ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សណ្ដោង​កុងតឺន័រ​មួយ​គ្រឿង​ពន្លះ​បង្គោល​ភ្លើង​ទាំង​កណ្ដាល​ថ្ងៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ថ្ម​១​ដើម បាន​បាក់ និង​ដាច់​ខ្សែ​ធ្លាក់​រាយ​ពេញ​ផ្លូវ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​សណ្ដោង​កុងតឺន័រ​១​គ្រឿង

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ថ្ម​១​ដើម បាន​បាក់ និង​ដាច់​ខ្សែ​ធ្លាក់​រាយ​ពេញ​ផ្លូវ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​សណ្ដោង​កុងតឺន័រ​១​គ្រឿង បាន​បើកបរ​ជ្រុល​ទៅ​បុក​ទាំង​កំរោល ដោយ​មិនដឹង​ថា​អ្នកបើកបរ​រវល់​តែ​ងាក​ទៅ​ណា ឬ​ក៏​ងងុយដេក និង​ស្រវឹងស្រា​នោះ​ឡើយ ប៉ុន្តែ​ជា​សំណាង​ខ្លាំង​ណាស់ ដែល​នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ស្លាប់ ឬ​រង​របួស​នោះ​ឡើយ ។

ឧប្បត្តិហេតុ​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​អតីត​បញ្ជរ​បង់ប្រាក់​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​នោះ ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-០២៤៥ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។ នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្ក​នោះ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត គឺ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះ​ចូល​រាជធានី​ភ្នំពេញ ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ មិនដឹង​ថា អ្នកបើកបរ​រវល់​តែ​ងាក​មើលទៅ​ណា ឬ​ក៏​ងងុយដេក និង​ស្រវឹងស្រា​នោះ​ឡើយ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម​១​ដើម ស្ថិត​នៅ​មុខ​បុរី​ពិភព​ថ្មី​ទាំង​កំរោល បណ្ដាល​ឲ្យ​បាក់​២​ទៅ​៣​កំណាត់ ដួល​សង្កត់​លើ​ក្បាល​រថយន្ត​នោះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​រង​ការ​ខូចខាត​ខ្លះ​ៗ ចំណែក​បង្គោល​ភ្លើង​បាន​បាក់​រាប​ដល់​ដី និង​បាន​ដាច់​ខ្សែភ្លើង​ធ្លាក់​រាយ​ពេញ​ដី ចំណែក​អ្នកបើកបរ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ឲ្យ​ដឹង​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​នោះ​ដែរ ។

ប៉ុន្តែ​សំណាងល្អ​ហើយ ដែល​នៅ​ក្នុង​ខណៈនោះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ក៏​ស្លាប់ បន្ទាប់​មក​ខាង​មន្ត្រី​អគ្គិសនី​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ខូចខាត​បង្គោល​ភ្លើង និង​ការ​ដាច់​ខ្សែភ្លើង​ភ្លាម​ៗ​ដែរ ព្រោះ​ខ្លាច​ឆក់​អ្នក​ធ្វើ​ដំណើរ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ដល់​អាយុជីវិត ចំណែក​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​បង្ក​ទៅ​កាន់​ការិយាល័យ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាម​នីតិវិធី ៕