នគរ​បាល​ខណ្ឌ​ដូន​ពេញ​បញ្ជូន​ចោរ​ប្លន់​កាបូប​យួរ​ពីរ​នាក់​ទៅ​តុលាការ​


រាជធានី​ភ្នំពេញ ៖ នគរ​​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា​ ឆ្នាំ​២០១៣​ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​ប្លន់​យក​កាបូប​យួរ​ពី​សង្សារ​មួយ​គូ​ ខណៈ​ពេល​កំពុង​អង្គុយ​លេង​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែ​​មីនា ឆ្នាំ​២០១៣​ នៅ​ចំណុច​លើ​ថ្ម​ម៉ាប​ មាត់​ទន្លេ​​ខាង​កើត​ព្រះ​គម្លង់​ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ភូមិ​ទី១​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ បាន​សម្រេច​ហើយ​នាំ​គ្នា​គេច​ខ្លួន ។​

លោក​វរសេនីយ៍​ត្រី ញ៉ែម​ សៅណុល​ អធិការរង​នគរបាល​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ​ គង់​ សុភាព​ ហៅ​ក្តាម​ ភេទប្រុស​ អាយុ​២៨​ឆ្នាំ​ មុខ​របរ​និងទីលំនៅ​មិន​ពិត​ប្រាកដ និង​ឈ្មោះ​ ម៉ៅ ធឿន​ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​លក់​ទឹក​សុទ្ធ​ និង​រត់​រ៉ឺម៉ក​ម៉ូតូកង់​បី ស្នាក់​នៅ​មិន​ពិត​ប្រាកដ​ (ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​វត្ត​ឧណ្ណា​លោម) និង​ដក​ហូត​បាន​កាំភ្លើង​ខ្លី​ម៉ាក​ CF98 មួយ​ដើម។​ លោក​បាន​រំលឹក​ឱ្យ​ដឹង​ថា​ កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៣​ ជន​សង្ស័យ​២​នាក់​ខាង​លើ​បាន​នាំ​គ្នា​ដើរ​លើ​សួន​មាត់​ទន្លេ ។ លុះ​ពួក​ដើរ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន​ឃើញ​មនុស្ស​ប្រុស​ស្រី​២​នាក់​ ដែល​ជា​សង្សារ​នឹង​គ្នា​បានអង្គុយ​លេង​លើ​ថ្ម​ម៉ាប ដោយ​មាន​ទុក​កាបូប​យួរនៅ​ក្បែរ​ខ្លួន។ ភ្លាម​នោះ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ ម៉ៅ ធឿន​ ដក​ដាវ​ចេញ​ពី​ចង្កេះ​ភ្ជង់​មក​លើ​បុរស​ដែល​ជាជន​រងគ្រោះ​ ហាម​មិន​ឱ្យ​ស្រែក​ រួច​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ គង់ សុភាព​ ក៏​ឆក់​យក​កាបូប​យួរ​ ហើយ​រត់​គេច​ខ្លួន​បាត់ ។​

លោក​បាន​បន្ត​ទៀត​ថា​ ជន​សង្ស័យ​ឈ្មោះ​ ម៉ៅ ធឿន បាន​រត់​ទៅ​ពូន​នៅ​ច្រាំង​ទន្លេ​ និង​ម្នាក់​ទៀត​ឈ្មោះ​ គង់ សុភាព រត់​ទៅ​ពូន​ក្នុង​វត្ត​ឧណ្ណា​លោម​ ហើយ​បើក​កាបូប​មើល​ក៏​ឃើញ​មាន​កាំ​ភ្លើង​ខ្លី​១​ដើម​ម៉ាក​ CF98 លុយ​៤​ម៉ឺន​រៀល​ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។​ ក្រោយ​មក​ជន​សង្ស័យ​ឈ្មោះ​ គង់​ សុភា​ បាន​យក​លុយ​ទាំង​អស់​ និង​ទូរ​ស័ព្ទ​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​កណ្តាល​បាន​លុយ​៣​ម៉ឺន​រៀល​រួច​ចាយ​អស់​ ។

លុះ​មក​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ដដែល​ ស្រាប់​តែ​ជន​សង្ស័យ​ឈ្មោះ​ គង់ សុភាព​ បាន​យក​កាំភ្លើង​ដែល​ខ្លួន​លួច​បាន​នោះ​យក​មក​អាម៉េ​បញ្ចូល​គ្រាប់​ និង​បាញ់​លេង​ដើម្បី​កំដរ​អារម្មណ៍​នៅ​ចំណុច​ផ្លូវ​លេខ​១៥៤​ កែង​លេខ​៥​ ភូមិ​ទី​៧ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូន​ពេញ​ ហើយ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ដែល​កំពុង​ល្បាត​ក្នុង​មូល​ដ្ឋាន​ក៏​បាន​ឃើញ​ រួច​ធ្វើការ​ឃាត់​ខ្លួន​ភ្លាម​ៗ​ផងដែរ​ និង​តាម​ចាប់​ខ្លួនជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ ម៉ៅ ធឿន ។​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែ​េមសា ជន​សង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ​ ដោយ​ចោទពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ប្លន់​ទ្រព្យ​សម្បត្តិ​ (ប្រើ​ដាវ​គំរាម​ប្លន់​យក​កាបូប​យួរ)៕

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ