ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​នេសាទ​ក្នុង​សហគមន៍​ត្រពាំង​សង្កែ​ព្រួយបារម្ភ​បាត់​ព្រៃកោងកាង

6 ឆ្នាំ មុន

ខេត្តកំពត ៖ បន្ទាប់​ពី​មាន​គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​មក ប្រជា​នេសាទ​រស់នៅ​ក្នុង​សហគមន៍​ត្រពាំង​សង្កែ​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ

ខេត្តកំពត ៖ បន្ទាប់​ពី​មាន​គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​មក ប្រជា​នេសាទ​រស់នៅ​ក្នុង​សហគមន៍​ត្រពាំង​សង្កែ​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​ពួក​គេ​ទទួល​ដំណឹង​ថា នឹង​មានការ​លុប​ព្រៃកោងកាង​នៅ​តំបន់ឆ្នេរ​នេះ ហើយ​ប្រសិនបើ​លុប​មែន​នឹង​ជួប​បញ្ហា ព្រោះ​ពួក​គេ​សុទ្ធតែ​ពឹង​អាស្រ័យ​លើ​ផល​នេសាទ​សមុទ្រ​នៅ​តំបន់​ព្រៃកោងកាង​នោះ ។

ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ លោក សឹម រ​ហ៊ី​ម បាន​លើក​ឡើង​ថា ប្រជា​នេសាទ​នៅ​ទី​នេះ​សុទ្ធតែ​ក្រីក្រ រៀន​មិន​បាន​ខ្ពស់ និង​មានមុខរ​បរជា​អ្នកនេសាទ ។ ប្រសិនបើ​មានការ​អភិវឌ្ឍ ច្បាស់​ណាស់​ការ​ចំណាកស្រុក​នឹង​កើនឡើង ជា​ពិសេស ប៉ះពាល់​ដល់​កុមារ​នឹង​បោះបង់​សាលា​ជា​មិន​ខាន ។

លោក​ថា ៖« ជាក់ស្ដែង នៅ​ពេល​មិន​ទាន់​បង្កើត​សហគមន៍ គឺ​មានការ​ចំណាកស្រុក​ច្រើន និង​បោះបង់​ការ​រៀនសូត្រ​ផង​ដែរ ។ ការ​ចំណាកស្រុក​របស់​ពួក​គាត់ គឺ​ទៅ​នេសាទ​នៅ​ថៃ ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី​ជាដើម ។ យើង​ដឹង​ហើយ​ថា អ្នកនេសាទ​ទៅ​ណា​ក៏​នេសាទ​ដែរ អីចឹង បើ​យើង​ទុក​តំបន់​នេសាទ​របស់​យើង​ឲ្យ​ពួក​គាត់ គឺ​ល្អ​ជាង កុំ​ឲ្យ​គាត់​ចំណាកស្រុក » ។

យ៉ាងណា​ក៏​ដោយ ប្រធាន​សហគមន៍​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ៖« បើសិនជា​រាជរដ្ឋាភិបាល​មាន​គម្រោង​ប្រគល់​ព្រៃកោងកាង​ឲ្យ​ក្រុមហ៊ុន​មែន​នោះ ព្រៃ​ហ្នឹង​វា​ទៅ​បាត់​ហើយ ប៉ុន្តែ​ដោយសារ​មានការ​គូស​ផែនទី​បន្លំ​ភ្នែក​រាជរដ្ឋាភិបាល​ថា «​អភិវឌ្ឍន៍​» ។ ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ទេ ហើយ​ក៏​មិន​ទាន់​អនុញ្ញាត​ដែរ តែ​នេះ​អាច​ជា​លេស​ដែល​ឈ្មួញ​ខិលខូច​ថា រាជ​រដ្ឋា​ភិបាល​បាន​អនុញ្ញាត » ។

លោក​បន្ត​ថា​៖« យើង​មិន​អាច​ដឹង​ទេ​ថា ក្រុមហ៊ុន​ណា​នោះ ប៉ុន្តែ​ជាក់ស្ដែង​រាល់​ថ្ងៃនេះ គឺ​មានការ​លុប​ព្រៃកោងកាង បោះបង្គោល​ដី​សមុទ្រ លុប​ដែន​នេសាទ ហើយ​នៅ​ពេល​យើង​សួរ​រក​ឯកសារ​ពាក់ព័ន្ធ​នានា គឺ​គ្មាន​ទេ ។ អីចឹង អាច​ជា​ការ​បន្លំ​របស់​អ្នក​ណា​ម្នាក់​ប្រុង​យក​ដី​នេះ​លក់​ឲ្យ​ក្រុមហ៊ុន​ហើយ » ។

បើ​តាម​លោក មូវ ឈាង មេឃុំ​ត្រពាំង​សង្កែ បាន​ឲ្យ​ដឹង​ថា រឿង​ថា​រាជរដ្ឋាភិបាល​លុប​សហគមន៍ ឬ​មាន​ក្រុមហ៊ុន​ណា​មក​ទិញ​ដី​សហគមន៍​នោះ គឺ​លោក​មិន​ដែល​ទទួល​ដំណឹង​នេះ​ឡើយ ព្រោះ​រាល់​ការ​ប្រជុំ​ម្ដង​ៗ គឺ​ខាង​ប្រធាន​សហគមន៍​មិន​លើក​ឡើង​ពី​បញ្ហា​នេះ​សោះ ។

ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​៦០%​ជា​បងប្អូន​មូ​ស្លី​ម និង​៤០%​ជា​ជនជាតិ​ខ្មែរ ។ មូ​ស្លី​ម​នៅ​ទី​នេះ គឺ​ពឹង​ផ្នែក​ទៅ​លើ​ការ​នេសាទ ។ អ្វី​ជា​ផល​ប៉ះពាល់​បំផុត​សម្រាប់​ពួក​គាត់ គឺ​ខ្លាច​ការ​ចំណាកស្រុក ហើយ​នៅ​ពេល​ចំណាកស្រុក នឹង​ហានិភ័យ​អ្វីខ្លះ​កើតឡើង ?

លោក ព្រឿ​ង រចនា អ្នក​ស​ម្រ​សម្រួល​មក​ពី​អង្គការ​សកម្មភាព​យុវជន​កម្ពុជា (Cambodian Youth  Action) បាន​ឲ្យ​ដឹង​ថា ៖« អ្នកនេសាទ​នៅ​ទី​នេះ គឺ​ពឹងផ្អែក​ទៅ​លើ​ការ​នេសាទ បើសិនជា​គាត់​បាត់បង់​ការ​នេសាទ ប្រៀប​បីដូច​ជា​គាត់​បាត់បង់​ឆ្នាំងបាយ​អីចឹង​ដែរ » ។

ការ​ប្រែ​ក្រែស​ហ​គម​ន៍​នេសាទ មក​ជា​តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ វា​ជា​ការ​ល្អ ព្រោះ​ភ្ញៀវ​ទេសចរ​អាច​មក​ទស្សនា ឬ​កម្សាន្ត ហើយ​ចូលរួម​ចំណែក​ស្ដារ​ឡើង​វិញ​នូវ​ព្រៃកោងកាង ព្រោះ​ព្រៃកោងកាង​សំខាន់​ណាស់ មិន​ត្រឹមតែ​មនុស្សលោក​ទេ សូ​ម្បី​តែ​ធម្មជាតិ​ក៏​ត្រូវការ​ដែរ ។

លោក​បន្ត​ទៀត​ថា ៖« បើសិនជា​មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​ផ្សេង​ៗ​នៅ​ទី​នេះ យើង​គួរតែ​សិក្សា​អំពី​ផល​ប៉ះពាល់​ជាក់ស្ដែង​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ឲ្យ​ច្រើន ព្រោះ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​អាច​ថា ចំណេះដឹង​មាន​កម្រិត​នៅឡើយ ។ ថ្មី​ៗ​នេះ យើង​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​កំពុង​តែ​គំរាមកំហែង​ច្រើន​ដល់​សហគមន៍​នៅ​ក្បែរ​នេះ គឺ​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ដែល​ចុះ​ពី​កោះ​ត្រល់​​មក អីចឹង​គេ​ត្រូវការ​ពង្រីក​ដែនដី​ធ្វើ​ជា​សំណង់​ផ្សេង​ៗ ។ ខ្ញុំ​ទទួលស្គាល់​ថា ពិតជា​មាន​ចំណូល​ថ្មី តម្រូវការ​ការងារ​នឹង​មាន​ច្រើន តែ​សួរ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នឹង​ទទួល​បានការ​ងារ​ប៉ុន្មាន​ភាគរយ ? នេះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​សិក្សា​បន្ថែម » ។

ទោះបីជា​មានការ​អភិវឌ្ឍ​ព្រៃកោងកាង​ពី​សហគមន៍​ត្រពាំង​សង្កែ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​មាន​តំបន់​មួយ​ចំនួន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍ គឺ​មានការ​កាប់ និង​លុប​ព្រៃកោងកាង​ជា​ហូរហែ​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អ្នកនេសាទ​ព្រួយបារម្ភ​ចំពោះ​ការ​នេសាទ​របស់​ពួក​គាត់ ដោយសារ​តែ​បាត់បង់​ជម្រក​ត្រី ។

លោក មូ សើ អ្នកនេសាទ​នៅ​តំបន់​ត្រពាំង​សង្កែ បាន​ឲ្យ​ដឹង​ថា ការ​នេសាទ​របស់​ប្រជា​សហគមន៍​នេះ គឺ​ពឹង​អាស្រ័យ​លើ​ព្រៃកោងកាង តែ​ឥឡូវ ព្រៃ​នៅ​ត្រពាំង​សង្កែ​មាន​ទំហំ​ប្រហែល​៥០​ហិ​កតា លាតសន្ធឹង​ពី​សហគមន៍​ត្រពាំង​សង្កែ​ទៅ​កែប​ថ្មី និង​ត្រពាំងរ​ពៅ វា​អស់​ទៅ​ហើយ ។

យ៉ាងណា​ក៏​ដោយ ប្រជា​នេសាទ​នៅ​សហគមន៍​នេះ​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ទាំងអស់​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ មុន​នឹង​សាងសង់​អ្វីមួយ សូម​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ ហើយ​គម្រោង​ទាំងនោះ​នឹង​ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ។

ទាក់ទង​នឹង​ការ​សាងសង់​កំពង់​ផែ​ទេសចរណ៍​នេះ លោក ចាន់ ជេ​ស្ដា អភិបាល​ខេត្តកំពត ធ្លាប់​បញ្ជាក់​ថា ផែ​ទេសចរណ៍​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​មក​ប្រទេស​ជាតិ​ទាំងមូល ហើយ​វា​នឹង​ផ្ដល់​ការងារ​កាន់តែ​ច្រើន​លើ​វិស័យ​ទេសចរណ៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​ក៏​បាន​បន្ថែម​ថា តាម​រយៈ​កំពង់​ផែ​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​នឹង​ស្រូប​យក​ភ្ញៀវ​ទេសចរ​អឺរ៉ុប​កាន់តែ​ច្រើន​ផង​ដែរ ព្រោះ​កំពង់​ផែ​នេះ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវ​ទេសចរ​ពី​ខេត្តកំពត ទៅ​កោះត្រល់ ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ ។

គួរ​រំឭក​ថា កំពង់​ផែ​ទេសចរណ៍​ថ្មី​មួយ​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ ។

បើ​តាម​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ថ្លែង​ថា កំពង់​ផែ​នេះ​នឹង​ជួយ​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ពិសេស ប្រទេស​វៀតណាម និង​ថៃ តាម​រយៈ​ភ្ជាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​តាម​កប៉ាល់​លឿន ឬ​កប៉ាល់​ទេសចរណ៍​ខ្នាត​ធំ ។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​បន្ត​ថា ទំហំ​វិសាលភាព​នៃ​កំពង់​ផែ​នេះ នឹង​មាន​លទ្ធភាព​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​បាន​ចំនួន​១,៥​លាន​នាក់​ក្នុង​១​ឆ្នាំ ។ ក្នុង​គម្រោង​សាងសង់​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ផង​ដែរ ក្នុង​នោះ វា​អាច​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ដែល​មាន​បំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូច​ជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​ជាដើម ៕