ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត​នៃ​ជីវិត​ការងារ​ជា​អ្នកបើកបរ​រថយន្ដ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជីវិត​ការងារ​ប្រចាំ​ថ្ងៃ មិន​ថា​ក្នុង​វិស័យ​រដ្ឋ ឯកជន អង្គការ ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ តែងតែ​ជួប​រឿងរ៉ាវ​រាប់​មិន​អស់ ទាំង​ភាព​សប្បាយ​រីករាយ និង​

រាជធានី​ភ្នំពេញ ៖ ជីវិត​ការងារ​ប្រចាំ​ថ្ងៃ មិន​ថា​ក្នុង​វិស័យ​រដ្ឋ ឯកជន អង្គការ ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ តែងតែ​ជួប​រឿងរ៉ាវ​រាប់​មិន​អស់ ទាំង​ភាព​សប្បាយ​រីករាយ និង​ក្ដី​អាក់អន់ស្រពន់ចិត្ត​ដោយ​ហេតុផល​ផ្សេង​ៗ​គ្នា​ទៅ​តាម​ស្ថានភាព​រៀង​ៗ​ខ្លួន ។

សារព័ត៌មាន​កោះសន្ដិភាព ផ្នែក​រថយន្ដ និង​បច្ចេកវិទ្យា នៅ​ថ្ងៃនេះ បាន​លើកយក​រឿងរ៉ាវ​ខ្លះ​ៗ​នៃ​ជីវិត​ជា​អ្នកបើកបរ​រថយន្ដ​ឲ្យ​ថៅកែ ឬ​ក្រុមហ៊ុន ស្ថាប័ន​នានា មក​ធ្វើ​អត្ថាធិប្បាយ ថ្វី​ដ្បិតតែ​ជា​អ្នកបើកបរ​ដូច​គ្នា ប៉ុន្ដែ​មាន​វាសនា​ខុស​ៗ​គ្នា ។

បុរស​មាឌធំ​ម្នាក់​ដែល​កំពុង​ជូត​អង្អែល​រថយន្ដ Range Rover ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ បាន​រៀបរាប់​ថា ការងារ​ជា​អ្នកបើកបរ ថ្វី​ដ្បិតតែ​មិនសូវ​ប្រើ​ខួរក្បាល និង​កម្លាំងកាយ ប៉ុន្ដែ​មិន​ស្រួល​ចិត្ត​ទេ ហើយ​បើជា​អ្នកបើកបរ​ឲ្យ​គេ​តាម​ផ្ទះ​វិញ កាន់តែ​វេទនា​ថែម​ទៀត ព្រោះ​គេ​មិន​គិត​ពី​ពេលវេលា ថ្ងៃ​សៅរ៍​-​អាទិត្យ បុណ្យ​ទាន ឬ​មានច្បាប់​ទម្លាប់​អ្វី​នោះ​ទេ មាន​ន័យ​ថា ថៅកែ​ត្រូវការ​ពេល​ណា គឺ​ភ្លែត​ពេល​នោះ​តែ​ម្ដង​។

អ្នកបើកបរ​ដែល​សុំ​រៀបរាប់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​ត្អូញត្អែរ​ថា ៖« ជីវិត​តៃកុង​ឡាន មិន​ស្រួល​ទេ គេ​ហៅ​ពេល​ណា ទៅ​ពេល​ហ្នឹង មិន​ថា​កំពុង​ហូប​បាយ ឬ​យប់​ព្រលប់​ទេ ។ ពេល​ខ្លះ ខ្ញុំ​ត្រូវ​អង្គុយ​ចាំ​ថៅកែ និង​យាម​រថយន្ដ​ទាំង​ហេវ​ហត់ ព្រោះ​ខ្លាច​ជនខិលខូច​មក​ដោះ​នេះ ដោះ​នោះ​ជាដើម ដោយសារ​តែ​រថយន្ដ​ថៅកែ​ហ្នឹង​វា​មាន​តម្លៃ​ថ្លៃ​។ គ្រាន់តែ​កញ្ចក់​វា​១​គូ​នេះ​ជាង​១​ពាន់​ដុល្លារ​ទៅ​ហើយ បើ​បាត់​ទៅ ខ្ញុំ​មិនដឹង​រក​លុយ​ឯណា​សង​គាត់​ទេ » ។

អ្នកបើកបរ​រូប​នេះ​បន្ដ​ថា ៖« ជីវិត​អ្នកបើកបរ​តាម​ផ្ទះ ប្រៀប​ដូច​ជា​ខ្ញុំបម្រើ​អីចឹង មិន​ត្រឹមតែ​ដឹក​ទៅ​ណា​មក​ណា​ទេ សូ​ម្បី​តែ​ការងារ​ផ្ទះ​ក៏​ត្រូវធ្វើ​ដែរ គឺ​មិន​ទុក​ឲ្យ​យើង​ទំនេរ​ទេ ។ ចំណែក​ប្រាក់​ឈ្នួល​វិញ ស្ទើរ​មិន​ស្មើ​ធ្វើការ​នៅ​រោងចក្រ​ផង ប៉ុន្ដែ​ធ្វើ​ម៉េច បើ​យើង​សម្រេច​ដើរ​ផ្លូវ​នេះ​ហើយ​នោះ ។ បើ​ខ្ញុំ​ងាក​ទៅ​ធ្វើការ​អី​ផ្សេង ក៏​ចង់​យឺត​ពេល​ដែរ ព្រោះ​វ័យ​ជាង​ពាក់កណ្ដាល​ទៅ​ហើយ ណាមួយ​ថ្វី​ដ្បិតតែ​ពិបាក​ផ្លូវចិត្ត​បន្ដិច តែ​មើលទៅ​ក៏​មិន​ដល់​ថ្នាក់​ទ្រាំ​មិន​បាន​ដែរ ព្រោះ​យើង​ធ្វើការ​បម្រើ​ថៅកែ » ។

ចំណែក​បុរស​ម្នាក់​ទៀត មាន​ស្មារតី​រហ័សរហួន និង​ទឹកមុខ​សប្បាយ​រីករាយ ហាក់ដូច​ពេញចិត្ត​នឹង​ការងារ​ដែល​កំពុង​ធ្វើ​សព្វថ្ងៃ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ឆ្លងកាត់​អាជីព​ជា​អ្នកបើកបរ​ឲ្យ​ថៅកែ

ស្ថាប័ន និង​ក្រុមហ៊ុន​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ និង​បាន​ជួប​រឿងរ៉ាវ​រាប់​មិន​អស់ ។ យ៉ាងណា​ក៏​ដោយ លោក​នៅ​តែ​ពេញចិត្ត​ចំពោះ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ខ្លួនឯង​កំពុង​មាន​សព្វថ្ងៃ ។

លោក មឿ​ន គឹ​ម​ស្រៀ​ន ដែល​កំពុង​បើកបរ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​មួយ​បាន​រៀបរាប់​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ថា រហូត​មក​ដល់​ពេល​នេះ​ជិត​២១​ឆ្នាំ​ហើយ ដែល​លោក​ចាប់​អាជីព​ជា​អ្នក​បើក​បរ ។ លោក​មិន​ហ៊ាន​ថា មាន​ជំនាញ​បើកបរ​ពេញ​ខ្លួន​នោះ​ទេ ព្រោះ​អ្នកខ្លះ​ក៏​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ដែរ តែ​អ្វី​ដែល​លោក​ចង់​ចែករំលែក​នៅ​ពេល​នេះ គឺ​ក្នុង​នាម​ជា​អ្នកបើកបរ ត្រូវ​ដឹង​ពី​តួនាទី​ខ្លួនឯង ។

លោក​និយាយ​ថា ៖« ការងារ​អ្វី​ក៏​មិន​ស្រួល​ដែរ ទាមទារ​ឲ្យ​យើង​ចេះ​អី ចេះ​ឲ្យ​ប្រាកដ ហើយ​ការងារ​ជា​អ្នកបើកបរ​កាន់តែ​មិន​ស្រួល​ទៅ​ទៀត ព្រោះ​ជីវិត​នៅ​លើ​ផ្លូវ​គ្រប់ពេល ហើយ​ថៅកែ​ក៏​ផ្ញើ​ក្ដី​សង្ឃឹមលើ​យើង ចំណែក​យើង​ត្រូវ​ផ្ញើ​ជីវិត​លើ​រថយន្ដ​ដែរ អីចឹង​រថយន្ដ​ហាក់ដូចជា​ចំណែក​មួយ​នៃ​ជីវិត​របស់​យើង » ។

លោក​គឹ​ម​ស្រៀ​ន បន្ដ​ថា ឆ្លងកាត់​ជីវិត​ជា​អ្នកបើកបរ​រយៈពេល​ជាង​២​ទសវត្សរ៍​មកនេះ លោក​បើកបរ​ឲ្យ​ថៅកែ​តាម​ផ្ទះ​, ក្រុមហ៊ុន​, ស្ថានទូត និង​អង្គការ ចំនួន​១៦​កន្លែង​ហើយ និង​មានរឿង​រ៉ាវ​រាប់​មិន​អស់ តែ​អ្នកបើកបរ​ដែល​ពិបាក​បំផុត​នោះ​គឺ​បើកបរ​តាម​ផ្ទះ ពិសេស ថៅកែ​ចូល​ចិត្ត​ដើរ​លេង​ពេល​យប់ និង​មាន​ស្រី ។

លោក​ថា ៖« ពេល​ខ្លះ ខ្ញុំ​ត្រូវ​អង្គុយ​ចាំ​ក្បែរ​រថយន្ដ​តាំងពី​ក្បាល​ព្រលប់ រហូត​ដល់​កណ្ដាលអធ្រាត្រ ។ ចំណែក​ថៅកែ​ចេញពី​ហាង​មួយ​ទៅ​ហាង​មួយ ដោយ​ឡើង​រថយន្ដ​ទៅ​ជាមួយ​មិត្តភក្ដិ​គាត់ មិន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង ហើយ​ស្អែក​ឡើង​ត្រូវមាត់​ទៀត ។ ចំណែក​ថៅកែ​មាន​ស្រី​វិញ ឲ្យ​លុយ​ធីប​សុទ្ធតែ​៥០-១០០​ដុល្លារ ត្រង់​តៃកុង​ឡាន​វិញ​បើក​ដឹក​រាល់ថ្ងៃ អាវ​មួយ​ចង្កេះ​ឆ្អេះ​ជាប់​ខ្លួន ហើយ​ពេល​ខ្លះ​១​អាទិត្យ​ទើប​ជួប​ប្រពន្ធ​កូន​ក៏​មាន » ។

ទោះបី​យ៉ាងណា​ក៏​ដោយ សព្វ​ថ្ងៃនេះ លោក​ហាក់ដូចជា​មានសំណាង​ជាង​អ្នក​ដែល​កំពុង​បើកបរ​ឲ្យ​ថៅកែ​តាម​ផ្ទះ ព្រោះ​លោក​កំពុង​បើកបរ​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​ដែល​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ បើ​ទោះបីជា​ក្នុង​១​ស​ប្ដា​ហ៍ ត្រូវធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​រាប់រយ​គីឡូម៉ែត្រ​ក៏​ដោយ ។

លោក​គឹ​ម​ស្រៀ​ន និយាយ​ថា ៖« សព្វថ្ងៃ ខ្ញុំ​បើករថយន្ដ​ដឹក​ប្រធាន​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ឯកជន​ធំ​មួយ​ដែល​មាន​ស្ដង់ដា​ត្រឹមត្រូវ ខ្ញុំ​ត្រូវ​ធ្វើការ​ពេញ​ម៉ោង​ដូច​បុគ្គលិក​ជំនាញ​ដទៃ​ទៀត​ដែរ មាន​ន័យ​ថា ប្រធាន​ខ្ញុំ​ចូល​ធ្វើការ​ម៉ោង​ប៉ុន្មាន ខ្ញុំ​ក៏​មក​ដល់​ម៉ោង​នោះ​ដែរ ហើយ​នៅ​ពេល​បុគ្គលិក​ឈប់​សម្រាក ខ្ញុំ​ក៏​ឈប់​សម្រាក​ដែរ ដូច​ជា​ថ្ងៃ​បុណ្យ​ជាតិ​ជាដើម គឺ​ក្រុមហ៊ុន​គេ​មិន​ប្រើ​យើង​ទេ ។ ដូច្នេះ ខ្ញុំ​មាន​ពេលវេលា​ជួបជុំ​ប្រពន្ធ​កូន​ច្រើន ហើយ​ប្រសិនបើ​គេ​ប្រើ​យើង​លើស​ម៉ោង ឬ​ខុសពេល គឺ​ក្រុមហ៊ុន​គិតលុយ​ឲ្យ​តាម​នោះ​ដែរ » ។

លោក​បន្ដ​ថា អ្វី​ដែល​លោក​រីករាយ និង​ពេញចិត្ត​បើកបរ​ឲ្យ​ក្រុមហ៊ុន​នេះ គឺ​ការ​គោរព​ច្បាប់ ។ ច្បាប់ គឺ​ធ្វើ​ឲ្យ​មនុស្ស​គោរព​គ្នា និង​ចេះ​គោរព​ការងារ​របស់​ខ្លួន ។ ទន្ទឹម​នឹង​នេះ ក្នុង​នាម​ជា​បុគ្គលិក ក៏​ត្រូវ​ដឹង​ពី​តួនាទី​ខ្លួនឯង​ដែរ មាន​ន័យ​ថា ត្រូវ​គោរព​តាម​ច្បាប់​ការងារ​ក្រុមហ៊ុន ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ដែល​មានការ​ងារ​ជា​អ្នកបើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​តួនាទី​របស់​ខ្លួន ហើយ​ធ្វើ​ជា​អ្នកបើកបរ មិន​ត្រឹមតែ​ចេះ​បើករថយន្ដ​ប៉ុណ្ណោះ​ទេ ត្រូវ​ចេះ​ស្រឡាញ់​រថយន្ដ​ថែម​ទៀត ពិសេស​ត្រូវ​ដឹង និង​រាយការណ៍​ទៅ​ថៅកែ នៅ​ពេល​វា​មាន​បញ្ហា ដើម្បី​យក​ទៅ​ឲ្យ​ជាង​ពិនិត្យ ទោះបីជា​រថយន្ដ​របស់​ក្រុមហ៊ុន​ក៏​ដោយ ព្រោះ​វា​ជា​ចំណែក​នៃ​ជីវិត​យើង ៕