ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួ​ឲ្យ​អាណិត​ណាស់​សម្រាលកូន​ទាំង​គ្មាន​លុយ និង​តាម​ផ្លូវ​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ប្រពន្ធ​ឈឺពោះ​សម្រាលកូន​ត្រូវ​បាន​ប្តី​ដឹក​តាម

រាជធានី​ភ្នំពេញ​៖ ប្រពន្ធ​ឈឺពោះ​សម្រាលកូន​ត្រូវ​បាន​ប្តី​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​មក​ដល់​ពាក់​កណ្តាលផ្លូវ បាន​ឈឺពោះ​សម្រាលកូន​នៅ​មុខ​ផ្ទះ​លោក ចម ប្រសិទ្ធ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ចែងម៉ែង សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ។ 

ស្ត្រី​សម្រាលកូន​តាម​ផ្លូវ​មានឈ្មោះ លន់ ផល្លា អាយុ​៣៧​ឆ្នាំ មុខរបរ​ចាំ​ដី​ឲ្យ​គេ​នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ឃុំ​ព្រះ​និ​ពាន ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ មាន​ប្តី​ឈ្មោះ​សយ សៀន អាយុ​៥១​ឆ្នាំ មុខរបរ​ចាំ​ដី​ឲ្យ​គេ​រស់នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។ 

ស្ត្រី​សម្រាលកូន​តាម​ផ្លូវ​បាន​ឲ្យ​ដឹង​ថា គាត់​មានកូន​៤​នាក់​ហើយ ដែល​កូនស្រី​ច្បង អាយុ​១១​ឆ្នាំ​ហើយ និង​បាន​ពរ​ពោះ​កូន​ទី​៥ ប៉ុន្តែ​គាត់​មិនដឹង​ថា​គ្រប់​ខែ​ត្រូវ​សម្រាលកូន​នៅ​ថ្ងៃ​ណា​ទេ នៅ​យប់​កើតហេតុ​ខណៈ​ពេល​ដែល​គាត់​កំពុង​ដេក​លង់​លង់ដល់​រំលង​អធ្រាត្រ​ម៉ោង​២ គាត់​មាន​អាការ​ឈឺពោះ ដឹងខ្លួន​មិន​ស្រួល ក៏​បានអោយ​ប្តី​ខ្ចី​ម៉ូតូ​ម្ចាស់​ដី​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៉ិច ឌុ​ប​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ ។​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ប្តី​គាត់ និង​គាត់​មិនសូវ​ស្គាល់​មន្ទីរពេទ្យ​ច្បាស់ ពេល​ប្តី​ជិះ​ម៉ូតូឌុប ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​មុខ​ផ្ទះ​លោក ចម ប្រសិទ្ធ គាត់​អាការ​កាន់តែ​ចុកសៀត​ពោះ ទៅ​មុខ​លែង​រួច​ក៏​ឲ្យ​ប្តី​ឈប់​ម៉ូតូ​ចុះ​ពីលើ​ម៉ូតូ​ស្រាប់តែ​បែក​ទឹកភ្លោះ​សម្រាលកូន​តែ​ម្តង គឺ​កើត​បាន​ទារិកា​ម្នាក់ ។

បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ប្រពន្ធ​គាត់​សម្រាលកូន​បាន​ភ្លាម​ៗ​គាត់​បាន​ឈរ​សំពះ ស្រែកហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ឬ​រថយន្ត​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ឲ្យ​ជួយ​ដឹក​ប្រពន្ធ​របស់​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ផង ។​សមត្ថកិច្ច​ល្បាត​ប្រទះ​ឃើញ​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១ ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ។ បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ចាំ​ដី​ឲ្យ​គេ​បាន​ប្រាក់ខែ​មួយ​ខែ​១៥០​ដុល្លារ និង​អង្ករ​១​បាវ ។ នៅ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​គាត់​បាន​សន្សែសន្សំ​បាន​ប្រាក់​៣០​ម៉ឺន​រៀល ទុក​សម្រាប់​សម្រាលកូន ពេល​ដែល​ប្រពន្ធ​ឈឺពោះ​ខ្លាំង​ពេក​ប្រញាប់​មិនដឹង​ថា​ជ្រុះ​កាបូប​លុយ​បាត់​នៅ​កន្លែង​ណា​ទេ​បាត់​លុយ​អស់រលីង ៕