ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ចោទ​លោក​ត្រាំ ថា ប្រកាស​សង្គ្រាម

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា បាន​ចោទប្រកាន់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថា

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា បាន​ចោទប្រកាន់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថា «​ប្រកាសសង្គ្រាម​» ជាមួយ​ខ្លួន​ដោយ​ជា​ពិសេស​បញ្ជូន​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ឱ្យ​ហោះហើរ​ជិត​ឆ្នេរសមុទ្រ​របស់​ខ្លួន ។ ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​សេត​វិមាន​ចាត់​ទុក​ថា មិន​ទំនង ។

កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ក្នុង​ការ​បង្ហាញ​កម្លាំង​មួយ សហរដ្ឋ​អា​េ​ម​រិ​កបាន​បញ្ជូន​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឱ្យ​ហោះហើរ​ជិត​កូរ៉េ​ខាងជើង ដោយ​បន្ថែម​ការ​គាបសង្កត់​ខាង​យោធា ខណៈ​ភាព​តានតឹង​ខ្លាំង​ខាង​នយោបាយ​កើត​មាន​រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​តាម​រយៈ​ការ​អុជអាល និង​ការ​គំរាមកំហែង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​២ ។

កាលពី​ថ្ងៃ​ទី​២៥ កញ្ញា នៅ​ក្រុង​ញូ​វ​យ៉​ក​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង លោក RI YONG HO អះអាង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា គ្រប់​រដ្ឋ​ទាំងអស់​ជា​សមាជិក អ​.​ស​.​ប និង​ពិភពលោក​ទាំងមូល​ត្រូវ​ចាំ​ឱ្យ​ច្បាស់​ថា គឺ​សហរដ្ឋ​អា​មេ​រិ​ក ដែល​ជា​អ្នក​ប្រកាសសង្គ្រាម​មុន​ប្រឆាំង​ប្រទេស​យើង ។ លោក​បន្ត​ថា ចាប់តាំងពី​សហរដ្ឋ​អា​មេ​រិ​ក​ប្រកាសសង្គ្រាម​មួយ​ចំពោះ​ប្រទេស​យើង​មក យើង​មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ចាត់ការ​តបត​វិញ ក្នុង​នោះ​រួម​មានការ​បាញ់​ទម្លាក់​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ទោះបីជា​យន្តហោះ​ទាំងនេះ​នៅ​ពុំ​ទាន់​ហោះ​ចូល​ដែនអាកាស​របស់​ប្រទេស​យើង​ក្តី ។

ជា​ប្រតិកម្ម​តប​វិញ អ្នកនាំពាក្យ​សេត​វិមាន លោកស្រី SARAH HUCKABEE SANDERS អះអាង​ថា យើង​ពុំ​បាន​ប្រកាសសង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​ឡើយ ហើយ​និយាយ​ដោយ​ត្រង់​ទៅ ការ​ពោល​បែប​នេះ​វា​ពុំ​ទំនង ។ យើង​មាន​សិទ្ធិ​ឱ្យ​យន្តហោះ​ហោះហើរ និង​ឱ្យ​នាវា​ធ្វើការ​បើកបរ ព្រមទាំង​ធ្វើ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ឱ្យ​តែ​ទីណា​មានការ​អនុញ្ញាត​ស្របច្បាប់ ។

ប្រទេស​កូរ៉េ​ខាងត្បូង​ទាមទារ​ដល់​សហរដ្ឋ​អា​មេ​រិ​ក​ឱ្យ​ចៀសវាង​កុំ​បង្កើន​ភាព​តានតឹង​ប្រឈម​មុខ​នឹង​លទ្ធភាព​បង្កហេតុ​នា​ពេល​ខាង​មុខ​របស់​ក្រុង​ព្យុ​ង​យ៉ាង ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​នេះ លោកស្រី KAN KYUNG WHA អះអាង​នាទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា មាន​តែ​យើង​គឺ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​រួម​គ្នា​ទេ ទើប​អាច​គ្រប់គ្រង​សភាពការណ៍ ដោយ​ចៀសវាង​បង្កើន​ភាព​តានតឹង​ខ្លាំង​មួយ ឬ​ការ​ប៉ះទង្គិច​គ្នា​ខាង​យោធា​ដោយ​ចៃដន្យ​ដែល​នឹង​អាច​ប្រែ​ក្លាយទៅជា​អាក្រក់​យ៉ាង​ឆាប់រហ័ស ។

កាលពី​ថ្ងៃ​ទី​២៣ កញ្ញា នៅ​មុខ​មហាសន្និបាត អ​.​ស​.​ប លោក RI YONG HO ធ្លាប់​បរិហារ​រួច​ហើយ​ពាក្យពេចន៍​នា​ពេល​ថ្មី​ៗ​នេះ​នៅ​វេទិកា​នេះ​ដែរ​របស់​លោក​ត្រាំ ប្រឆាំង​ប្រទេស​លោក ដោយ​ចាត់​ទុក​លោក​ត្រាំ ថា ជា «​មេ​រំខាន​» និង​ជា «​ជន​ឆ្កួតយស​» ។ ក្នុង​សង្កថា​ដំបូង​របស់​លោក​លើ​វេទិកា​មហាសន្និបាត អ​.​ស​.​ប លោក​ត្រាំ បាន​គំរាម​កម្ទេច​កូរ៉េ​ខាងជើង​ទាំងស្រុង ប្រសិនបើ​ប្រទេស​នេះ​វាយប្រហារ​សហរដ្ឋ​អា​មេ​រិ​ក ។

ការ​ផ្លោង​សម្តី​ដាក់​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​លើ​វេទិកា​នៃ​មហាសន្និបាត អ​.​ស​.​ប ជា​ស្ថាប័ន​ធានា​ដល់​សន្តិភាព និង​សន្តិសុខ​លើ​ពិភពលោក ញ៉ាំង​ឱ្យ​មានការ​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ពិសេស​ពី​សំណាក់​ក្រុង​មូ​ស្គូ ។

អ្នកនាំពាក្យ​របស់ អ​.​ស​.​ប លោក STEPHANE DUJARRIC មាន​ប្រតិកម្ម​នា​ថ្ងៃ​ទី​២៥ កញ្ញា ថា ពេល​លោក​អ្នក​បង្កើន​ភាព​តានតឹង និង​វោហា​សាស្ត្រ​នេះ លោក​អ្នក​អាច​មានការ​ភាន់ច្រឡំ ដែល​អាច​នាំ​ទៅ​ដល់​ការ​មិន​យល់​គ្នា ។ ដំណោះស្រាយ​តែ​មួយ​គត់ គឺ​ដំណោះស្រាយ​នយោបាយ ។

នា​ថ្ងៃ​ទី​២២ កញ្ញា រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ ហ្គេ​យ​ឡាវ​រ៉ូ​វ ទាមទារ​ថា «​បណ្តា​ក្បាល​ដែល​ក្តៅ ត្រូវធ្វើ​ឱ្យ​ត្រជាក់​វិញ​» ។ គេ​ត្រូវ​ស្វែងរក​ច្រកចេញ​សម​ស្រប​មួយ ហើយ​ពុំ​មែន​ការ​បន្តឹង​សរសៃ​ក​ដាក់​គ្នា​ឡើយ ។ «​យើង​គួរ​ចៀសវាង​កុំឱ្យ​ក្នុង​សាលារៀន​មួយ​មាន​កុមារ​វាយតប់​គ្នា តែ​ពុំ​មាន​មនុស្ស​ណា​អាច​ឃាត់​ពួក​គេ​បាន​» ៕