ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ ខ្ញុំ​បាន​ផ្តល់​ជំនួយ​ច្រើន​សន្ធឹកសន្ធាប់​ដល់​សិល្បករ សិល្ប​ការិនី​ជាង២០ឆ្នាំ គ្រាន់តែ​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ចាប់ពី​ឆ្នាំ​២០១៨ នេះ​តទៅ សម្តេច​នឹង​ប្រារព្ធ​ពិធី​ជួបជុំ​សិល្បករ សិល្ប​ការិនី​មួយ​ឆ្នាំ​ម្តង ហើយ​ពិធី​នេះ​នឹង​ត្រូវ​រៀបចំ​ជាមួយ​គ្នា​នឹង​ទិវា​វប្បធម៌ ៣ មីនា ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​សិ​ល្បៈ​បុរាណ​ និង​សម័យ ។

ថ្លែង​នៅ​ឯ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​២៩ ខែកញ្ញា សម្តេច​បាន​រម្លឹក​ឡើង​វិញ​ថា សម្តេច​បាន​ជួប​សិល្បករ​ជើង​ចាស់ គឺ​លោក​តា គង់ ណៃ និង​លោកស្រី ហែម សុវណ្ណ ដំបូង​ក្រោយ​សម័យ​ប៉ុ​ល ពត ពេល​សម្តេច​អញ្ជើញ​ទៅ​ខេត្តកំពត​កាលពី​ឆ្នាំ​១៩៨២ ។ សម្តេច​បាន​បន្ត​ថា ​ពេល​នោះ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​តា​គង់ ណៃ ច្រៀង​ចម្រៀង​របស់​គាត់​ដែល​សម្តេច​ស្គាល់​ច្បាស់​នោះ​ គឺ​បទ «​ដំរី​យោល​ដៃ​» ។ បន្ទាប់​សម្តេច​ក៏​បាន​ស្នើ​សុំ​រដ្ឋសភា ដើម្បី​សុំ​តា គង់ ណៃ មក​ច្រៀង ដែល​នោះ​ជា​ការ​បង្ហាញខ្លួន​របស់​គាត់​លើក​ដំបូង​នៅ​ក្រុងភ្នំពេញ ។

សម្តេច​មាន​ប្រសាសន៍​ថា សម្តេច​បាន​ឧ​ប​ត្ថ​ម្ភ លោកតា គង់ ណៃ ២០​ឆ្នាំ​រួច​មក​ហើយ ​ដែល​ក្នុង​នោះ​សម្តេច​បាន​ឧ​ប​ត្ថ​ម្ភ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​សម្តេច​ក៏​បាន​ជួយ​ឧ​ប​ត្ថ​ម្ភ លោកតា ប្រាជ្ញ ឈួ​ន ចំនួន ១០០​ដុល្លារ ​ក្នុង​មួយ​ខែ​ផង​ដែរ ។​

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ផ្តល់​ជំនួយ​ច្រើន​សន្ធឹកសន្ធាប់​ដែរ គ្រាន់តែ​មិន​ប្រកាស​» ។ សម្រាប់​សិល្បករ សិល្ប​ការិនី​ចាស់​ៗ​តាំងពី​យាយ​ចេក ម៉ាច ជាដើម​ គឺ​សម្តេច​បាន​ជួយ​ឧ​ប​ត្ថ​ម្ភ​ចូល​ជិត​២០​ឆ្នាំ​ហើយ មិនមែន​មួយ​ថ្ងៃ ឬ​២​ថ្ងៃ​ទេ ។​

សម្តេច ​ហ៊ុន សែន​ ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ចាប៉ី ដែល​ទទួល​បាន​ពានរង្វាន់​សិល្បៈ​វប្បធម៌​ហ្វុ​គុ​អូ​កា ពី​ជប៉ុន​ថ្មី​ៗ​នេះ ព្រោះ​នេះ​មិនមែន​ជា​បញ្ហា​ដាច់​ដោយឡែក​របស់​លោកតា គង់ ណៃ​ទេ តែ​ជា​កិត្តិយស​របស់​ប្រទេស​ជាតិ​ផង​ដែរ ។ សូម​បញ្ជាក់​ថា​ ពានរង្វាន់​សិល្បៈ​វប្បធម៌​ ហ្វុ​គុ​អូ​កា​នេះ គឺ​មាន​ជនជាតិ​ខ្មែរ ៣ ហើយ ដែល​ទទួល​ពានរង្វាន់​នេះ ដែល​ក្នុង​នោះ​មាន​ព្រឹទ្ធាចារ្យ ទេព​បញ្ញា​កោសល្យ​វិជ្ជា ឆេ​ង ផុ​ន ទទួល​បាន​នៅ​ឆ្នាំ​១៩៩៧ និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាំង ជូ​លាន ទទួល​បាន​នៅ​ឆ្នាំ ២០១១ ៕