ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​បុក​ស្ត្រី​បី​នាក់​ម្តាយកូន ដួល​បោក​ក្បាល​លើ​ថ្នល់​សន្លប់​ឈឹង

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រថយន្តក្រុង​បុក​ស្ត្រី​បី​នាក់​ម្តាយកូន រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ហូរ​ឈាមក្រហម​ច្រាល​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង គួរ​ឲ្យ​រន្ធត់

ខេត្តស្វាយរៀង ៖ រថយន្តក្រុង​បុក​ស្ត្រី​បី​នាក់​ម្តាយកូន រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ហូរ​ឈាមក្រហម​ច្រាល​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង គួរ​ឲ្យ​រន្ធត់ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​បើកបរ​ម៉ូតូឌុប​កូនស្រី​មក​ផ្សារ​ជី​ភូ ដើម្បី​ទិញ​អីវ៉ាន់​ក៏​ត្រូវ​រថយន្ត​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម្តាយ​ខ្ទា​ច​ចេញពីរ​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់ បែកក្បាល​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ចំណែក​កូនស្រី​ម្នាក់​ខ្ទាត​ចូល​ក្រោម​ឡាន​របួសធ្ងន់ ម្នាក់​ទៀត​ខ្ទាត​ចេញ​ក្បែរ​ម៉ូតូ​របួសធ្ងន់​សន្លប់​ឈឹង បន្ទាប់​មក​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សា​មុ​យ​ជួយ​ដឹក​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។

ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ កើតឡើង​កាលពីរ​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៨​ទៅ​១៤៩ ខាងលិច​ផ្សារ​ជី​ភូ ស្ថិត​នៅ​ភូមិ​ទួល​អំ​ពឹ​ល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ ឈ្មោះ ម៉​ន ដា​វី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​បុស្ស ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ចំណែក​កូនស្រី​២​នាក់ ១.​ឈ្មោះ ខា ស្រី​ឃុន អាយុ​៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ របួសធ្ងន់ ២.​ឈ្មោះ ខា ស្រី​ឃា អាយុ​៥​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ របួសធ្ងន់ ។

បច្ចុប្បន្ន អ្នក​រង​របួស​ទាំង​៣​នាក់ បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យិ​ន​ដាយ រថយន្ត​ទេសចរណ៍​៤២​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-០៧៨៧ ពណ៌​ក្រហម ដឹក​អ្នកដំណើរ​នៅ​លើ​រថយន្ត ។ សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ បើកបរ​ម៉ូតូ​ពណ៌​ខ្មៅ​មួយ​គ្រឿង បើកបរ​ឈ្មោះ ម៉​ន ដា​វី ឌុ​ប​កូនស្រី​២​នាក់​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​រថយន្ត​ខាងលើ បើកបរ​ដោយ​ឈ្មោះ ឃុ​ត វណ្ណៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​ទេសចរណ៍ មាន​ទីលំនៅ​ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន ស្រាប់តែ​រេ​ចង្កូត​ទៅ​ឆ្វេង បាន​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​បី​នាក់​ម្តាយកូន ប៉ើង​ចម្ងាយ​៥​ម៉ែត្រ ខ្ទាត​ស្ត្រី​រង​គ្រោះ​ចេញពី​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ របួស​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង កូនស្រី​ម្នាក់​ខ្ទាត​ចូល​ក្រោម​រថយន្ត​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​ក្រោម​រថយន្ត កូនស្រី​ម្នាក់​ទៀត​ខ្ទាត​ចេញ​ក្បែរ​ម៉ូតូ​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ។

ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ជាប់​ខូច​យ៉ាងដំណំ បន្ទាប់​មក​មហាជន​បាន​ព័ទ្ធ​ចាប់​អ្នកបើកបរ​រថយន្ត​បង្ក ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ។ ក្រោយ​ពីរ​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ អ្នកបើកប​រថយន្ត​មាន​ល្បឿន​លឿន​ហើយ មិន​ប្រកាន់​ស្តាំ រីឯ​វត្ថុ​តាង​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​បំពេញ​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕