ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP ចង់​ឲ្យ​មាន​វត្តមាន​លោក​ កឹ​ម សុខា ​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​នៅ​ពេលខាង​មុខ​នេះ​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ទាមទារ​ឲ្យ​មាន​វត្តមាន​លោក​ ​កឹ​ម សុខា ប្រធាន​បក្ស​ប្រឆាំង​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី

​រាជធានី​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ទាមទារ​ឲ្យ​មាន​វត្តមាន​លោក​ ​កឹ​ម សុខា ប្រធាន​បក្ស​ប្រឆាំង​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​២៦ ​ខែកញ្ញា ខាង​មុខ​នេះ​។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ខាង​ពន្ធនាគារ​អះអាង​ថា កា​រប​ញ្ជូ​ន​មេ​បក្ស​ប្រឆាំង​រូប​នេះ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ​គឺ​ពិបាក​ក្នុង​ការ​ថែរក្សា​សន្តិសុខ ពេល​បញ្ជូន​ជនសង្ស័យ​មក​ចូលរួម​សវនាការ​ខាង​មុខ​នេះ ។​

យោង​តាម​សេចក្តីថ្លែងការណ៍​របស់ CNRP បាន​បង្ហាញ​ជំហរ​ចង់​ឲ្យ​មាន​វត្តមាន​លោក​ កឹ​ម សុខា ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។ សាលា​ឧទ្ធរណ៍​នឹង​បើក​សវ​នា​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា  ឆ្នាំ​២០១៧ ដើម្បី​ដេញដោល​លើ​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក កឹ​ម សុខា ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៣​ កញ្ញា ​បាន​បន្ត​ថា ​យោង​តាម​លិ​ខិតរបស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លេខ​៨៣៣ ល​.​ស ចុះ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ ផ្ញើ​ជូន​អគ្គ ព្រះ​រាជ​អាជ្ញា​សាលាឧទ្ធរណ៍ ដោយ​​បាន​លើក​ហេតុផល​អំពី​ការ​ព្រួយបារម្ភ​ចំពោះ​សន្តិសុខ សុ​វត្តិភាព​ក្នុង​ពេលដឹកជញ្ជូន ​និង​ក្នុង​ពេល​មាន​វត្ត​មាននៅ​ក្នុង​សាលាឧទ្ធរណ៍  ដែល​ហេតុផល​នេះ​ត្រូវ​បាន​យក​ជា​លេស​ក្នុង​ការ​ធ្វើ​សវនាកា​ដោយ​គ្មាន​វត្តមាន​លោក​ កឹ​ម សុខា ។ ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មេធាវី​ការពារ​ក្តី បាន​ឲ្យ​ដឹង​ថា លោក កឹ​ម សុខា មាន​បំណង​យ៉ាង​មុត​មាំ​ចូល​រួម​នៅ​ក្នុង​សវនាការ​ខាងលើ​ស្រប​តាម​នីតិវិធី​ដែល​បាន​កំណត់ ។​

បើ​យោង​តាម​លោក ទូច ថា​រិ​ទ្ធិ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​អះអាង​ថា​ តាម​ស្មារតីសាលាឧទ្ធរណ៍ គឺ​ចង់ឱ្យ​មាន​វត្តមាន​ជន​ត្រូវ​ចោទ កឹ​ម សុខា ចូលរួម​សវនាការ​ខាង​មុខ​នេះ​ដែរ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ប្រសិនបើ​គ្មាន​វត្តមាន​ជន​ត្រូវ​ចោទ​នៅ​ថ្ងៃ​នោះ ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ ព្រោះ​ជា​សវនាការ​មុន អង្គសេចក្តីពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ ៕