ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​យួន​ចូល​មក​ទិញ​ឈើ ជួល​ម៉ូតូ​ខ្មែរ​ឲ្យ​ដឹក​ដូច​ស្រមោច​ពាំ​ស្ករ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្រុម​ថៅកែ​ឈើ​យួន​កំពុង​សម្រុកចូល​ទៅ​ទិញ​ឈើប្រណិត​ពេញ​ស្រុក​កែវ​សីមា ខណៈ​បច្ចុប្បន្ន

ខេត្តមណ្ឌលគិរី ៖ ក្រុម​ថៅកែ​ឈើ​យួន​កំពុង​សម្រុកចូល​ទៅ​ទិញ​ឈើប្រណិត​ពេញ​ស្រុក​កែវ​សីមា ខណៈ​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មាន​ម៉ូតូ​រាប់​សិប​គ្រឿង​បាន​ដឹកឈើ​បន្តកន្ទុយ​គ្នា ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ កាត់មុខ​ស្នាក់​ការ​ដែន​ជម្រក​ការពារ​សត្វព្រៃ សង្កាត់​រដ្ឋបាល​ព្រៃឈើ សាលាស្រុក អធិការដ្ឋាន​នគរបាល​ស្រុក នឹង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ទៅ​យ៉ាង​រំភើយ ដោយ​ពុំ​មាន​សមត្ថកិច្ច ឬ​ជំនាញ​ធ្វើការ​ទប់​ស្តា​ត់ និង​បង្ក្រាប​ឡើយ ។

ប្រភព​បាន​រាយការណ៍​ថា ការ​ចរាចរ​ឈើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ពី​ស្រុក​អូរ​រាំង ឆ្ពោះទៅ​ស្រុក​កែវ​សីមា ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ត្រូវ​គេ​មើលឃើញ​ថា មាន​សកម្មភាព​មិន​លោះ​មួយ​ថ្ងៃ​ណា​សោះឡើយ ។ ខណៈ​ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ តែង​ជួប​នូវ​គ្រោះថ្នាក់​ជា​ញឹកញាប់ នឹង​បង្ក​ការ​រំខាន​ដល់​អ្នកស្រុក ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ ព្រោះតែ​ប្រភេទ​ម៉ូតូ​ដែល​គេ​យក​ទៅ​ដឹកឈើ​នោះ ភាគច្រើន​ជា​ម៉ូតូ​កែ​ច្នៃ ដែល​មាន​សម្លេង​រំខាន​ខ្លាំង ។

ប្រភព​បាន​បន្ត​ថា ឈើ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ដឹក​តាម​រយៈ​ម៉ូតូ​កែ​ច្នៃ​ទាំងនោះ សុ​ទ្ឋ​សឹង​ជា​ឈើ​ដែល​ត្រូវ​បាន​ក្រុម​ជនជាតិ​វៀតណាម ចូល​ទៅ​ទិញ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំង រួច​ទើប​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ខ្មែរ​ដឹក​ស៊ីឈ្នួល យក​ទៅ​ទម្លាក់​តាម​ច្រកព្រំដែន ។ ក្រុម​ជនជាតិ​វៀតណាម​ដែល​ចូល​ទៅ​ទិញ​ឈើ​យ៉ាង​សេរី​នៅ​ស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំង ត្រូវ​បាន​គេ​ដឹង​ថា បាន​ឆ្លង​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ ដែល​ស្ថិត​នៅ​ក្នុងស្រុក​កែវ​សីមា ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ចំនួន​មិន​តិច​ជាង​២០​នាក់​នោះ​ទេ មិន​ខុស​ពី​ស្រមោច​ពាំ​ស្ករ​ឡើយ ។

ប្រភព​ថា នៅ​ពេល​ព្រឹក ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​ចូល​មក​ទឹកដី​ខ្មែរ ជិះ​ម៉ូតូ​គ្រប់​ច្រកល្ហក​ដើម្បី​ទិញ​ឈើ នៅ​ពេល​ដែល​ពួក​គេ​ទិញ​បាន​គ្រប់​ចំនួន​ហើយ ជនជាតិ​វៀតណាម​ទាំងនោះ​មិន​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​គេ​បាន​ជួល​បងប្អូន​ជនជាតិ​ខ្មែរ ដឹក​បណ្ដាក់​គ្នា​ដូច​ខ្យង​ដើម្បី​យក​ឈើ​ឆ្លង​ដែន​ទៅ​ទឹកដី​យួន តាម​គ្រប់​រូបភាព​ដែល​គេ​អាច​ធ្វើ​ទៅ​បាន ។

មានការ​លើក​ឡើង​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំង​មួយ​ចំនួន​ធំ កំពុង​ចាប់​យក​របរ​ដឹកឈើ​តាម​ម៉ូតូ ធ្វើ​ជា​របរ​រកស៊ី​ចិញ្ចឹមជីវិត ដោយ​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ពួក​គាត់​បាន​ក្លាយទៅជា​រឿង​សាមញ្ញ​ទៅ​ហើយ ។ ចំណែក​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​ត្រឹម​នាំ​គ្នា​ឆ្លៀតឱកាស ស៊ី​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ។

ទាក់ទិន​ករណី​ក្រុម​ថៅកែ​ឈើ​ជនជាតិ​វៀតណាម​កំពុង​សម្រុកចូល​ទៅ​ទិញ​ឈើប្រណិត​ពេញ​ស្រុក​កែវ​សីមា​ខាងលើ អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទេ នា​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ៕