ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឡាវ​រ៉ូ​វ ពន្យល់​ហេតុ​អី​អា​មេ​រិ​ក​មិន​ហ៊ាន​វាយប្រហារ​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ថា

សហរដ្ឋ​អា​មេ​រិ​ក​-​រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ថា សហរដ្ឋ​អា​មេ​រិ​ក​នឹង​ពុំ​ហ៊ាន​វាយប្រហារ​កូរ៉េ​ខាងជើង​ឡើយ ព្រោះតែ​ដឹង​ថា ក្រុង​ព្យុ​ង​យ៉ាង​មាន​គ្រាប់បែកនុយក្លេអ៊ែរ ។

ខណៈ​មានការ​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក​ដូ​ណា​ល់ ត្រាំ នឹង​លោក​គី​ម ជុង​អ៊ុ​ន ដែល​មាន​សភាព​កាន់តែ​ខ្លាំង​ឡើង​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​ពី​ជម្លោះ​នុយក្លេអ៊ែរ​ជាយថាហេតុ​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​អះអាង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ពុំ​វាយប្រហារ​ក្រុង​ព្យុ​ង​យ៉ាង​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រុ​ស្ស៊ី NTV លោក​ឡាវ​រ៉ូ​វ ថ្លែង​ថា ពួក​អា​មេ​រិ​ក​នឹង​ពុំ​ហ៊ាន​វាយប្រហារ​កូរ៉េ​ខាងជើង​ឡើយ ព្រោះ​ពួក​គេ​គ្មាន​ការ​សង្ស័យ​តែ​ដឹង​ថា កូរ៉េ​ខាងជើង​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ ។ សម្រាប់​រូប​លោក​យល់​ថា សភាពការណ៍​វា​ពុំ​ដូច​គ្នា​នឹង​សភាពការណ៍​នៅ​អីុរ៉ា​ក់​ឡើយ ។ ពួក​អា​មេ​រិ​ក​ហ៊ាន​វាយប្រហារ​អីុ​រ៉ា​ក់ ដោយសារ​ពួក​គេ​ដឹង​ព័ត៌មាន​គួរ​ឱ្យ​ជឿជាក់​១០០% ថា នៅ​ទីនោះ​ពុំ​មាន​អាវុធ​សម្លាប់​រង្គាល​ណាមួយ​ឡើយ ដូច​ជា​អាវុធ​គីមី​ដែល​ជា​លេស​វាយប្រហារ​ជាដើម ។ លោក​បន្ត​ថា ប្រសិនបើ​ក្រុង​វ៉ា​ស៊ី​ន​តោន​ពុំ​គិតដល់​ការ​វិភាគ​នេះ នោះ​សភាពការណ៍​នឹង​អាច​មាន​របត់​មួយ​ដែល​គេ​ពុំ​អាច​ទាយ​ទុកជា​មុន​បាន ។

លោក​ឡាវ​រ៉ូ​វ គូសបញ្ជាក់​ថា ប្រសិនបើ​សេណា​រី​យ៉ូ​នៃ​ការ​វាយប្រហារ​កូរ៉េ​ខាងជើង​កើត​មាន នោះ​មនុស្ស​យ៉ាងច្រើន​នឹង​រង​គ្រោះ​នៅ​កូរ៉េ​ខាងត្បូង កូរ៉េ​ខាងជើង ជប៉ុន រុ​ស្ស៊ី និង​ចិន ដែល​ស្ថិត​នៅ​ក្បែរ ។ លោក​សន្និដ្ឋាន​ថា ការ​គំរាម​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ព្យុ​ង​យ៉ាង​នឹង​អាច​បញ្ឈប់ តែ​តាម​រយៈ​ការ​បន្ទន់ឥរិយាបថ និង​ការ​បញ្ចុះបញ្ចូល ។

ក្នុង​សុន្ទរកថា​ឯ​មហាសន្និបាត អ​.​ស​.​ប លោក​ត្រាំ គំរាម​កម្ទេច​កូរ៉េ​ខាងជើង​ទាំងស្រុង ចំណែក​ក្រុង​ព្យុ​ង​យ៉ាង​គំរាម​តប​វិញ​ពី​ការ​សាកល្បង​គ្រាប់បែក​អីុ​ដ្រូ​ហ្សែ​ន គឺ​គ្រាប់បែក H ដ៏​ខ្លាំង​បំផុត​មួយ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ៕