ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល និង​សហជីព​ខ្វែងគំនិត​គ្នា​ជុំវិញ​ប្រាក់​ឈ្នួល​អប្បបរមា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភាគី​រាជរដ្ឋាភិបាល និង​សហជីព​នានា​កំពុង​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ខណៈ

រាជធានី​ភ្នំពេញ ៖ ភាគី​រាជរដ្ឋាភិបាល និង​សហជីព​នានា​កំពុង​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ខណៈ​រាជរដ្ឋាភិបាល និង​តំណាង​ភាគី​និយោជក​បាន​កំណត់​តួលេខ​ចំនួន​១៦១​ដុល្លារ​អា​មេ​រិ​ក ដោយឡែក ភាគី​សហជីព​កំណត់​យក​តួលេខ​ចំនួន​១៧៦​ដុល្លារ​អា​មេ​រិ​ក ។

មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ចប់​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេក ទេស​ត្រីភាគី ដើម្បី​ពិភាក្សា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា នៅ​ទីស្តីការក្រសួង​ការងារ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​កិច្ចប្រជុំ​រយៈពេល​ជាង​៥​ម៉ោង​នា​ព្រឹក​ថ្ងៃនេះ (​ថ្ងៃ​ទី​២៥ កញ្ញា​) ភាគី​នីមួយ​ៗ​បាន​បញ្ជាក់​ពី​គោល​ជំហរ​ផ្លូវការ​របស់​ខ្លួន​ចំពោះ​មុខ​គ្នា ជាមួយ​ហេតុផល​បឋម​ក្នុង​ការ​សម្រេច​យក​តួលេខ​ខាងលើ​នេះ ។

លោក​បន្ត​ថា ក្រុមការងារ​នឹង​បើក​កិច្ចប្រជុំ​បន្ត​ជា​លើក​ទី​២ អំពី​ប្រាក់​ឈ្នួល នឹង​ប្រព្រឹត្ត​ទៅ​នា​ល្ងាច​ថ្ងៃ​សុក្រ ទី​២៩ កញ្ញា ទៀត ដើម្បី​កំណត់​យក​តួលេខ​សម​ស្រប​ណាមួយ ក្នុង​ការ​កំណត់​នូវ​កាលបរិច្ឆេទ​ដើម្បី​បោះ​ឆ្នោត​សម្រេច​ជា​ផ្លូវការ ។

ទាក់ទិន​នឹង​កិច្ចចរចា​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ប្រើប្រាស់​រូបមន្ត​ចាស់ គឺ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ។ ផ្នែក​សង្គម គឺ​ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​គ្រួសារ និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ ។ ចំណែក​ផ្នែក​សេដ្ឋកិច្ច គឺ​ផ្តោត​លើ​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស និង​ស្ថានភាព​ទីផ្សារ ។

ការ​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​និយោជិត​ក្នុង​វិស័យ​វាយនភ័ណ្ឌ នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែតុលា ហើយ​នៅ​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​ចូល​ជា​ធរមាន ។

បច្ចុប្បន្ន ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៥៣​ដុល្លារ​អា​មេ​រិ​ក​។ ប្រាក់​ឈ្នួល​នេះ​បាន​កើនឡើង​ប្រមាណ​ជាង​១៣​ដុល្លារ បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៦ ។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក កាំ​ង ម៉ូ​នី​កា បាន​ថ្លែង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​ប្រចាំ​របស់​វិស័យ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ព្រោះ​ការ​ដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ​ក្នុង​វិស័យ​នេះ​មែន ប៉ុន្តែ​ផលិតភាព​ក្នុង​វិស័យ​នេះ​មិន​បាន​កើនឡើង​ទេ ដែល​ធ្វើ​ឲ្យ​រោងចក្រ​ជា​សមាជិកសមាគម​ជា​ច្រើន​បាន​បិទទ្វារ​ច្រើន​ជាង​រោងចក្រ​បើក​ថ្មី​នៅ​ក្នុង​ប្រទេស ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ទោះជា​យ៉ាងណា លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា ដើម្បី​បង្កើន​ផលិតភាព អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ គួរ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ជួយ​ឲ្យ​ផលិតភាព​កើនឡើង ខណៈ​ការ​ប្រកួតប្រជែង​កាន់តែ​តានតឹង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ហើយ​រាជរដ្ឋាភិបាល​គួរ​ជួយ​បង្ក​បរិយាកាស​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​វិស័យ​នេះ​នៅ​កម្ពុជា​ផង​ដែរ ។

លោក​បន្ត​ថា ៖« ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ច្រើន​ទេ តែ​ការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល ដល់​វិស័យ​ឯកជន តាម​រយៈ​ការ​មិន​យកពន្ធ​រយៈពេល​៩​ឆ្នាំ គឺជា​ការ​លើកទឹកចិត្ត​មួយ​ចំពោះ​រោងចក្រ​បើក​ថ្មី​នៅ​កម្ពុជា » ៕