ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ក្មេង​ទំនើង​៣​នាក់ ប្រើ​ជំ​ពាម​កៅស៊ូ​បា​.​ញ់​គ្រាប់​ដែក បំបែក​កញ្ចក់​រថយន្ដ​អ្នកដំណើរ នៅ​ស្រុក​ឱ​រ៉ា​ល់

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់ បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ប្រើ​ជំ​ពាម​កៅស៊ូ…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់ បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ប្រើ​ជំ​ពាម​កៅស៊ូ បាញ់​គ្រាប់​ដែក និង​គ្រាប់​ថ្ម ទៅ​លើ​រថយន្ដ​អ្នកដំណើរ បណ្ដាល​ឲ្យ​បែក​កញ្ចក់ ។

កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ត្រង់​ចំណុច​គីឡូម៉ែត្រ ៣៦-៣៧ ។

ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​ឃាត់ខ្លួន កម្លាំង​នគរបាល ទទួល​បាន​ព័ត៌មាន​ថា មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​គប់ និង​ប្រើ​ជំ​ពាម​កៅស៊ូ បាញ់​គ្រាប់​ដែក​លើ​រថយន្ដ​អ្នកដំណើរ ដែល​កំពុង​តែបើ​កប​រលើ​ផ្លូវជាតិ​លេខ​៤៤ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រួច​មក កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ជិះ​ល្បាត និង​ពួនស្ទាក់ នៅ​ចំណុច​ភូមិសាស្ដ្រ ផ្លូវជាតិ​លេខ​៤៤ ត្រង់​ចំណុច​គីឡូម៉ែត្រ ៣៦-៣៧ ក៏​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​មួយ​ក្រុម កំពុង​ជិះ​ម៉ូតូ​២​គ្រឿង រួម​មាន ៖ ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ី​ទ័​រ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ស្ពឺ 1I-4633 ជិះ​ម្នាក់ឯង ។

សមត្ថកិច្ច ក៏​បាន​ឃាត់​សាកសួរ និង​ក្រោយ​ពី​ត្រួតពិនិត្យ​ឆែកឆេរ រក​ឃើញ​ឧបករណ៍​សម្ភារ រួម​មាន​៖ កូនកាំបិត​ចុង​ស្រួច និង​ជំ​ពាម​កៅស៊ូ ចំនួន​២ គ្រាប់​ជំ​ពាម ៤​គ្រាប់ និង​ដុំ​ថ្ម ច្រក​ថង់ ។

ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​រួម​មាន ៖
១. ឈ្មោះ សុខ រឹម ភេទ​ប្រុស អាយុ ២០​ឆ្នាំ
២. ឈ្មោះ ណា​ង ចិន្ដា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ
៣. ឈ្មោះ វ៉េ​ត សា​វិ​ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា ពួក​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព បាញ់​គ្រាប់​ជំ​ពាម​ទៅ​លើ​រថយន្ត​អ្នកដំណើរ ពិតប្រាកដ​មែន លើស​ពី​នោះ ពួក​ខ្លួន​ធ្វើ​សកម្មភាព​ច្រើន​លើក ច្រើន​សារ​មក​ហើយ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​បន្ដ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ