហ្គេ​ម ល្បែង​ឆ្នោត និង​បន​ល្បែង​ដទៃ​ទៀត​នៅ​តែ​បើក​ដំណើរ​ដោយ​ចំហ​ដដែល​ ។