ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​កីឡាករ​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​បច្ចុប្បន្ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​ប្រណាំង​ម៉ូតូ លោក គង់ សុធា​រ៉ា បញ្ជាក់​ថា

រាជធានី​ភ្នំពេញ ៖  នៅ​ប្រទេស​កម្ពុជា​គេ​កត់សម្គាល់​ឃើញ​កីឡា​ប្រណាំង​ម៉ូតូ​ក៏​មានការ​រីក​ចម្រើន​ផង​ដែរ បើ​ទោះជា​ការ​ហ្វឹកហាត់​កីឡាមួយ​នេះ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​បន្តិច​ក្ដី ។ អ្នក​ហ្វឹកហាត់​និង​អ្នកចូលរួម​ប្រណាំង​ភាគច្រើន​មិនមែន​ជា​កីឡាករ​អាជីព​ទេ ដោយ​ពួក​គេ​មួយ​ចំនួន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ជិះ​បង្អួត​ពី​ភាព​ក្លាហាន និង​ដើម្បី​សម្ញែង​ពី​សមត្ថភាព​របស់​ខ្លួន​ប៉ុណ្ណោះ ។

យោង​តាម​អ្នកជំនាញ​បាន​អះអាង​ថា នៅ​កម្ពុជា​ថ្វី​ដ្បិតតែ​កីឡា​ប្រណាំង​ម៉ូតូ​មិនសូវ​មានការ​គាំទ្រ​ក្នុង​ចង្កោម​មនុស្ស​វ័យ​កណ្ដាល និង​វ័យចាស់ ក៏​អ្នក​និយម​ប្រើប្រាស់​ម៉ូតូ​ដើម្បីជិះ​បង្ហោះ​ និង​ប្រណាំង​​គ្នា​ស្ថិត​ក្នុង​វ័យ​ជំទង់និង​យុវវ័យ​នៅ​តែ​មាន​កំណើន​ដដែល​ទោះបី​កើនឡើង​តិចតួច​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ក្ដី ។ មានការ​បញ្ជាក់​ថា ក្រុម​នេះ​(​អ្នក​ដែល​មាន​លទ្ធភាព​ជួល​ម៉ូតូ និង​សម្ភារ​​កីឡា​ប្រណាំង​ម៉ូតូ​)​ពី​ដំបូង​គ្រាន់តែ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ជិះ​ប្រណាំងគ្នា​លេង​ប៉ុណ្ណោះ លុះ​យូរ​ៗ​ទៅ​អ្នកមាន​ចំណូល​ចិត្ត​ទាំងនោះ​ក៏​កែប្រែ​ខ្លួន​ក្លាយជា​អ្នក​អាជីព​តែ​ម្ដង ដោយ​អ្នកខ្លះ​បាន​ទាំង​ចំណាយ​លុយ​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​កុម្ម៉ង់​ទិញ​ម៉ូតូ​ប្រណាំង ឬ​កែ​ច្នៃ​ម៉ូតូ​ឱ្យ​ក្លាយជា​ម៉ូតូ​សម្រាប់​ប្រណាំង​ពេញ​លក្ខណៈ​យក​មក​ធ្វើ​ជា​របស់​ខ្លួន​ទៀត​ផង ។ អ្នក​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគ​តិច​ណាស់​ដែល​មាន​ម៉ូតូ​ជា​របស់​ផ្ទាល់ខ្លួន ទើប​រាល់​ការ​ប្រណាំង​ម្ដង​ៗ​ពួក​គេ​ច្រើន​យក​ម៉ូតូ​ពី​កន្លែង​ជួល​ប៉ុណ្ណោះ ដោយសារ​តែ​ម៉ូតូ​នេះ​មាន​តម្លៃ​ខ្ពស់ និង​មិន​អាច​ប្រើ​ការ​អ្វី​បាន​ក្រៅពី​ទុក​សម្រាប់​ជិះ​ប្រណាំង ។ ក្នុង​នោះ​ឱកាស​ប្រណាំង​ម៉ូតូ​ក៏​មិនសូវ​កើត​មាន​ញឹកញាប់​ដែរ យ៉ាងច្រើន​មួយ​អាទិត្យ​ម្ដង ឬ​កន្លះ​ខែ​ម្ដង​ប៉ុណ្ណោះ​ផ្អែក​តាម​ការ​ណាត់ជួប​របស់​អ្នក​ជិះ​ម៉ូតូ​មាន​ពេលវេលា ។

ហេតុផល​នៃ​ការ​ជួប​គ្នា​មិន​បាន​រាល់ថ្ងៃ​ដូច​ការ​ជិះ​កង់​ដើម្បី​ហាត់ប្រាណ​នេះ គឺ​ដោយសារ​តែកន្លែង​ដែល​អាច​ជិះ​ម៉ូតូ​ប្រណាំង​បាន​ស្ថិត​នៅ​ខេត្ត​ឆ្ងាយ​ៗ និង​នៅ​ទីវាល​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​ចំណាយពេល​ច្រើន​ដើម្បី​ជិះ​ទៅ​ប្រមូលផ្ដុំ​គ្នា ។ គេ​មិន​អាច​ប្រណាំង​ម៉ូតូ ឬ​ហ្វឹកហាត់​ប្រណាំង​ម៉ូតូ​នៅ​កណ្ដាល​រាជធានី ឬ​នៅ​ទីប្រជុំជន​បាន​ទេ ដោយសារ​តែ​កីឡា​មួយ​នេះ​តម្រូវ​ឱ្យ​ស្វែងរក​ផ្លូវ​បត់បែន និង​មាន​ខ្សាច់​ផង​ដូច​ជា​នៅ​ម្ដុំ​ជ្រោយចង្វា​និង​នៅ​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល​ជាដើម ទើប​មាន​សណ្ឋាន​ដី​ដែល​មាន​លក្ខណៈ​បែប​នេះ ។ យ៉ាងណាមិញ ក្នុង​រង្វង់​៣​ខែ​ចុង​ក្រោយ​នេះ គេ​ឃើញ​ការ​ប្រណាំង​ម៉ូតូ​ឧស្សាហ៍​កើតឡើង បន្ទាប់​ពី​ក្រុម​ហ៊ុន​ធំ​មួយ​បាន​វិនិយោគ​ផ្ទៃដី​ច្រើន​ហិ​កតា​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ធ្វើ​ជា​ទីលានប្រណាំង​ម៉ូតូ ដោយ​បាន​រៀបចំ​ជា​ផ្លូវ​កោង និង​គ្រោង​រៀបចំ​ជា​ផ្លូវ​ឡើង​ទួល​ចុះ​ទួល​ជាដើម ដើម្បី​ឱ្យ​ពេញ​ស្ដង់ដារ​ក្នុង​ការ​ប្រណាំង​ម៉ូតូ ។ គេ​ឃើញ​កីឡាករ​ក្មេង​ៗ​ដែល​កាលពីមុន​មិនសូវ​ចូល​ចិត្ត​កីឡា​ប្រភេទ​នេះ ក៏​បាន​ទៅ​ហ្វឹកហាត់​ប្រណាំង​ម៉ូតូ​ផង​ដែរ ដោយសារ​តែ​ទីលាន​នោះ​ក្រៅពី​ជួល​ឱ្យ​ហ្វឹកហាត់​ហើយ​ក៏​មានការ​បណ្ដុះបណ្ដាល និង​មាន​ម៉ូតូ​គ្រប់​ប្រភេទ​ដាក់​ឱ្យ​ជួល​ហ្វឹកហាត់​ផង​ដែរ​។ កាលពីមុន​មាន​តែ​មនុស្ស​ចាប់ពី​វ័យ​២០​ក្រាស់​ប៉ុណ្ណោះ​ដែល​មាន​ចំណូលចិត្ត​ចង់​ក្លាយជា​កីឡាករ​ប្រណាំង​ម៉ូតូ ប៉ុន្តែ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​យុវជន​វ័យ​ជំទង់​ដែល​មាន​អាយុ​ក្នុង​រង្វង់​១៦​ឆ្នាំ​ឡើង​ក៏​ចូល​ចិត្ត​ហ្វឹកហាត់​កីឡា​នេះ​ដែរ បើ​ទោះជា​ការ​ហ្វឹក​ហាត់​របស់​អ្នកខ្លះ​គឺ​មិន​ទាន់​មាន​ភាព​ស្វាហាប់ ដោយសារ​តែ​ខ្វះ​ភាព​ក្លាហាន​ក្ដី ។

អ្នក​អាជីព​លើ​ជំនាញ​នេះ​បាន​អះអាង​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ប្រណាំង​ម៉ូតូ​អាជីព​មិន​ទាល់តែ​ជា​អ្នកមាន​លុយ​ទិញ​ម៉ូតូ​ថ្លៃ ឬ​ជា​មនុស្ស​មាន​កម្ពស់​ខ្ពស់​នោះ​ទេ គឺ​អ្នកមាន​កម្ពស់​ត្រឹមតែ​១,៦០​ម៉ែត្រ​ជាង​ក៏​អាច​ក្លាយជា​អ្នក​អាជីព​បាន​ដែរ សំខាន់​ឱ្យ​តែ​មាន​ស្មារតី​រឹង​មាំ និង​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់ ។ ជាក់ស្ដែង​អ្នកជំនាញ​ជិះ​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​មិនមែន​សុទ្ធតែ​ខ្ពស់​ជ​ង្គ្រោ​ង​ៗ​នោះ​ទេ​គឺ​សុទ្ធតែ​ជា​បុរស​ក្នុង​ខ្នាត​អាស៊ី​ប៉ុណ្ណោះ ។ យ៉ាងណាមិញ កីឡា​មួយ​នេះ​មិន​ទាន់​សាយ​ភាព​ដល់​ស្ត្រី​នៅឡើយ​ទេ ដោយសារ​តែ​ក្នុង​ប្រទេស​កម្ពុជា​មិន​គាំទ្រ​ឱ្យ​ស្ត្រី​និង​យុវតី​ប្រើប្រាស់​ម៉ូតូ​ប្រណាំង ហើយ​បើ​ទោះជា​មាន​នារីក្លាហាន​ចង់​ចូលរួម​ប្រណាំង​ម៉ូតូ​ក៏​ស្ត្រី​ទាំងនោះ​មិន​ទាន់​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​នៅឡើយ​ដែរ ។

លោក គង់ សុធា​រ៉ា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ និង​ជា​អ្នកគ្រប់គ្រង​ទីលានប្រណាំង​ម៉ូតូ King Track Circuit នៅ​ខណ្ឌ​សែន​សុខ​បាន​អះអាង​ថា កីឡា​ប្រណាំង​ម៉ូតូ​បើ​និយាយ​ឱ្យ​ចំ​គឺ​មាន​គ្រោះថ្នាក់ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ស្មារតី​រឹង​មាំ និង​ចេះ​ទប់​លំនឹង​ម៉ូតូ​នៅ​ផ្លូវ​បត់បែន និង​ផ្លូវ​ទួល គឺ​មិន​ងាយ​ដួល​នោះ​ទេ ។ យ៉ាងណាមិញ លោក​ថា កីឡា​នេះ​មិន​អាច​ហ្វឹកហាត់ ឬ​ប្រណាំង​​គ្នា​នៅ​លើ​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ​អ៊ូអរ​បាន​ទេ ដោយសារ​តែ​ការពារ​ពេល​មាន​គ្រោះថ្នាក់​កុំឱ្យ​ប៉ះទង្គិច​រាង​កាយ​ធ្ងន់ធ្ងរ​។ សំអាង​លើ​សម្លៀក​បំពាក់​ដែល​កីឡាករ​មួយ​នេះ​ប្រើប្រាស់​ជាប់​ខ្លួន ស្ថានភាព​ពេល​ដួល​ម៉ូតូ​មិនសូវ​មានការ​ប៉ះទង្គិច​ខ្លាំង​នោះ​ទេ ដោយសារ​តែ​គ្រប់​សម្លៀក​បំពាក់​ដែល​កីឡាករ​បាន​ប្រើ​សុទ្ធតែ​មាន​ប៉ុង​ការពារ​កុំឱ្យ​ដាច់​រលាត់ ។ ប៉ុន្តែ​កីឡា​នេះ​វា​ងាយ​ប្រឈម​ដូច​ជា​បណ្ដាល​ឱ្យ​បាក់​ឆ្អឹង និង​បាក់​ក​ជាដើម ប្រសិនបើ​ពេល​ដួល​កីឡាករ​មិន​មាន​ស្មារតី​ច្បាស់លាស់ ហើយ​មិន​រហ័ស​ក្នុង​ការ​កែប្រែ​ស្ថានភាព​ដួល ។ លោក​ថា​អ្នក​ហាត់​ប្រណាំង​ម៉ូតូ គឺ​ត្រូវ​មាន​កាយ​សម្បទា​រឹង​មាំ និង​មាន​លំ​ហាត់ប្រាណ​ផ្នែក​ផ្សេង​រួច​ជា​ស្រេច ដើម្បី​កុំឱ្យ​ប៉ះទង្គិច​ណាមួយ​បណ្ដាល​ឱ្យ​ឈឺសន្លាក់​និង​សាច់ដុំ ។ ក្នុង​នោះ​អ្នក​ហាត់​ប្រណាំង​ម៉ូតូ ក៏​ត្រូវ​តែ​មាន​ភ្នែក​វៃ និង​មានការ​បត់​បែន​រហ័ស​ផង​ដែរ គឺ​មិនមែន​គ្រាន់តែ​ជួប​ស្ថានភាព​ប៉ះទង្គិច​ណាមួយ​ហើយ​ក៏​តក់ស្លុត​នោះ​ទេ ។ លោក​ថា អ្នក​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​៣០០​នាក់ ដោយ​ក្នុង​ចំណោម​អ្នក​ទាំង​ជាង​៣០០​នាក់​នោះ មួយ​ចំនួន​គឺ​គ្រាន់តែ​ចង់​ហ្វឹកហាត់​ដើម្បី​ប្រណាំង​លេង​ៗ​គ្រាន់​ជា​ការ​កម្សាន្ត និង​មួយ​ចំនួន​ចង់​ក្លាយជា​កីឡាករ​អាជីព​តែ​ម្ដង ។ អ៊ីចឹង​ហើយ​ទើប​លោក​សម្រេច​រៀបចំ​ការ​ប្រកួត​ក្នុង​រង្វង់​២ ទៅ​៣​ខែ​ម្ដង ដើម្បី​ឱ្យ​អ្នកមាន​ទេព​កោសល្យ ហើយ​ស្ទាក់ស្ទើរ​មិន​ទាន់​ចង់​ក្លាយជា​អ្នក​អាជីព ក្លាយជា​អ្នក​អាជីព ។

នៅ​ក្នុង​ពិភព​ប្រណាំង​ម៉ូតូ លោក គង់ សុធា​រ៉ា បញ្ជាក់​ថា មាន​ច្រើន​ប្រភេទ​កម្លាំង​ម៉ូតូ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​គេ​និយម​ត្រឹមតែ​៤​ប្រភេទ​កម្លាំង​ម៉ាស៊ីន​ប៉ុណ្ណោះ គឺ​ម៉ូតូ​ប្រណាំង​ក្នុង​កម្លាំង​១១០​សេ​សេ  ១២៥​សេ​សេ  ១៥០​សេ​សេ និង​កម្លាំង​ធំ​ជាង​១៥០​សេ​សេ ។ ក្នុង​នោះ​សម្រាប់​អ្នក​និយម​ប្រណាំង​ម៉ូតូ​ហោះ​ក៏​មិនសូវ​ជា​មាន​ច្រើន​នោះ​ដែរ ដោយសារ​តែ​កីឡា​ប្រភេទ​នោះ​មានការ​ប្រឈម​ខ្លាំង​ជាង​ការ​ប្រណាំង​ម៉ូតូ​លើ​ទីលាន និង​ពិបាក​រក​ទីតាំង​អំណោយផល​ផង​។ សម្រាប់​ម៉ូតូ​ដែល​ប្រើប្រាស់​គេ​ច្រើន​យក​ម៉ូតូ​ធំ​ៗធម្មតា ឬ​ម៉ូតូ​សម្រាប់​ប្រណាំង​មក​ច្នៃ​កម្លាំង​ម៉ាស៊ីន ដើម្បី​ប្រើ​សម្រាប់​ប្រណាំង ខណៈ​ដែលម៉ូតូ​ទាំងនោះ​គឺ​ក្រោយ​យក​មក​ច្នៃ​ហើយ ក៏​ប្រើប្រាស់​បាន​សម្រាប់​តែ​ប្រណាំង និង​ទុក​សម្រាប់​ហ្វឹកហាត់​ប៉ុណ្ណោះ គឺ​មិន​អាច​យក​ទៅ​ប្រើ​សម្រាប់​ជិះ​ប្រចាំ​ថ្ងៃ​កើត​ទេ ដោយ​សារ​តែ​វា​មាន​សំឡេង​រំខាន ហើយ​កម្លាំង​របស់​វា​ក៏​ខ្លាំង​មិន​ដូច​ម៉ូតូ​មិន​ទាន់​កែ​ច្នៃ ។ លោក​ថា អ្នក​ចង់​ក្លាយជា​អ្នក​ប្រណាំង​ម៉ូតូ​កាលពីមុន​មានការ​លំបាក តែ​ឥឡូវ​គ្រាន់តែ​ទាក់ទង​តាម​គ្នា​ដែល​មាន​ជំនាញ​ខាង​ប្រណាំង​ម៉ូតូ និង​មក​ហ្វឹកហាត់​នៅ​លើ​ទីលាន​របស់​លោក​ដោយ​ផ្ទាល់ គឺ​អាច​ក្លាយជា​អ្នក​ប្រណាំង​ម៉ូតូ​បាន​ហើយ ដោយ​គ្រាន់តែ​ការ​ហ្វឹកហាត់​នោះ​គឺ​ត្រូវ​ចំណាយពេល​តិច​ឬ​ច្រើន អាស្រ័យ​​ទៅ​តាម​ទេព​កោសល្យ និង​ភាព​ក្លាហាន​របស់​អ្នក​ហ្វឹកហាត់ ។ ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន លោក​ថា​អាជីព​នេះ​មានការ​រីក​ចម្រើន​ជាង​មុន ដោយសារ​តែ​នៅ​តាម​ខេត្ត​ដូច​ជា​នៅ​សៀមរាប និង​កំពង់ស្ពឺ​ជាដើម​ក៏​ឧស្សាហ៍​មានការ​រៀបចំ​ប្រណាំង​ម៉ូតូ​ជា​លក្ខណៈ​មិត្តភាព មុន​ពេល​ទីលាន​របស់​លោក​មិន​ទាន់​ត្រូវ​បាន​រៀបចំ​។

យ៉ាងណាមិញ​លោក​នៅ​តែ​មើលឃើញ​ថា អ្នកមាន​ជំនាញ​ប្រណាំង​ម៉ូតូ​ទាំង​ជាង​៣០០​នាក់ នៅ​មិន​ទាន់​ដាក់ចិត្ត​ក្លាយ​ខ្លួន​ជា​កីឡាករ​អាជីព​ពេញលេញ ដោយសារ​តែ​ការ​ប្រណាំង​ម៉ូតូ​មិន​ទាន់​មាន​ការ​ឧបត្ថម្ភ​លើ​តម្លៃ​ខ្លួន​កីឡាករ​ឱ្យ​បាន​ច្រើន​ដែល​នាំ​ទៅ​ដល់​ការ​បំផុស​ឱ្យ​មានការ​ចង់​ក្លាយ​ខ្លួន​ជា​អាជីព​នេះ​ឱ្យ​ពេញលេញ ។ ភាគច្រើន​គេ​ចាប់អារម្មណ៍​អាជីព​នេះ​តែ​ពេល​មានការ​ប្រកួត និង​ពេល​​មានការ​ជួបជុំ​គ្នា​ម្ដងម្កាល​ប៉ុណ្ណោះ ដោយសារ​តែ​អ្នកមាន​សមត្ថភាព​ទាំងនោះ​សុទ្ធតែ​មានអាជីព​ជាក់លាក់​រៀង​ៗ​ខ្លួន មិនមែន​ដូច​កីឡា​ផ្សេង​ដែល​អ្នក​ទាំងនោះ​គឺ​ស៊ប់​នឹង​អាជីព​កីឡា​មួយ​ៗ​តែ​ម្ដង ៕