ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តព្រៃវែង សហការ​តាម​ចាប់ខ្លួន​បុរស​ខ្មែរ​ម្នាក់ ដល់​ទឹកដី​ប្រទេស​វៀតណាម

1 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣​នេះ​ថា យោង​តាម​ដីកា​លេខ​៧២ ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣…

ខេត្តព្រៃវែង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣​នេះ​ថា យោង​តាម​ដីកា​លេខ​៧២ ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣ របស់​លោក ហួត ហ៊ា​ង ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ឈ្មោះ បូ សា​រ៉ា​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដោយ​ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​ពិនិត្យ ពី​បទ ប៉ុនប៉ង​ឃាតកម្ម​, រំលោភ​លើ​លំនៅ​ដ្ឋា​ន​, និង​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

នៅ​ថ្ងៃ​ដដែល ក្រុម​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​ចុះ​អនុវត្ត​តាម​ដីកា​នេះ ទៅ​ដល់​មូលដ្ឋាន​ដូច​មាន​ខាងលើ​ភ្លាម​ៗ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ បូ សា​រ៉ា​ន បាន​លួច​រត់គេច​ខ្លួន ចូល​ទៅ​ប្រទេស​វៀតណាម ។

ក្រោយ​ពេល​ដឹង​ថា ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ប្រទេស​វៀតណាម កម្លាំង​សមត្ថកិច្ច​កម្ពុជា បាន​ទំនាក់ទំនង​ទៅ​កាន់​ខាង​ភាគី​វៀតណាម ដោយ​បាន​ផ្ញើរ​រូបភាព​របស់​ជនសង្ស័យ រួម​នឹង​យានជំនិះ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម ងាយស្រួល​កំណត់​មុខសញ្ញា​ចាប់​ឃាត់ខ្លួន ។

បន្ទាប់​ពី​ទទួល​បាន​រូបភាព​ពី​នគរបាល​កម្ពុជា រួច​ហើយ ខាង​ភាគី​វៀតណាម ក៏​បាន​កំណត់​មុខសញ្ញា ដោយ​ចាប់​ឃាត់ខ្លួន​ឈ្មោះ បូ សា​រ៉ា​ន និង​ឆែក​ខ្លួន រក​ឃើញ​មាន​ថ្នាំ​ញៀន ហើយ​បច្ចុប្បន្ន អាជ្ញាធរ​វៀតណាម​កំពុង​បំពេញ​នីតិវិធី បន្ត​សិន មុន​នឹង​បញ្ជូន​មក​កម្ពុជា​វិញ ។

គួរ​ជម្រាប​ឡើង​វិញ​ថា ករណី​តាម​ចាប់​ជនសង្ស័យ រហូត​ដល់​ប្រទេស​វៀតណាម​នេះ បាន​កើត​មាន​ឡើង ដោយសារ​កាលពី​វេលា​ម៉ោង​ប្រហែល ០២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០២២ បុគ្គល​ឈ្មោះ បូ សា​រ៉ា​ន ត្រូវ​បាន​ប្រជាជន​ប្តឹង​ថា បាន​ប្រើប្រាស់​កាំភ្លើងខ្លី បាញ់​២​គ្រាប់ ធ្លាយ​ជញ្ជាំង​ផ្ទះ​របស់​ឈ្មោះ ឃុន ណាត នៅ​ចំណុច​ភូមិ​ស្វាយចេក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាជន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើ ប៉ុន្តែ​មិន​ចួប​ប្រទះ ។ បន្ទាប់​មក មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ស្រង់​កំណត់ហេតុ​ពី​ប្រជាជន បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​រួចរាល់ ដើម្បី​សុំ​ដីកាចាប់ខ្លួន ។

បន្ទាប់​ពី​ទទួល​បាន​សំណុំរឿង តុលាការ ក៏​បាន​ចេញ​ដីកាកោះ​ចំនួន​ពីរ​លើក និង​ដីការ​បង្គាប់​ឲ្យ​ចូលខ្លួន ចំនួន​មួយ​លើក ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ មិន​ព្រម​អនុវត្ត​តាម រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣ មន្ត្រី​នគរបាល​បាន​ទទួល​ដីកា​ពី​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​បុគ្គល​រូប​នេះ​ឲ្យ​ខាន​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ