ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​2 នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នា​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នា​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​កម្លាំង​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់ ដែល​មាន​កម្លាំង​ផលិត​បាន​១.៩១២​លាន​គីឡូវ៉ាត់ម៉ោង នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​លើក​ដំបូង​នៅ​ដើមឆ្នាំ​២០១៨​ខាង​មុខ ។

សម្ដេច​ថ្លែង​បន្ដ​ថា នៅ​ពេល​ដំណើរការ​វា​រី​អគ្គិសនី​នេះ មិន​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់​ខេត្តស្ទឹងត្រែង​ទេ ប៉ុន្ដែ​នឹង​មាន​សមត្ថភាព​ផ្គត់ផ្គង់​ខេត្ត​ផ្សេង​ៗ​ទៀត ហើយ​កម្ពុជា​មាន​បណ្តាញ​ផ្គត់ផ្គង់​ខ្លួនឯង​ប្រកបដោយ​ស្ថិរភាព និង​ឯករាជ្យ​ភាព ។ ទន្ទឹម​នឹង​ការ​ផលិត​អគ្គិសនី​នៅ​ទី​នេះ គឺ​ទាមទារ​កា​រត​បណ្តាញ​ពី​ស្ទឹង​ត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​ទៅ​កំពង់ចាម និង​ពី​កំពង់ចាម​ទៅ​ភ្នំពេញ គឺ​ត្រូវ​ត​ភ្ជាប់​បណ្តាញ​មេ​ទាំងអស់ ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះថោក​ជា​បន្តបន្ទាប់ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា ៖« ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គ្មាន​ថ្ងៃ​ណា​ដែល​មិន​ត្រូវការ​ថាមពល​អគ្គិសនី​នោះ​ទេ ពោល​គឺ​តម្រូវការ​អគ្គិសនី​កើន​ឡើងជា​និច្ច » ។ សម្តេច​បាន​គូសបញ្ជាក់​ថា ក្នុង​អំឡុង​ទសវត្សរ៍​៨០ កម្ពុជា​ប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រមាណ​៣០​ទៅ​៤០​មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ត្រូវការ​ជាង​២​ពាន់​មេ​ហ្គា​វ៉ា​ត់ ។ គ្រាន់តែ​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ប្រមាណ​៥០០​មេ​ហ្គា​វ៉ា​ត់ ព្រោះ​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ខ្ពស់​ទៅ​ៗ ។ ដូច្នេះ កម្ពុជា​នឹង​បន្ត​ជំរុញ​ការ​បង្កើត​វា​រី​អគ្គិសនី​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ​បន្ថែម​ទៀត​ដើម្បី​បំពេញ​កំណើន​តម្រូវការ​នេះ ។

ចំពោះ​តម្លៃប្រើប្រាស់ បងប្អូន​ក្រីក្រ​ដែល​ប្រើ​ភ្លើង​ក្រោម​១០​គីឡូវ៉ាត់ម៉ោង គឺ​បង់​តែ​៤៨០​រៀល​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ប្រើ​ចាប់ពី​១១​ដល់​៥០​គីឡូវ៉ាត់ម៉ោង គឺ​បង់​តែ​៦១០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ចំណែក​តម្លៃ​ដែល​នៅ​សេសសល់ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​តម្លៃលើស​ពី​នេះ ។

សម្ដេច​តេ​ជោ​ថ្លែង​ថា ៖« សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​ជាង​៣​លាន​ខ្នង​ផ្ទះ​ដែល​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់ ហើយ​យើង​ត្រូវ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស នៅ​តាម​ជនបទ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ៗ​គ្នា » ។

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ នឹង​លក់​ឲ្យ​អគ្គិសនី​កម្ពុជា តម្លៃ​៦,៩៥​សេន​អា​មេ​រិ​ក​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ក្នុង​រយៈពេល​៤០​ឆ្នាំ (BOT) បន្ទាប់​មក​នឹង​ត្រូវ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង ។ ក្រោយ​ពី​ចប់​៤០​ឆ្នាំ គឺ​រដ្ឋ​យក​មក​គ្រប់គ្រង​ទាំងស្រុង ឬ​ជួល​បន្ត​ឲ្យ​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ថា គ​ម្រា​ង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត ឲ្យ​ក្រុមហ៊ុន Hydro Power Se San 2 Co., Ltd ធ្វើការ​វិនិយោគ និង​សាងសង់ ដែល​មាន​ក្រុមហ៊ុន​រួម​ទុន​ចំនួន​៣​គឺ ១-​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន មាន​ភាគហ៊ុន​៥១% ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន China Huaneng Group., ២-​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េ​ង មាន​ភាគហ៊ុន​៣៩% និង​៣-​ក្រុមហ៊ុន EVN International របស់​វៀតណាម មាន​ភាគហ៊ុន​១០% ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា ក្រុមហ៊ុន​ចិន​វិនិយោគ​វា​រី​អគ្គិសនី​ចំនួន​៧ ដែល​មាន​ទុន​វិនិយោគ​សរុប​២.៣០០​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ឆ្នាំ​២០១៦ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា តម្រូវការ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ពិតជា​ត្រូវការ​កាន់តែ​ច្រើន​ទៅ​ៗ​ហើយ ដោយសារ​កម្ពុជា​កំពុង​អភិ​វឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ព្រោះ​វិស័យ​អ្វី​ក៏​ត្រូវការ​អគ្គិសនី​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​សង្វា​ក់​ផលិតកម្ម​បាន​រលូន​ដែរ តែ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នៅ​មាន​តម្លៃ​ថ្លៃ​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង ប៉ុន្តែ​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​ផ្តោត​អាទិភាព លើ​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី​ផង​ដែរ ។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​នេះ​ច្រើន ជា​រឿង​ចាំបាច់ និង​សម​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា ប៉ុន្តែ​គុណភាព​ថាមពល​អគ្គិសនី​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​បង្កើន​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ថាមពល​អគ្គិសនី​កាន់តែ​មានគុណ​ភាព​ខ្ពស់ ។

យោង​តាម​ផែនការ​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​មាន​ផែនការ​ធ្វើ​ឲ្យ​ភូមិ​ចំនួន​៧៣%​មាន​បណ្តាញ​អគ្គិសនី ប្រើប្រាស់​នៅ​ឆ្នាំ​២០២០ និង​ផ្ទះ​៦០%​មានការ​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​គ្រោង​បង្កើន​ឲ្យ​បាន​៧០%​នៃ​ខ្នង​ផ្ទះ​មាន​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ​២០៣០ ៕