ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីនេះ បង្កឱ្យស្ទះចរាចរណ៍ពេញបន្ទុក​លើស្ពានអ្នក​លឿង​​ជាង​១​ម៉ោង

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​ធ្វេសប្រហែស​

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​ធ្វេសប្រហែស​ក្នុង​ការ​បើកបរ ធ្វើ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែល​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​ត្រូវ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ព្រមទាំង​ម៉ូតូ​និង​រថយន្ត​អ្នកដំណើររាប់រយ​គ្រឿង​ត្រូវ​កកស្ទះ​ទៅ​មុខ​មិន​រួច​អស់​រយៈពេល​ជាង​១​ម៉ោង​​នៅ​លើ​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ដែល​ជា​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀលថ្ងៃ​ទី​២៤ ខែកញ្ញា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​ឡើង​ស្ពាន​ត្សឹ​បា​សា​ពី​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​«​ក​»ស្រុក​ពាម​រក៍ ។ ស្ត្រី​ដែល​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ ក្រូច សា​រ៉េ​ត អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាល ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ។

យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ ព្រមទាំង​របាយការណ៍​របស់​សមត្ថកិច្ច​ផង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រៃវែង ១L-៥១០០ ធ្វើ​ដំណើរ​ជាមួយ​ប្តី​ឈ្មោះ ឈិ​ន ហួ​ន អាយុ​២៧​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​គោលដៅ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ដែល​ឈប់ចត​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​គ្រវាត់​ស្ត្រី​រង​គ្រោះ​ទៅ​កណ្តាល​ថ្នល់ ។

គាប់​ជួន​ពេល​នោះ មាន​រថយន្ត​យី​ឌុ​ប​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣C-១៥៣៦ បើក​មក​ដល់​ពីក្រោយ​ដែរ ។ ដោយ​ខ្លាច​កិន​ស្ត្រី​រង​គ្រោះ​ដែល​ខ្ទាត​ទៅ​នៅ​ពីមុខ​រថយន្ត អ្នកបើកបរ​បាន​កាច់ចង្កូត​គេច​ទៅ​ឆ្វេង​ដៃ តែ​គេច​មិន​ផុត​ធ្វើ​ឱ្យ​កង់​មុខ​ខាងស្តាំ​កិន​បញ្ឆិត​លើ​ស្ត្រី​រង​គ្រោះ រួច​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​បា​ឡែ​ន​១​គ្រឿង ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​រថយន្ត​បា​ឡែ​ន​រង​ការ​ខូចខាត​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ​។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​បាន​ឈប់​រថយន្ត​នៅ​ចំ​កណ្តាល​ថ្នល់​ហើយ​ប៉ង​រត់គេច​ខ្លួន តែ​ត្រូវ​អ្នកដំណើរ​ព្រួត​គ្នា​ស្ទាក់​ចាប់​បាន​។ ពេល​នោះ​ដោយសារ​តែ​រថយន្ត​យី​ឌុ​ប​ឈប់​ចំ​កណ្តាល​ថ្នល់​ផង ហើយ​អ្នក​ដំណើរ​ខ្លះ​ឈប់​មើល​ជន​រង​គ្រោះ​ដែល​ដេក​ស្តូកស្តឹង​នៅ​លើ​ថ្នល់​ផង ទើប​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ទៅ​មុខ​លែង​រួច រហូត​ដល់​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ ដែល​សូ​ម្បី​តែ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ក៏​ចូល​ទៅ​ដឹក​ជន​រង​គ្រោះ​មិន​រួច​ដែរ គឺ​ស្ទះ​ជាប់​គាំង​តែ​ម្តង ។ដោយ​មើលឃើញ​ស្ថានភាព​ស្ត្រី​រង​គ្រោះ កាន់តែ​ធ្ងន់​ខ្លាំង ទើប​សមត្ថកិច្ច​បញ្ជា​ឱ្យ​ម៉ូតូ​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម កម្លាំងសមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​ភ្លាម​ដែរ ហើយ​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​អស់​រយៈពេល​ជាង​១​ម៉ោង ទើប​អាច​ធ្វើ​ចរាចរណ៍​បាន​ធម្មតា​វិញ ។ ចំណែកឯ​រ៉ឺ​ម៉ក​ម៉ូតូ​និង​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុកដើម្បី​ឱ្យ​ភាគី​ទាំងអស់​ចូលខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

ជា​ទូទៅ នៅ​លើ​ស្ពាន​ត្សឹ​បា​សា​ឬ​ស្ពាន​អ្នក​លឿង​នេះ បាន​ក្លាយជា​ចំណុច​ឈប់​កម្សាន្ត​របស់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ស្ពាន ដោយ​ខ្លះ​ឈរ​លេង ខ្លះ​ថតរូប​នៅ​ចំណុចកណ្តាល​ស្ពាន រហូត​ដល់​មានការ​ពង្រាយ​សំរាម​ឥត​សណ្តាប់ធ្នាប់​ផង​ដែរ ។ ចំណែក​លើ​ផ្លូវ​ឡើង​ស្ពាន​ពី​ត្រើយ​ខាងកើត ក៏​មានការ​ឈប់​យានយន្ត​ជា​ហូរហែ​ដែរ និង​មាន​កន្លែង​ចល័ត​កង់​ម៉ូតូ​ថែម​ទៀត​ផង ។ ប្រការ​ទាំងអស់​ខាង​លើនេះក៏គួរតែអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការឱ្យបានល្អឡើងវិញផងដែរកុំបណ្តោយឱ្យមានភាពអនាធិបតេយ្យពេក៕