ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​រះ​បន្ត​គ្នា​បី​គ្រឿង​អ្នកលក់​ខ្យង​រត់​បាតជើង​ស​ព្រាត​នៅ​ក្រុង​ស្វាយ​រៀង

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រថយន្ត​ហ៊ី​យិ​ន​ដាយ បុក​រថយន្ត​ទូ​រី​ស ប៉ើង​ទៅ​បុក​រថយន្ត​ដឹក​ខ្យង​ក្រឡាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​១

ខេត្តស្វាយរៀង ៖ រថយន្ត​ហ៊ី​យិ​ន​ដាយ បុក​រថយន្ត​ទូ​រី​ស ប៉ើង​ទៅ​បុក​រថយន្ត​ដឹក​ខ្យង​ក្រឡាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ធ្វើ​ឲ្យ​អ្នកលក់​ខ្យង​ភ័យ​ស្លន់ស្លោ រត់​បាតជើង​ស​ព្រាត​រក​ព្រះ​អាយុ​រៀង​ៗ​ខ្លួន សំណាងល្អ​គ្មាន​អ្នក​រង​របួសធ្ងន់ អ្នកបើកបរ​រថយន្ត​ទូ​រី​ស​របួសស្រាល ។ ករណី​គ្រោះថ្នាក់​ចរាចរ​បុក​បន្ត​គ្នា​បី​គ្រឿង​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​០០​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី​ក្បែរ​វិទ្យាល័យ​ស្វាយ​រៀង ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ វ៉ា អ៊​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​អ្នកលក់​ខ្យង មាន​ទីលំនៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក្ត៍ ស្រុក​ពាមរ​ក្ត៍ ខេត្តព្រៃវែង ដែល​នៅ​ក្នុង​ហេតុ​ការ​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើកបរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា គូ​ដ​ស្វិត ស៊េរី​៩១ កែ​ច្នៃ ពាក់​ស្លាក​លេខ ភ្នំពេញ ២E-២៩៣៤ ពណ៌​ស ដឹក​ខ្យង​ពី​ស្រុក​ពាមរ​ក្ត៍

ចំនួន​៣០០​គីឡូក្រាម មក​លក់​បោះ​ឲ្យ​ម៉ូយ​នៅ​ស្វាយ​រៀង ចំណុច​កើតហេតុ​ខាងលើ ខណៈ​ចូល​ចត​លើ​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ និង​កំពុង​លើក​ខ្យង​ថ្លឹង​ឲ្យ​ម៉ូយ បាន​១០០​គីឡូ ស្រាប់តែ​ឃើញ​រថយន្ត​ទូ​រី​ស​១​គ្រឿង ពណ៌​ស ដឹក​ទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ ២AI-៨៩៤០ បើកបរ​ពី​ទិស​ខាងលិច​មក​កើត​យ៉ាង​លឿន ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យិ​ន​ដាយ ព​ណ៍​ស ដឹក​ទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៩៧៥០ បើកបរ​ពី​ទិស​ខាង​កើតមក​លិច បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​មក​ឆ្វេង​ជ្រុល​មក​បុក​រថយន្ត​ទូ​រី​ស​ពីមុខ​ពេញទំហឹង លាន់​ដូច​រន្ទះបាញ់​ស្នូរ​គ្រាំ​ង ប៉ើង​ខ្ទាត​រថយន្ត​ទូ​រី​សម​ក​ក្រោយ​៣​ម៉ែត្រ​ក្រឡាប់​បុក​ទៅ​កិន​លើ​រថយន្ត​របស់​គាត់​ចត​ស្ងៀម​ក្រឡាប់ និង​ធ្វើ​ឲ្យ​រូប​គាត់ និង​ប្រពន្ធ ព្រមទាំង​ម៉ូយ​មក​ទិញ​ខ្យង​ភ័យ​ស្លន់ស្លោ រត់​បាតជើង​ស​ព្រាត​យក​ព្រះ​អាយុ​រៀង​ៗ​ខ្លួន ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

រថយន្ត​បង្ក​ខូចខាត​យ៉ាងដំណំ​ខ្ទេច​កា​ប៊ឺ​នខា​ង​មុខ​ទាំងស្រុង ឬ​ឯ​រថយន្ត​ទូ​រី​ស​ក៏​ខូចខាត​កាប៊ី​នខា​ង​បែក​ខាងឆ្វេង​យ៉ាងដំណំ​ដែរ ចំណែក​រថយន្ត​កា​ម៉ា​រី​គូ​ដ​ស្វិត ខូច​កំ​ពឹត​មួយ​ចំហៀង​ខាងឆ្វេង​ស្រាល ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​អស់​កន្លះ​ម៉ោង ។ ក្រោយមក​នគ​បាល​ចរាចរណ៍​ស្នងការ​នគ​បាល​ខេត្ត​មក​ធ្វើការ​វាស់វែង រួច​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ជើង​គោក​ស្នងកា​នគ​បាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​នីតិវិធី ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច សង្ស័យ​អ្នកបើកបរ​រថយន្ត​បង្ក ម៉ាក​ហ៊ី​យិ​ន​ដាយ ងងុយដេក​ងោក​បាត់បង់​ម្ចាស់​ការ ទើប​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរ​បែប​នេះ ៕