ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ចំណី​ស្ទឹង​សង្កែ​កំពុង​ក្លាយជា​មុខសញ្ញា​ធ្វើ​ជំនួញ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​ថ្នាក់​ក្រោម និង​មន្ត្រី​ថ្នាក់លើ នៅ​ក្នុង​ក្រុង និង​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​ថ្នាក់​ក្រោម និង​មន្ត្រី​ថ្នាក់លើ នៅ​ក្នុង​ក្រុង និង​ខេត្តបាត់ដំបង កំពុង​ជ្រួញ​ចិញ្ចើម​ឆ្លើយ​ដាក់​គ្នា ក្នុង​រឿង​បុគ្គល​ម្នាក់​ចាក់​ដី​រំលោភ​បំពាន​យក​ដី​ចំណី​ស្ទឹង​សង្កែ មួយ​កន្លែង​នៅ​ខាង​មុខ​សាលាខេត្ត​បាត់ដំបង  ដើម្បី​សាងសង់​សំណង់​ធ្វើ​អាជីវកម្ម ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​បុគ្គល​មានទ្រព្យ​ម្នាក់ ដែល​គេ​សង្ស័យ​អាច​មានការ​ឃុបឃិត​ពី​អាជ្ញាធរ​ក្រុង​ផង​ដែរ​។ ទីតាំង​ដី​ចំណី​ស្ទឹង​ដែល​បុគ្គល​ម្នាក់​ចាក់​ដី​លុប ដើម្បី​ធ្វើ​កន្លែង​រកស៊ី​នោះ ស្ថិត​នៅ​ក្បែ​ក្បាល​ស្ពានថ្ម​ចាស់​ត្រើយ​ខាងលិច ទល់មុខ​សាលាខេត្ត​បាត់ដំបង ដែល​ជា​កន្លែង​ហាមឃាត់ និង​ជា​កន្លែង​ដែល​ត្រូវ​រៀបចំ​អភិរក្ស​ស្ពានថ្ម​ចាស់​ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ​។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ម្នាក់​បាន​ប្រាប់​ថា បុគ្គល​ដែល​ចាក់​ដី​លប់​ដី​មាត់​ស្ទឹង​ខាងលើ​នេះ​ឈ្មោះ ចាន់ សា​វង្ស ម្ចាស់​ក្លិប​ហាត់ប្រាណ​ដ៏​ធំ​មួយ នៅ​ក្នុង​ក្រុង​បាត់ដំបង​។

លោក ចាន់ សា​វង្ស បាន​ចាក់​ដី​រំលោភ​បំពាន​ដី​មាត់​ស្ទឹង​នេះ​រយៈពេល​៣-៤​ថ្ងៃ​កន្លង​មក​ហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ចាក់​ដី​លុប​មាត់​ស្ទឹង​សង្កែ​ខាងលើ​នេះ មន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​ដីធ្លី​មួយ​ចំនួន ទាំង​នៅ​សាលាខេត្ត ទាំង​នៅ​សាលាក្រុង ហាក់​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល  ហើយ​បាន​ទូរស័ព្ទ​សួរនាំ​គ្នា​ភ្លាម​ៗ តាម​លំដាប់លំដោយ តាំងពី​ក្រោយ​ដល់​លើ តែ​គ្មាន​មន្ត្រី​រូប​ណា​បានដឹង​ឡើយ​។  ប៉ុន្តែ​មន្ត្រី​នានា​មានការ​សង្ស័យ​ថា អាច​ជា​ការ​ត្រូវ​រូ​វ​គ្នា​ជាមួយ​លោក​អភិបាលក្រុង​បាត់ដំបង​។ អភិបាលរង​ក្រុង​បាត់ដំបង ដែល​ទទួល​បន្ទុក​កិច្ចការ​ដីធ្លី លោក ឌី ពៅ បាន​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ទាំង​ភ្ញាក់ផ្អើល​ថា «​ខ្ញុំ​មិន​បានដឹង​រឿង​ចាក់​ដី​លុប​មាត់​ស្ទឹង​សង្កែ​ក្បែរ​ស្ពានថ្ម​ចាស់​ខាងលើ​នេះ​ទេ​»​។ លោក​និយាយ​ថា តើ​ហេតុ​អ្វី​បានជា​ខ្ញុំ​មិនដឹង​ពី​រឿង​ចាក់​ដី​នេះ ? លោក​ប្រាប់​ថា បញ្ហា​ដីធ្លី​នៅ​ក្នុង​ក្រុង​បាត់ដំបង លោក​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ ចុះ​ហេតុ​អ្វី​រឿង​នេះ​គេ​មិន​រាយការណ៍​។ លោក ឌី ពៅ បាន​បញ្ជាក់​ថា តាម​ធម្មតា​បើ​ចង់​ធ្វើ​អ្វីមួយ​ពាក់ព័ន្ធ និង​រឿង​ដី​រដ្ឋ អាជ្ញាធរ​ត្រូវ​ប្រជុំ​គណៈកម្មការ​ពិភាក្សា​គ្នា​វាយតម្លៃ មិនមែន​ចុះ​ធ្វើ​តាម​អំពើ​ចិត្ត​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា លោក​នឹង​ទាក់ទង​ទៅ​ចៅសង្កាត់​ស្វាយប៉ោ ដើម្បី​សួរនាំ​រឿង​ចាក់​ដី​លុប​មាត់​ស្ទឹង​នេះ តើ​ខាង​ណា​អនុញ្ញាត ?​។ ដោយឡែក​លោក ងួ​ន រតនៈ អភិបាលរង​ខេត្ត ដែល​ទ​ទូល​បន្ទុក​បញ្ហា​ដីធ្លី​នេះ​ដែរ បាន​ផ្ដល់​បទ​សម្ភាសន៍ តាម​ទូរស័ព្ទ​ជាមួយ​អ្នក​សារព័ត៌មាន​ដោយ​បដិសេធ​ដែរ​ថា លោក​មិន​បានដឹង​រឿង​ចាក់​ដី​លុប​មាត់​ស្ទឹង​នៅ​ក្បែរ​ស្ពានថ្ម​ចាស់​នេះ​ទេ​។ លោក​អភិបាលរង​ខេត្ត​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​ដែរ ហើយ​ថែម​ទាំង​មាន​ច​ម្ង​ល់​ថា តើ​ហេតុ​អ្វី​បានជា​ចេះ​តែ​មានការ​រំលោភ​បំពាន​ដី​ចំណី​ស្ទឹង​បែប​នេះ ? លោក​បាន​ប្រាប់​ថា លោក​មិន​បានដឹង​រឿង​នេះ​សោះ តែ​លោក​នឹង​សួរ​ទៅ​អាជ្ញាធរ​ក្រុង អំពី​រឿង​នេះ​។ ពាក់ព័ន្ធ​នឹង​ការ​ចាក់​ដី​រំលោភ​បំពាន​ដី​ចំណី​ស្ទឹង​នេះ កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា  រីឯ​លោក ចាន់ សា​វង្ស ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ដោយ​ផ្ទាល់​បាន​ដែរ​។ ប៉ុន្តែ​លោក ចាន់ សា​វង្ស បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា លោក​ពិតជា​បាន​ចាក់​ដី​លុប​មាត់​ស្ទឹង​នោះ​មែន ដើម្បី​សង់រោង​ជាង​ជួស​ជូ​ល​សម្ភារ​កីឡា​។ លោក​បាន​ប្រាប់​ថា លោក​សៀង​ឯម  វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង បាន​ប្រគល់​ដី​នោះ​ឲ្យ​លោក​៣​ឆ្នាំ​ហើយ ដើម្បី​សាងសង់​រោង​ជាង តែ​ដោយ​លោក​ជាប់រវល់ ទើប​ចាប់ផ្ដើម​ធ្វើ​នៅ​ពេល​នេះ​។

លោក ចាន់ សា​វង្ស បាន​បញ្ជាក់​ថា កន្លង​មក​លោក​បាន​ជួយ​ឧបត្ថម្ភ​សម្ភារ​កីឡា​ដល់​សាលាក្រុង រៀបចំ​នៅ​តាម​សួនច្បារ​នានា គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ពី​៦​ទៅ​៧​ម៉ឺន​ដុល្លា​ហើយ​។  ដូច្នេះ​ហើយ​ទើប​លោក​ស្នើ​សុំ​ដី​នៅ​ក្បែរ​មាត់​ស្ទឹង​ខាងលើ ដើម្បី​ធ្វើ​រោង​ជាង​ជួស​ជួល​សម្ភារ​កីឡា​នេះ​។ ប៉ុន្តែ​ជុំវិញ​ករណី​នេះ បើ​តាម​ប្រភព​ពី​មន្ត្រី​មួយ​ចំនួន​បាន​និយាយ​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត មាន​គម្រោង​ថែទាំ​ដី​ទីតាំង ក្បែរ​ស្ពានថ្ម​ចាស់ ដើម្បី​អភិរក្ស​ស្ពាន​បុរាណ​ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ​មួយ​នេះ ថែម​ទាំង​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​សំណង់​អ្វី​ឡើយ តែ​ពេល​នេះ​បែរជា​មានការ​ឃុបឃិត​ឲ្យ​លោក ចាន់ សា​វង្ស សាងសង់​ក្លិប​ហាត់ប្រាណ ឬ​រោង​ជាង​ទៅ​វិញ ? មន្ត្រី​នានា​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​លោក ចាន់ សា​វង្ស ហាក់​មាន​អាទិភាព​បំផុត ក្នុង​ការ​យក​ដី​ចំណី​ស្ទឹង និង​ដី​ឯកជន​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម ដោយសារ​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​អភិបាលក្រុង​បាត់ដំបង​។ បច្ចុប្បន្ន​អភិបាលក្រុង​បាត់ដំបង បាន​ផ្ដល់​សិទ្ធិ​ឲ្យ​លោក ចាន់ សា​វង្ស គ្រប់គ្រង​អគារ​បង្គន់​អានា​ម័​យ​សាធារណៈ​នៅ​លើ​សួនច្បារ​សម្ដេច​ក្រឡាហោម ដែល​ជា​ជំនួយ​របស់​ប្រទេស​កូរ៉េ​។ អគារ​ប​ន្គ​ន់​អានា​ម័​យ​ដ៏​ធំ និង​ទំនើប​នេះ នៅ​ផ្នែក​ខាងលើ​អាច​ធ្វើ​ជា អាហារ​រ​ដ្ឋា​ន ឬ​ហាង​កាហ្វេ ហើយ​ពេល​នេះ​លោក ចាន់ សា​វង្ស កំពុង​បុក​គ្រឹះ​សាងសង់​ពង្រីក​បន្ថែម​ទៀត ដើម្បី​ធ្វើ​អា​ជី​កម្ម ក្រោយ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​។

ការ​ពង្រីក​បង្គន់​អានា​ម័​យ សាធារណៈ​នេះ មិន​ទាន់​រួចរាល់​ផង លោក ចាន់ សា​វង្ស បាន​ចាប់ផ្ដើម​ចាក់​ដី​លុប​មាត់​ស្ទឹង ក្បែរ​ស្ពាន ថ្ម​ចាស់ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​។ មិនតែប៉ុណ្ណោះ​ពេល​នេះ​លោក ចាន់ សា​វង្ស កំពុង​គ្រប់គ្រង​ដី ឯកជន​របស់​រដ្ឋ​មួយ​ផ្នែក​នៅ​ក្នុង​សាលាសង្កាត់​ស្វាយប៉ោ ដើម្បី​ធ្វើ​អាជីវកម្ម​ក្លិប​កីឡា​របស់​ខ្លួន​ទៀត​ផង ក្រោម​ហេតុផល បាន​ជួយ​បង្កើត​សមិទ្ធផល​នានា​ជួន​សាលាក្រុង ហើយ​ពេល​នេះ​ល្បី​ថា ចង់​ជួល​ដី​ក្បែរ​ស្ពាន​ថ្មី​ចាស់​នេះ​បន្ត​ឲ្យ​គេ​បើកហាង​កាហ្វេ​ទៀត​ផង តែ​មិន​ទាន់​ត្រូវ​ថ្លៃ​។ ទោះជា​យ៉ាងណា មហាជន​បាន​លើក​ឡើង​ថា អាជ្ញាធរ​ក្រុង​គួរតែ​កែ​ច្នៃ​ទីតាំង​ក្បាល​ស្ពានថ្ម​ចាស់ ដែល​មាន​អាយុកាល ជាង​១០០​ឆ្នាំ​នេះ​ធ្វើ​ជា​សួនច្បារ ដើម្បី​ជួយ​លើក​សោភ័ណ​ភាព​ទីក្រុង​ស្អាត និង​ជួយ​លើក​សម្រស់​ទិដ្ឋភាព​សាលាខេត្ត និង​ស្ពានថ្ម​បុរាណ​ឲ្យ​មាន​សោភ័ណ​ភាពល្អ​ស្រស់បំព្រង ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​អះអាង​របស់​អាជ្ញាធរ​ដែល​ធ្លាប់​ប្រាប់​ពលរដ្ឋ​ថា​នឹង​ថែរក្សា ឬ​អភិរក្ស​ស្ពាន​បុរាណ​មួយ​នេះ និង​អគារ​សាលាខេត្ត​ចាស់  ទុកជា​សំណង់ ឬ​អគារ​បេ​តិក​ភ័​ណ​សម្រាប់​ទាក់ទាញ និង​ប​ង្អូ​ត​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ ដូច្នេះ​អាជ្ញាធរ​មិន​គួរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​ចាក់​ដី​សាងសង់​ធ្វើ​អា​ជី​កម្ម​ផ្ទាល់ខ្លួន​បែប​នេះ​ទេ​៕