ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ទៅ​លេង​ខេត្តសៀមរាប​ច្រើន​ជាងគេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​នៅ​កម្ពុជា មាន​

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​នៅ​កម្ពុជា មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​ជាង​ឆ្នាំ​មុន ក្នុង​នោះ​ខេត្តសៀមរាប​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ជាងគេ តាម​ពីក្រោយ​ដោយ​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​តួលេខ​ក្រសួងទេសចរណ៍​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តំបន់​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន​១​លាន​៥​ម៉ឺន​នាក់ មាន​កំណើន​ប្រមាណ​ជិត​១៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ប្រមាណ​១​លាន​១​ម៉ឺន​នាក់ ។

តួលេខ​ដដែល​បញ្ជាក់​ទៀត​ថា សៀមរាប គឺជា​ខេត្ត​ទេសចរណ៍​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សរុប​ជាង​១៤​ម៉ឺន​៣​ពាន់​នាក់ ខណៈ​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​៩​ម៉ឺន​២​ពាន់​នាក់ ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​ដឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា និង​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស នៅ​ពេល​មានបុណ្យ​ទាន​ម្ដង​ៗ​ដូច​ជា ព្រឹត្តិការណ៍​ចូល​ឆ្នាំ​សកល ចូល​ឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ។ 

លោក​បន្ត​ថា នៅ​ពេល​ភ្ញៀវ​សម្រុក​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ម្ដង​ៗ តែងតែ​ខ្វះខាត​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​សម្រាប់​ភ្ញៀវ ។ កត្តា​ទាំងនេះ មន្ទីរ​ទេសចរណ៍ និង​ថ្នាក់ដឹកនាំ​ខេត្ត​បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ណា​ដែល​នៅ​សល់​បន្ទប់ ហើយ​មាន​បំណង​ចង់រក​ប្រាក់​ចំណូល​បន្ថែម​ទៀត​អាច​ប្រាប់​មក​មន្ទីរ​ទេសចរណ៍ ដើម្បី​ឱ្យ​មន្ទីរ​ប្រកាស​ដល់​ភ្ញៀវ​ដែល​គ្មាន​កន្លែង​ស្នាក់​នៅ អាច​ស្នាក់​បណ្ដោះអាសន្ន​បាន ។

លោក​ថា ៖« រឿង​ខ្វះ​បន្ទប់​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​មក​លេង​នៅ​ខេត្ត​ព្រះ​សីហ​នុ មិនមែន​ទើបតែ​កើតឡើង​នៅ​ពេល​ថ្មី​ៗ​ដូច​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​មួយ​ចំនួន​ថា ចិន​បាន​ជួល​ផ្ទះសំណាក់ និង​សណ្ឋាគារ​បើក​កាស៊ីណូ​ទេ គឺ​បញ្ហា​នេះ​បាន​កើតឡើង​យូរ​មក​ហើយ ហើយ​ការ​វិនិយោគ​ទៅ​លើ​សណ្ឋាគារ និង​ផ្ទះសំណាក់​ក៏​មាន​ជា​ហូរហែ​ដែរ តែ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​គ្រប់គ្រាន់ » ។

លោក​បន្ថែម​ថា បច្ចុប្បន្ន បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ សរុប​មាន​ចំនួន​ជាង​១​ម៉ឺន​បន្ទប់ ប៉ុន្តែ​ភ្ញៀវ​ទៅ​ទស្សនា​រាប់​ម៉ឺន​នាក់ ។ ដូចនេះ នៅ​ថ្ងៃ​អនាគត មន្ទីរ​ទេសចរណ៍ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងមូល​នឹង​សាងសង់​បន្ទប់​ស្នាក់​នៅ​បណ្ដោះអាសន្ន ដោយ​ស្វែងរក​ដី​ទំនេរ​សង់​ជា​រោង​ហើយ​បាំង​ជា​បន្ទប់​ៗ រួច​ត​បណ្ដាញទឹក​ភ្លើង​សម្រាប់​ទទួលភ្ញៀវ​មក​លេង​នៅ​រដូវ​បុណ្យ​ទាន​ម្ដង​ៗ​ដូច​ជា បុណ្យចូលឆ្នាំ​សកល ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​បន្ទប់​មួយ​គ្រា​ៗ រួច​ហើយ​រុះរើ​ទុក​វិញ និង​ចាំ​សង់​ពេល​មានបុណ្យ​ទាន​ម្ដងទៀត ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​បាន​បញ្ជាក់​ថា ៖« ឆ្នាំ​នេះ ក្រុមការងារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​បាន​ដាក់​តម្រៀប​គ្នា​នៅ​តាម​តំបន់​គោលដៅ​នានា​ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ដល់​ភ្ញៀវ​ទេសចរ​ដែល​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ឆ្នាំ​នេះ មិន​មាន​បាតុភូត​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ » ។

គួរ​បញ្ជាក់​ថា ខេត្ត​ផ្សេង​ៗ​ទៀត​ជា​គោលដៅ​ទេសចរណ៍​ដូច​ជា ខេត្តបាត់ដំបង កំពត បន្ទាយ​មាន​ជ័យ កំពង់ធំ រតនគិរី និង​ក្រចេះ ក៏​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ច្រើន​ដែរ ដោយសារ​តែ​តំបន់​ទាំងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្អាត​ល្អ ភ្ជាប់​ពី​ផ្លូវជាតិ​ទៅ​ដល់​រមណីយដ្ឋាន​ទេសចរណ៍​តែ​ម្ដង ទើប​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​នៅ​ទីនោះ ខណៈ​តំបន់​រមណីយដ្ឋាន​ផ្សេង​ទៀត ដែល​កាលពីមុន​មាន​កំណើន​ភ្ញៀវ​ច្រើន​នោះ​បាន​ធ្លាក់​ចុះ ពីព្រោះ​ពួក​គេ​ស្វែងរក​តំបន់​ថ្មី​ៗ​សម្រាប់​កម្សាន្ត ៕