ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​ទស​វត្ស​ឆ្នាំ​1960​ប្រាប់​ពី​ចំណុចខ្សោយ​វិស័យ​កីឡា​កម្ពុជា​បច្ចុប្បន្ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក យូ ជិន​ហុង​ម្ចាស់​មេដាយមាស​ស៊ីហ្គេ​ម​លើ​វិញ្ញាសា​ប្រដាល់​សាកល​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៦០​ដែល​សព្វថ្ងៃ​មានអាយុ​៧៦​ឆ្នាំទៅ​ហើយ​នោះ​បាន​មាន​ប្រសាសន៍​ថា

រាជធានី​ភ្នំពេញ ៖ លោក យូ ជិន​ហុង​ម្ចាស់​មេដាយមាស​ស៊ីហ្គេ​ម​លើ​វិញ្ញាសា​ប្រដាល់​សាកល​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៦០​ដែល​សព្វថ្ងៃ​មានអាយុ​៧៦​ឆ្នាំទៅ​ហើយ​នោះ​បាន​មាន​ប្រសាសន៍​ថា ចំណុចខ្សោយ​ដែល​ធ្វើ​ឱ្យ​វិស័យ​កីឡា​នៅកម្ពុជា​បច្ចុប្បន្ន​មិន​មានការ​រីក​ចម្រើន​គឺ​ដោយសារ​តែ​កីឡាករ​ភាគច្រើន​មិន​គោរព​វិន័យ​តែម្ដង ។

លោក យូ ជិន​ហុង បាន​ប្រាប់​អ្នក​យក​ព័ត៌មានកោះសន្តិភាព​ថា លោក​បាន​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្ល៉េះ​បន្ទាប់​ពី​ភរិយានិង​កូន​របស់​លោក​បាន​ស្លាប់​ចោល​អស់​ក្នុងរបប​​ប៉ុល​ពត ។ លោក​ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញ​ឱ្យមក​ជួយ​បង្ហាត់បង្ហាញ​ពី​បច្ចេកទេស​ប្រដាល់​សាកល​ដល់​កីឡាករ​ថ្នាល ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ ។ លោក​ថា កាលពី​សម័យ​សង្គមរាស្ត្រនិយម វិស័យ​កីឡា​នៅ​កម្ពុជា​ស្ទើរតែ​គ្រប់​ប្រភេទ​មានការ​រីក​ចម្រើន​ទាំងអស់​ដោយសារ​តែ​កីឡាករ​-​កីឡាការិនី​ម្នាក់​ៗ​ខិត
ខំ​ហ្វឹកហាត់​និង​គោរព​វិន័យ​បាន​យ៉ាង​ល្អ​មិន​ហ៊ាន​ធ្វេសប្រហែស​ឡើយ ។ លោក​បញ្ជាក់​ថា កីឡាករ​ម្នាក់​ៗ​បើកាលណា​ខ្វះ​វិន័យ​ហើយ​គឺ​មិន​អាច​សម្រេច​គោលដៅ​បាន​ទេ ជាក់ស្ដែង​ក្នុង​អំឡុង​ពេល​​លោក​មក​បង្ហាត់​ដល់​ក្មេង​ៗដែល​ជា​កីឡាករ​ថ្នាល លោក​សង្កេត​ឃើញថា ពួក​គេ​ភាគច្រើន​មិនសូវ​គោរព​វិន័យ​ទាល់តែ​សោះ ដូច​ជា​មក​ហ្វឹកហាត់​មិន​ទៀងទាត់​ជាដើម​ដល់​ពេល​សួរនាំ​ទៅ​តែង​រក​លេស​មិន​ចេះ​ចប់ ។ លោក​ថា បើ​ពួក​គេ​ធ្វើ​បែប​នេះ​មិន​អាច​ក្លាយ​ខ្លួន​ជា​ធនធាន​កីឡាករ​ល្អរបស់​ប្រទេស​ជាតិ​បាន​ទេ ។

លោក យូ ជិន​ហុង បាន​លើកយក​បទ​ពិសោធន៍​និង​ស្នាដៃ​ដែល​លោក​សម្រេច​បាន​ជូន​ជាតិ​កាល​លោក​នៅ​ជា​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៦០​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ប្រកប ដោយ​ឆន្ទៈ​ខ្ពស់ និង​ការ​គោរព​វិន័យបាន​យ៉ាង​ល្អ​ផង​នោះ​ធ្វើ​ឱ្យ​លោក​ទទួល​ជោគជ័យក្នុង​ការ​ប្រកួត​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ទីក្រុង​យាំង​ហ្គូ​នប្រទេស​មី​យ៉ា​ន​ម៉ា​នៅ​ក្នុង​ឆ្នាំ​១៩៦០ លោក​គឺជា​កីឡាករ​កម្ពុជា​ដំបូង​ដែល​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​ប្រដាល់ ។ បន្ទាប់​មក​ទៀត​នៅ​ក្នុង​ឆ្នាំ​១៩៦២ លោក​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ លោក​ថា ទម្រាំ​តែ​ដណ្ដើម​បាន​មេដាយ​ម្ដង​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ពោល​គឺ​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហាត់​ជាប់​លាប់​ ​និង​គោរព​វិន័យ​ផង​ដែរ ។ ទោះបី​យ៉ាងណា​លោក​នៅ​តែ​ព្យាយាម​រិៈ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ណែនាំ​និង​តម្រង់​ទិស​ដល់​ពួក​គេ​ឱ្យ​ក្លាយជា​កីឡាករ​ល្អ​សម្រាប់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អានា​គត​។
ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​បានឮ​ដំណឹងថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​លិខិត​រំសាយ​ការ​ប្រមូលផ្ដុំ​កីឡាករ​ថ្នាល​មុន​ការ​កំណត់ ។ មិនមែន​តែ​រូប​លោក​ម្នាក់​ទេ​ដែល​បានដឹង​ដំណឹង​នេះ គឺ​មាន​គ្រូ​ៗ​ជា​ច្រើន​ប្រភេទ​កីឡា​ទៀត​ដែល​បានដឹង​ដំណឹង​នេះ​ដែរ ។ តាម​ការ​កំណត់ ការ​ប្រមូលផ្ដុំ​គឺ​ត្រូវ​បន្ត​រហូត​ដល់​ខែធ្នូ ប៉ុន្តែ​ពេល​នេះ​ប្រហែលជា​ត្រូវ​រំសាយ​នៅ​ដើមខែ​តុលា ខាង​មុខ​នេះ​ហើយ ។

លោក អាត សំ​រិ​ទ្ធ ជា​គ្រូ​បង្គោល​របស់​ក្រុម​កីឡាករ​ប្រដាល់​ថ្នាល​នេះ​បានឱ្យ​ដឹង​ថា​លោក​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់​ព្រោះថា ទម្រាំ​ប្រមែប្រមូល​បាន​កីឡាករ​ល្អ​ៗ​មក​ហ្វឹកហាត់​គឺ​មាន​ការ​លំបាក​ខ្លាំង​ណាស់ ។ បើសិនជា​ពួក​គេ​មិន​បាន​ស្ថិត​ក្នុង​ការ​មើល​ខុស​ត្រូវ​ឱ្យ​បាន​ល្អ​ទេ​នោះ​មិនដឹង​ថា​ជោគវាសនា​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​កីឡា​មួយ​ចំនួន​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​រំសាយ​ក្រុម​កីឡាករ​ថ្នាល​បែប​នេះ​ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា ពុំ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ឱ្យ ដូច្នេះ​មាន​តែ​រំសាយ​មុន​ពេល​កំណត់​តែ​ម្ដង​ទៅ ៕