ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​ស្រវឹង​បើករថយន្ត​បុក​រះ​ម៉ូតូ​៤​គ្រឿង និង​រថយន្ត​មួយ​គ្រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​មិនដឹង​ថា​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្ដុំ​ណា​នោះ​ទេ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​មិនដឹង​ថា​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្ដុំ​ណា​នោះ​ទេ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ក្នុង​ល្បឿន​យ៉ាង​លឿន មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៤​គ្រឿង និង​រថយន្ត LAND GRUISER PRDAO មួយ​គ្រឿង បណ្តាល​ឲ្យ​រង​របួសធ្ងន់ ប្រុស​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ម្ចាស់​រថយន្ត​បង្ក ត្រូវ​ប្រជាពលរដ្ឋ​វាយ​សន្លប់​ស្តូកស្តឹង និង​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ក៏​រង​របួសធ្ងន់ ឬ​ឯ​៣​នាក់​របួសស្រាល ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង នៅ​ចំណុច​ស្តុ​ប​សន្ធរ​ម៉ុ​ក ស្ថិត​នៅ​ក្ន​ង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៨៦៥៧ ជិះ​ដោយ​បុរស​២​នាក់ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​អ្នកបើកបរ​រថយន្ត​ស្រវឹងស្រា​ឡើង​ជោកជាំ មិន​បាន​ប្រុង​ប្រយ័ត្ន និង​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​សរុប​ទាំងអស់​ចំនួន​៤​គ្រឿង ហើយ​ម៉ូតូ​ទាំង​៣​គ្រឿង​ក៏​បាន​រុញ​បន្ត​ទៅ​បុក​ផ្ទប់​នឹង​រថយន្ត​ម៉ាក LAND GRUISER PRDAO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ ១០ ២-០៥៥៩ រួច​រថយន្ត​បាន​រុញ​បន្ត​ទៅ​ម៉ូតូ SL ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់ របួស​រយះ​ជើង​ខាងឆ្វេង ភ្លាម​ៗ​នោះ​ដែរ ម្ចាស់​រថយន្ត​បង្ក​ព្យាយាម​រត់គេច​ខ្លួន ត្រូវ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ព្រួត​វាយ​ម្ចាស់​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដេប៉ូ​២ ចំណែកឯ​អ្នក​រួម​ដំណើរ​ជាមួយ​វិញ​បាន​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​សម្ដី​របស់​ខាង​ម្ចាស់​រថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា គាត់​ទើបតែ​ចេញ​មក​ពី​ធ្វើការ​រួច​ក៏​ទៅ​ជួប​មិត្តភក្តិ​ហូប​អី​តិចតួច ពេល​ចេញ​មក​វិញ ពីរ​នាក់​មិត្តភក្តិ គោលបំណង​ទៅ​ផ្ទះ​នៅ​ឯ​ម្តុំ​ទឹកល្អក់ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​របស់​គាត់​ជាប់​ហ្គែ​ល ទើប​បង្ក​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង ។

ភា្ល​ម​ៗ​នោះ ភាគី​ខាង​ម៉ូតូ​ហុងដា​ឃ្លី​ក និង​ម៉ូតូ​ហុងដា​ស្តុ​ប ពួក​គាត់​រង​របួសស្រាល និង​ខូចខាត​ម៉ូតូ​តិចតួច មិន​ចង់​មានរឿង​រ៉ាវ​ច្រើន ក៏​សុំ​យក​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ ។ ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់ ស្ត្រី​រង​គ្រោះ រួម​និង​ខាង​អ្នក​រួម​ដំណើរ​ជាមួយ​ម្ចាស់​រថយន្ត​បង្ក ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន ដឹក​យក​ទៅ​ព្យាបាល ឬ​ឯ​ម្ចាស់​ម៉ូតូ SL ត្រូវ​បាន​ដឹក​យក​ប​ញ្ចូ​ន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕